Connect with us

ព័ត៌មានសេដ្ឋកិច្ច

ផ្លែស្វាយស្រស់កម្ពុជាដែលនាំចេញទៅកាន់ប្រទេសចិន បានដឹកជញ្ជូនដល់ទីផ្សារនៃតំបន់ប៉េកាំង–តំបន់ធានជីន–តំបន់ហឺប៉ី

ថ្មីៗនេះ “ពិធីទទួលផ្លែស្វាយស្រស់កម្ពុជាដែលនាំចេញទៅកាន់ប្រទេសចិន”ត្រូវបានធ្វើឡើងនៅ “សួនឡូជីស្ទីកកសិផលក្នុងតំបន់អភិវឌ្ឍន៍ថ្មីហឺប៉ីសូវហឺង” នៅទីក្រុងកាវប៉ីទាន ក្រុងបាវទីង ខេត្តហឺប៉ី ដែលមានការចូលរួមពីស្ថានទូតកម្ពុជាប្រចាំនៅប្រទេសចិន និងក្រុមប្រឹក្សាធុរកិច្ចចិន–អាស៊ាន។

ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសចិន លោកជំទាវ ខែក កែមាលី ស៊ីសូដា មានប្រសាសន៍ថា ការទទួលស្វាគមន៍ផ្លែស្វាយស្រស់ដំបូងបង្អស់របស់កម្ពុជាដែលបាននាំចេញទៅកាន់ប្រទេសចិន គឺជាសមិទ្ធផលថ្មីនិងជាព្រឹត្តិការណ៍សំខាន់មួយទៀតសម្រាប់ចំណងមិត្តភាពដែកថែបរវាងរដ្ឋាភិបាល និងប្រជាជនទាំងពីរប្រទេស នឹងផ្តល់អត្ថប្រយោជន៍សេដ្ឋកិច្ចកាន់តែច្រើនជូនដល់កសិករកម្ពុជា។

ភាគីទាំងពីរកម្ពុជា និងចិនអាចពិភាក្សាលើការនាំចូលកសិផលកម្ពុជាជាច្រើនទៀតមកកាន់ទីផ្សារនៃប្រទេសចិន ដូចជាផ្លែមៀន ផ្លែទុរេន ផ្លែស្រកានាគ និងសំបុកត្រចៀកកាំជាដើម។ តាមប្រភពព័ត៌មានបានឱ្យដឹងថា នាខែមិថុនា ឆ្នាំ២០២០ ប្រទេសចិននិងប្រទេសកម្ពុជាបានចុះហត្ថលេខា និងផ្លាស់ប្តូរពិធីសារស្តីពីការត្រួតពិនិត្យលក្ខខណ្ឌភូតគាមអនាម័យដែលនាំចេញទៅកាន់ប្រទេសចិនលើផលិតផលផ្លែស្វាយស្រស់របស់កម្ពុជា ។

ថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២១ ពិធីសម្ពោធការនាំចេញផ្លែស្វាយស្រស់របស់កម្ពុជាទៅកាន់ប្រទេសចិនត្រូវបានធ្វើឡើងនៅភ្នំពេញ តាមរយៈពិធីសម្ពោធផ្ទាល់ និងVideo Conference។ ផ្លែស្វាយគឺជាផ្លែឈើស្រស់ទី២របស់កម្ពុជាដែលអាចនាំចេញទៅប្រទេសចិនដោយផ្ទាល់បន្ទាប់ពីផ្លែចេក។

លោក ស៊ូ នីងនីង ប្រធានក្រុមប្រឹក្សាភិបាលប្រតិបត្តិការនៃក្រុមប្រឹក្សាធុរកិច្ចចិន-អាស៊ាន បានបញ្ជាក់ថា ផ្លែស្វាយស្រស់កម្ពុជានាំចេញទៅកាន់ទីផ្សារប្រទេសចិន ទទួលបានអត្ថប្រយោជន៍ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដែលប្រទេសទាំងពីរ ចិននិងកម្ពុជា បានចុះហត្ថលេខារួមគ្នា ។

កិច្ចព្រមព្រៀងនេះ មិនត្រឹមតែនាំមកនូវផលប្រយោជន៍ដល់ការស្តារសេដ្ឋកិច្ច ការអភិវឌ្ឍវិស័យកសិកម្មប៉ុណ្ណោះទេ ថែមទាំងទាក់ទាញសហគ្រាសចិនមកបណ្តាក់ទុនវិនិយោគនៅកម្ពុជាទៀតផងក្រោយបញ្ចប់ការរីករាលដាលនៃជំងឺកូវីដ-១៩ នៅប្រទេសកម្ពុជា។

សួនឡូជីស្ទីកកសិផលតំបន់អភិវឌ្ឍន៍ថ្មីហឺប៉ីសូវហឺង ដែលជាគម្រោងដាក់ឱ្យដំណើរការលើកទី ១ នៃយុទ្ធសាស្រ្តអភិវឌ្ឍរួមក្នុងតំបន់ប៉េកាំង–ធានជីន–ហឺប៉ី បានចាប់ផ្តើមផលិតកម្មនិងប្រតិបត្តិការជាផ្លូវការ នាថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៥។

សព្វថ្ងៃនេះ ពាណិជ្ជករនិងសហគ្រាសដែលធ្វើការលក់ដូរនិងផ្តល់សេវាកម្មក្រៅតំបន់ បានវិនិយោគនៅសួននេះចំនួន ៧៣០០ ក្រុមហ៊ុន។ សួនឧស្សាហកម្មនេះមានអាជីវកម្មជាង ៣៦០ ប្រភេទ គ្របដណ្តាប់ ខេត្តនិងក្រុងចំនួន ១៣ ។ នៅឆ្នាំ ២០២០ បានសម្រេចបរិមាណដោះដូរចំនួនប្រមាណ ១១ លានតោន ស្មើនឹងទឹកប្រាក់ ៧៦ ពាន់លាន យ័ន ដែលបានក្លាយជាគម្រោង“បណ្តុំកសិផល”ជាក់ស្តែងក្នុងតំបន់ប៉េកាំង–ធានជីន–ហឺប៉ី៕

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Facebook