(កំពត)៖ ឆ្នាំនេះខេត្តកំពត បានបញ្ចប់ការប្រមូលអំបិលបានជាង៧០០០០តោន ដែលតិចជាងឆ្នាំមុន ប៉ុន្តែបរិមាណនេះ គឺអាចធានាតម្រូវការប្រើប្រាស់ ក្នុងស្រុកបានគ្រប់ចំនួន ខណៈដែលអំបិលនាំចូលនៅសល់ក្នុងស្តុក ប្រមាណ៣ពាន់តោន រួមទាំងអំបិលនាំចូលពីថៃ និងវៀតណាមផងដែរ។
លោក ប៊ុន ណារិន ប្រធានផ្នែកបច្ចេកទេសនៃសមាគមអ្នកផលិតអំបិលកំពត-កែប បានប្រាប់វិទ្យុជាតិកម្ពុជាថា ដំណើរការផលិតអំបិលនៅខេត្តកំពតឆ្នាំនេះ បានបញ្ចប់ការប្រមូលផលហើយ ហើយបរិមាណផលអំបិលឆ្នាំនេះ ប្រមូលបានជាង៧០០០០តោនប៉ុណ្ណោះ ព្រោះដំណើរការផលិតអំបិល មានភាពរអាក់រអួលបន្តិច ដោយសារតែការប្រែប្រួលអាកាសធាតុ ពោលគឺមានភ្លៀងធ្លាក់ច្រើននៅដើមខែមេសា ធ្វើឲ្យដំណើរការផលិតអំបិល ជួបឧបសគ្គ ដោយប្រមូលផលអំបិលបានតិចតួចបំផុត តែទោះជាយ៉ាងនេះក្តី កម្ពុជានៅតែអាចរក្សាតុល្យភាពទីផ្សារបាន និងមិនមានការខ្វះខាតអំបិលនោះទេ ។ លោកបន្តថា ក្នុងចំណោមបរិមាណអំបិលកំពតប្រមូលបាន ៧០០០០តោននេះ គឺបានបញ្ចេញ លក់នៅក្នុងទីផ្សារ ចន្លោះពី២ទៅ៣ម៉ឺនតោន ។ លោកបានបន្តទៀតថា ចំពោះតម្លៃអំបិលឆ្នាំនេះ បានងើបឡើងថ្លៃវិញបន្តិច ចន្លោះពី១២០០០រៀល ទៅ១៣០០០រៀល សម្រាប់អំបិល១បាវ ទម្ងន់៥០គីឡូក្រាម ។ ជាមួយគ្នានោះ លោកក៍បានឲ្យដឹងទៀតថា អំបិលជាង៧០០០០តោននេះ គឺអាចគ្រប់គ្រាន់សម្រាប់បំពេញតម្រូវការនៅក្នុងទីផ្សារបាន ទោះបីជាឆ្នាំនេះ មានការប្រមូលផលបានតិចជាងឆ្នាំមុនក៏ដោយ។


“សម្រាប់អំបិល៧០០០០តោននេះ យើងអាចបំពេញតម្រូវការគ្រប់ហើយ មូលហេតុអីដែលយើងថាអ៊ីចឹងទី១ដោយសារតែរដូវត្រីប្រហុក គឺទៅហួសហើយ ប៉ុន្តែវាអត់បញ្ហាអីទេ ហើយណាមួយអំបិលដែលចរាចរណ៍នៅទីផ្សារ នៅក្នុងភ្នំពេញ ក៏ដូចនៅខេត្តផ្សេងៗ ដែលនាំចូលមកតាមប្រទេសថៃ ឬប្រទេសវៀតណាមនេះ គឺមានរាយប៉ាយខ្លះមួយចំនួនទៀត ហើយខាងឧស្សាហកម្មវាយនភ័ណ្ឌ ភាគច្រើនគាត់យកមើលអំបិលមកពីចិនអីទេ សម្រាប់រោងចក្រជ្រលក់ព័ណ៍បោកខោអាវ ហើយបើអំបិលសមុទ្រយើងនេះ គឺសម្រាប់ទៅលើការហូបនិងការធ្វើត្រីប្រហុកនេះដូចជាអត់មានការខ្វះខាតអីនោះទេ”។
លោកបានបញ្ជាក់ផងដែរថា ក្នុងឆ្នាំ២០២១នេះ ផ្ទៃដីធ្វើស្រែអំបិល នៅខេត្តកំពត មិនប្រែប្រួលទេ បើធៀបនឹងឆ្នាំ ២០២០កន្លងទៅ ដោយមានទំហំជាង៣០០០ហិកតា និងមានក្រុមផលិតជាង១៣៩ ក្រុម ។
តាមរបាយការណ៍បានឲ្យដឹងថា ក្នុងឆ្នាំ២០២០កន្លងមក ផ្ទៃដីធ្វើស្រែអំបិលក្នុងខេត្តកំពត និងខេត្តកែបមានទំហំសរុប ៤៧៤៨ហិកតា បើអាកាសធាតុអំណោយផលក្នុង១ហិកតា អាចផលិតអំបិលបានជាមធ្យម ២០តោន ក្នុងរយៈពេល១ឆ្នាំ៕
