រាជធានីភ្នំពេញ៖ សាលារាជធានីភ្នំពេញបានបញ្ជាក់ថា អាជ្ញាធររាជធានី នឹងមិនផ្លាស់ប្តូរជំហររបស់ខ្លួនទេ ក្នុងការរៀបចំដងទន្លេឲ្យមានសណ្តាប់ធ្នាប់ និងបរិស្ថាន ខណៈដែល នៅសល់តែមួយថ្ងៃទៀតប៉ុណ្ណោះ ឱសានវាទនៃការរុះរើ ឬចល័តផ្ទះទឹក និងបែចិញ្ចឹមត្រីនៅតាមដងទន្លេ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ នឹងដល់ថ្ងៃកំណត់។
លោក ម៉េត មាសភក្តី អ្នកនាំពាក្យសាលារាជធានីភ្នំពេញ នៅថ្ងៃអង្គារនេះថា សមត្ថកិច្ចនឹងចុះអនុវត្តវិធានការរដ្ឋបាល រុះរើសំណង់មិនរៀបរយ ផ្ទះបណ្តែតទឹក បែចិញ្ចឹមត្រីជាដើម នៅលើផ្ទៃទឹកក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ដោយមិនទទួលខុសត្រូវរាល់ការខូចខាត ឬបាត់បង់ណាមួយឡើយ ចំពោះអ្នកដែលមិនគោរពតាមសេចក្តីជូនដំណឹងរបស់សាលារាជធានី។
គួរជម្រាបថា កាលពីពេលថ្មីៗនេះ លោក វូ វាន ដាន អាយុ៦៧ឆ្នាំ បានអះអាងថា លោកគឺជាមេភូមិតំណាងឱ្យពលរដ្ឋវៀតណាមជាង៨០គ្រួសារ ដែលកំពុងរស់នៅលើផ្ទះបណ្ដែតទឹកនៅដងទន្លេបាសាក់ ស្ថិតនៅខាងមុខវត្តព្រែកប្រា សង្កាត់ព្រែកប្រាខណ្ឌច្បារអំពៅ។ កាលពីថ្ងៃសៅរ៍ទី៥មិថុនានេះ លោកបានប្រមូលយកប័ណ្ណស្នាក់នៅអចិន្ត្រៃយ៍របស់ជនអន្តោប្រវេសន្តវៀតណាមទាំងនេះ ដើម្បីដាក់ទៅខាងសមាគមវៀតណាមនិងទៅស្ថានទូតវៀតណាមប្រចាំកម្ពុជា ដើម្បីឱ្យជួយអន្តរាគមន៍ទៅកាន់រដ្ឋាភិបាលខ្មែរ ក្នុងការពិចារណាអនុញ្ញាតឱ្យក្រុមពលរដ្ឋរបស់លោក អាចបន្តរស់នៅលើទន្លេរហូតរយៈពេល៦ខែទៀត ឬដល់បំណាច់ឆ្នាំ២០២១នេះ បន្ទាប់ពីសាលារាជធានីភ្នំពេញបានកំណត់ឱ្យពលរដ្ឋមានផ្ទះនិងបែចិញ្ចឹមត្រីនៅក្នុងទន្លេត្រូវរុះរើចេញឱ្យអស់ក្នុងអំឡុងត្រឹមតែមួយសប្ដាហ៍ ៕