រាជធានីភ្នំពេញ៖ អាជ្ញាធរខណ្ឌដូនពេញនឹងប្រើធម៌ក្តៅ ស្ទូចយកផាកពិន័យចំពោះក្រុមរថយន្តណាដែលហ៊ានដាក់តាំងលក់(រថយន្តគួកជេរ)នៅតាមចិញ្ចើមផ្លូវ ឬទ្រូងផ្លូវសាធារណៈតទៅទៀត នៅក្នុងមូលដ្ឋានខណ្ឌដូនពេញ ក្រោយពីទុកឱកាសរយៈពេល៣ថ្ងៃនេះទៀត នេះបើតាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាលខណ្ឌដូនពេញលេខ ០១៣/១៨ សណន ចុះថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៨ របស់រដ្ឋបាលរាជធានីភ្នំពេញ ស្ដីពីការ រៀបចំសណ្តាប់ធ្នាប់តាមដងផ្លូវ និងការប្រើប្រាស់ចិញ្ចើមផ្លូវសាធារណៈទាំងអស់ ក្នុងភូមិសាស្ត្ររាជធានី ភ្នំពេញ។
រដ្ឋបាលខណ្ឌដូនពេញ កន្លងមកបានចុះអនុវត្តការរៀបចំសណ្តាប់ធ្នាប់ និងរបៀបរៀបរយនៅលើទ្រូងផ្លូវ និងចិញ្ចើមផ្លូវសាធារណៈបានស្អាតជាប្រចាំ។ ប៉ុន្តែនៅក្រោយពេលបញ្ចប់ការបិទខ្ទប់រាជធានីភ្នំពេញមក រដ្ឋបាលខណ្ឌ បានសង្កេតឃើញថា មានបងប្អូនប្រជាពលរដ្ឋមួយចំនួនតូច បានយករថយន្តមកដាក់តាំងលក់នៅលើទ្រូងផ្លូវ និងចិញ្ចើមផ្លូវសាធារណៈ ដែលធ្វើឱ្យបាត់បង់សោភ័ណភាព សណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈ និងបណ្តាលឱ្យមាន ការកកស្ទះចរាចរណ៍តាមដងផ្លូវយ៉ាងខ្លាំង។
ដូច្នេះរដ្ឋបាលខណ្ឌដូនពេញ សូមជូនដំណឹងដល់លោក-លោកស្រី ឱ្យបានជ្រាបថា ដើម្បីរក្សាបាននូវ សណ្តាប់ធ្នាប់ របៀបរៀបរយ សោភ័ណភាព និងជាប្រយោជន៍សាធារណៈ រដ្ឋបាលខណ្ឌដូនពេញ សម្រេចដាក់ចេញជាគោលការណ៍ដូចខាងក្រោម៖
១.មិនអនុញ្ញាតឱ្យមានការដាក់តាំងលក់ និងចតរថយន្តគ្រប់ប្រភេទនៅលើទ្រូងផ្លូវ និងចិញ្ចើមផ្លូវសាធារណៈ ជាដាច់ខាត ចាប់ពីពេលនេះតទៅ។ ២.រដ្ឋបាលខណ្ឌដូនពេញទុករយៈពេល ០៣ថ្ងៃ គិតចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់ថ្ងៃទី ១២ ខែមិថុនា ឆ្នាំ២០២១ ដើម្បីឱ្យលោក-លោកស្រីយករថយន្តចេញពីទីតាំងខាងលើនេះជាកំហិត។ ៣. ក្នុងករណី លោក-លោកស្រី នៅតែមិនអនុវត្តតាមសេចក្តីជូនដំណឹង ក៏ដូចជាការណែនាំរបស់រដ្ឋបាលខណ្ឌដូនពេញទេ នោះរដ្ឋបាលខណ្ឌដូនពេញនឹងចុះអនុវត្តវិធានការរដ្ឋបាល ដោយមិនទទួលខុសត្រូវរាល់ការខូចខាតបាត់បង់ទ្រព្យសម្បត្តិលោក-លោកស្រីឡើយ។
ក្រោយពីទទួលបានសេចក្ដីជូនដំណឹងនេះ យើងខ្ញុំសង្ឃឹមយ៉ាងមុតមាំថា លោក-លោកស្រី នឹងសហការជាមួយរដ្ឋបាខណ្ឌដូនពេញ ក្នុងការអនុវត្តឱ្យមានប្រសិទ្ធភាព៕
