Connect with us

ព័ត៌មានជាតិ

អាជ្ញាធរជាតិអប្សរា មមាញឹកស្តារពើកនៅកសិន្ធុខាងលិច នៃក្រុងអង្គរធំ

(សៀមរាប)៖ក្រុមការងារនាយកដ្ឋានគ្រប់គ្រងទឹកនៃអាជ្ញាធរជាតិអប្សរា បាននិងកំពុងមមាញឹកក្នុងការងារស្តារពើកស្មៅដ៏ក្រាស់ៗ ដែលកកើតឡើងដោយសាររុក្ខជាតិតូចៗក្នុងទឹក ដូចជាកំប្លោក ស្លែរ កកនៅក្នុងទឹករយៈពេលយូរឆ្នាំមកហើយនៅក្នុងកសិន្ធុខាងលិចក្រុងអង្គរធំដែលមុនពេលមានសកម្មភាពស្តារពើកស្មៅនេះស្ថានភាពទឹកកសិន្ធុខាងលិចនេះ មើលទៅស្ទើតែមិនឃើញផ្ទៃទឹកសោះ តែពេលនេះប្រែមកជាស្រស់ស្អាតឡើងវិញបណ្តើៗហើយ ព្រោះតែការយកចិត្តទុកដាក់ថែទាំរបស់អាជ្ញាធរជាតិអប្សរា។

លោក ញ៉ែម រស្មី មន្រ្តីបច្ចេកទេស នៃនាយកដ្ឋានគ្រប់គ្រងទឹករបស់អាជ្ញាធរជាតិអប្សរាបានឱ្យដឹងនៅថ្ងៃ១៤រោច ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃពុធ ទី០៩ ខែមិថុនាឆ្នាំ២០២១ថា ចាប់តាំងពីថ្ងៃអនុវត្តន៍ការងារស្តារពើកជំហានដំបូង នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១ រហូតមកដល់បច្ចុប្បន្ននេះ ក្រុមការងាបានធ្វើការងារស្តារពើកស្មៅ បានចំនួនជាង១៥.០០០ម៉ែត្រក្រឡាហើយ ពោលគឺអាចបញ្ចប់ក្នុងរយៈពេល៣ខែខាងមុខ បើសិនជាមិនមានបញ្ហារាំងស្ទះណាមួយកើតឡើង។

លោក ញ៉ែម រស្មី បានបញ្ជាក់ថា ការងារនេះមិនអាចធ្វើលឿនទៅបានដោយសារពើកមានសភាពក្រាស់ធ្ងន់និងមានសត្វអាសិរពិសនិងសត្វឈ្លើងនៅក្នុងពើកដែលជាបញ្ហាប្រឈមខ្លះៗសម្រាប់ក្រុមការងារចុះកាប់ពើក។

មន្រ្តីបច្ចេកទេសដដែល បានបន្តឱ្យដឹងទៀតថាក្រោយពេលការងារស្តារពើក ស្មៅដ៏ក្រាស់នេះរួចរាល់ យើងរំពឹងថាបរិស្ថាននិងសោភណភាពនៅបរិវេណកសិន្ធុខាងលិចនៃក្រុងអង្គរធំ នឹងប្រែជាស្រស់ស្អាតឡើងវិញហើយក៏ជាទីទាក់ទាញភ្ញៀវទេសចរមកកម្សាន្តនៅទីនោះដែរ។

លោកក៏បានឱ្យដឹងផងដែរថា ការងារស្ដារពើកជាជំហានដំបូងនេះ ធ្វើឡើងដោយអាជ្ញាធរជាតិអប្សរា ក្រោមគំនិតផ្តួចផ្តើមនិងជួយឧបត្ថម្ភ ដោយលោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច លោកជំទាវ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងជាប្រធានក្រុមប្រឹក្សាភិបាលអាជ្ញាធរជាតិអប្សរា ព្រមទាំងលោកជំទាវឧកញ៉ា នាងវិសាខា អគ្គមហាឧបាសិកា ពុទ្ធសាសនូបត្ថម្ភក៍ កិតិ្តបណ្ឌិត សៀង ចាន់ហេង អគ្គនាយិកាក្រុមហ៊ុនហេងអភិវឌ្ឍន៍ និងសប្បុរសជនមួយចំនួនទៀត៕

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Facebook