Connect with us

ព័ត៌មានជាតិ

ប្រធានព្រឹទ្ធសភាកម្ពុជា ស្នើដល់ឯកអគ្គរដ្ឋទូតឆែកជំរុញការផ្លាស់ប្តូរពាណិជ្ជកម្មការវិនិយោគនិងភ្ញៀវទេសចរ

(ភ្នំពេញ)÷ ប្រធានព្រឹទ្ធសភាកម្ពុជា បានស្នើដល់ឯកអគ្គរដ្ឋទូតឆែកជំរុញការផ្លាស់ប្តូរពាណិជ្ជកម្ម ការវិនិយោគ និងភ្ញៀវទេសចររបស់ខ្លួនឱ្យមកកម្ពុជាក្រោយបញ្ចប់ជំងឺកូវីដ១៩ ដើម្បីជាគុណប្រយោជន៍ដ៏សំខាន់សម្រាប់សង្គមជាតិ និងប្រជាជន នៃប្រទេសទាំងពីរ ទាំងពេលបច្ចុប្បន្ន និងទៅអនាគត។

ក្នុងឱកាសអនុញ្ញាតឱ្យឯកឧត្តម Martin Vávraឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃ សាធារណរដ្ឋឆែកថ្មីប្រចាំកម្ពុជា ចូលជួបធ្វើសវនាការ និងសម្តែងការគួរសម នៅវិមានព្រឹទ្ធសភានាព្រឹក នាថ្ងៃទី០៨ ខែមិថុនានេះ សម្តេចវិបុលសេនាភក្តីសាយ ឈុំ ប្រធានព្រឹទ្ធសភាកម្ពុជាបានសម្តែងការស្វាគមន៍ឯកឧត្តមដែលទទួលបានការតែងតាំងជាឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋឆែកប្រចាំកម្ពុជា ។

សម្ដេចសង្ឃឹមថា តាមរយៈបេសកកម្មការទូតនេះ ឯកឧត្តមឯកអគ្គរដ្ឋទូត នឹងខិតខំលើកកម្ពស់ទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេសទាំងពីរដែលមានតាំងពីយូរលង់ណាស់មកហើយ ។សម្តេចវិបុលសេនាភក្តីបានកត់ សម្គាល់ឃើញថា ប្រទេសទាំងពីរមានសក្តានុពលខាងការវិនិយោគ ការផ្លាស់ប្តូរពាណិជ្ជកម្ម ក៏ដូចជាវិស័យទេសចរណ៍។ តាមរយៈបេកសកម្មការទូតរបស់ឯកឧត្តមនៅព្រះរាជាណាចក្រកម្ពុជា សម្តេចបានស្នើដល់ឯកឧត្តមឯកអគ្គរដ្ឋទូតជួយជំរុញការផ្លាស់ប្តូរពាណិជ្ជកម្មនិងការវិនិយោគនៅព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាការលើកទឹកចិត្តប្រជាជនឆែកមកទស្សនានៅកម្ពុជាបន្ថែមទៀត ជាពិសេសក្រោយពេលដែលជំងឺកូវីដ-១៩ត្រូវបានបញ្ចប់។

ជាការឆ្លើយតប ឯកឧត្តមឯកអគ្គរដ្ឋទូតបានបញ្ជាក់ថា តាមរយៈ បេកសកកម្មការទូតរបស់ឯកឧត្តមនៅព្រះរាជាណាចក្រកម្ពុជា ឯកឧត្តមនឹងខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្តក្នុងការពង្រឹងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរបន្ថែមទៀត ជាអាទិ៍៖ វិស័យសេដ្ឋកិច្ច ការផ្លាស់ប្តូរដំណើរទស្សនកិច្ចគ្នាទៅវិញទៅមក ជាពិសេសជំរុញអ្នកទេសចរឆែកមកទស្សនានៅប្រទេសកម្ពុជាឱ្យកាន់ច្រើនថែមទៀត។

ក្នុងឱកាសនោះ សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានថ្លែងអំណរគុណចំពោះប្រជាជន និង រដ្ឋាភិបាលសាធារណរដ្ឋឆែក ដែលបានរួមចំណែកដ៏ថ្លៃថ្លាជួយអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់ព្រះរាជាណាចក្រកម្ពុជា តាមរយៈ ការផ្តល់ជំនួយ លើវិស័យសុខាភិបាល អប់រំមនុស្សធម៌និងវិស័យថាមពលកកើតឡើងវិញ។ក្នុងនោះដែររដ្ឋាភិបាលនៃសាធារណរដ្ឋឆែកក៏បានជួយបណ្តុះបណ្តាលធនធានមនុស្សដល់ព្រះរាជាណាចក្រកម្ពុជាតាមរយៈការផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជាបានទៅសិក្សានៅសាធារណរដ្ឋឆែកចាប់តាំងពីឆ្នាំ១៩៧៩ ដោយមាននិស្សិតកម្ពុជាប្រមាណ៣០០នាក់ ហើយនិស្សិតទាំងអស់នោះបានកំពុងក្លាយជាកម្លាំងដ៏រឹងមាំក្នុងការកសាងសង្គម-សេដ្ឋកិច្ចកម្ពុជាតាំងពីពេលមុនរហូតបច្ចុប្បន្ន និងតទៅអនាគតផងដែរ៕

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Facebook