Connect with us

ព័ត៌មានជាតិ

ជប៉ុន ប្រកាសត្រៀមខ្លួនជួយកម្ពុជាក្នុងការរៀបចំព្រឹត្តិការណ៍ជាតិ និងអន្តរជាតិធំៗ

(ភ្នំពេញ)÷ រដ្ឋាភិបាលជប៉ុន បានប្រកាសត្រៀមខ្លួនជួយកម្ពុជាក្នុងការរៀបចំព្រឹត្តិការណ៍ជាតិ និងព្រឹត្តិការណ៍អន្តរជាតិធំៗនាពេលខាងមុខ ដើម្បីធ្វើយ៉ាងណាឲ្យព្រឹត្តិការណ៍ទាំងអស់កាន់តែមានភាពរលូន។

ក្នុងជំនួបពិភាក្សាការងារជាមួយសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ កាលពីរសៀលថ្ងៃទី១០ ខែមិថុនា នៅទីស្តីការក្រសួងមហាផ្ទៃ ឯកឧត្តម មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជាមានប្រសាសន៍ថា នៅក្នុងឆ្នាំ២០២១ និងឆ្នាំ បន្តបន្ទាប់ទៀត កម្ពុជានឹងត្រូវប្រារព្ធធ្វើនូវព្រឹត្តិការណ៍ជាតិ និងអន្តរជាតិធំៗជាច្រើន ដូចជាកិច្ចប្រជុំកំពូលអាស៊ីអឺរ៉ុប និងកិច្ចប្រជុំកំពូល អាស៊ាន ឆ្នាំ២០២២ និង ព្រឹត្តិការណ៍ជាតិដូចជាការបោះឆ្នោតជាដើម ។

ឯកឧត្តមបានអះអាងថា ភាគីជប៉ុនបានត្រៀមខ្លួនសម្រាប់ការបន្តធ្វើកិច្ចសហប្រតិបត្តិការជាមួយរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួង មហាផ្ទៃ ក្នុងការរួមចំណែកធ្វើឲ្យព្រឹត្តិការណ៍ជាតិ និងព្រឹត្តិការណ៍អន្តរជាតិធំៗទាំងនោះ មានដំណើរការទៅប្រកបដោយជោគជ័យ ។

សម្ដេចក្រឡាហោម ស ខេង បានថ្លែងអំណរគុណបំណងដ៏ល្អរបស់ភាគីជប៉ុនដែលបានត្រៀមផ្ដល់កិច្ចសហការគាំទ្រដល់ការប្រារព្ធបណ្ដាព្រឹត្តិការណ៍ធំៗទាំងនោះឲ្យទទួលបានជោគជ័យ។

សម្ដេចក្រឡាហោមបានបញ្ជាក់ថា ជាការពិតបណ្ដាព្រឹត្តិការណ៍ជាតិក៏ដូចជាព្រឹត្តិការណ៍អន្តរជាតិធំៗដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះព្រមទាំងប្រារព្ធធ្វើជាបន្តបន្ទាប់នោះ កម្ពុជាបានត្រៀមថា នឹងធ្វើឲ្យប្រព្រឹត្តទៅតាមកាលវិភាគ ឬ តាមកម្មវិធីដែលបានគ្រោងទុក ដោយមិនមានអ្វីប្រែប្រួលនោះឡើយ ។

ជាមួយគ្នានោះ សម្ដេចក៏ត្រៀមខ្លួនក្នុងការបន្តនូវកិច្ចសហប្រតិបត្តិការក៏ដូចជាពិភាក្សាលើបញ្ហានានាក្នុងគោលដៅពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគី កម្ពុជា ជប៉ុនឲ្យកាន់តែរីកចម្រើនខ្លាំងក្លាថែមទៀត។

ក្នុងឪកាសនោះ សម្ដេចក្រឡាហោម បានថ្លែងអំណរគុណចំពោះការជួយគាំទ្ររបស់ប្រទេសជប៉ុនមកលើដំណើរការអភិវឌ្ឍន៍នៅកម្ពុជាក្នុងពេលកន្លងមក។ ជាពិសេស ក្នុងការគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជាដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ជួយគាំទ្រដល់ការលើកកម្ពស់សុខុមាលភាព និងជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា តាមរយៈជំនួយផ្នែកសុខាភិបាល ដូចជា ឧបករណ៍សម្ភារបម្រើឲ្យវិស័យសុខាភិបាល និងកម្ចីហិរញ្ញប្បទានបម្រើដល់កិច្ចដំណើរការនយោបាយសង្គមនានា ឆ្លើយតបនឹងបញ្ហាដែលបង្កឡើងដោយជំងឺកូវីដ-១៩ផងដែរ៕

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Facebook