Connect with us

ព័ត៌មានទាន់ហេតុការណ៍

អ្នកនាំពាក្យការបរទេសវៀតណាម ទទូចឲ្យកម្ពុជាគិតគូរពលរដ្ឋខ្លួននៅដងទន្លេ

ប្រទេសវៀតណាម៖ ពីក្រុងហាណូយ អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម បានបន្តអំពាវនាវអាជ្ញាធរកម្ពុជាធានាឲ្យបាននូវសុខុមាលភាពពលរដ្ឋដើមកំណើតវៀតណាម បន្ទាប់ពីរដ្ឋបាលរាជធានីភ្នំពេញ ដាក់កំហិតឲ្យពួកគេរុះរើផ្ទះបណ្តែតទឹក បែចិញ្ចឹមត្រី និងសំណង់មិនរៀបរយទាំងអស់ពីផ្ទៃទន្លេក្នុងភូមិសាស្ត្ររាជធានី។

«វៀតណាមយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះព័ត៌មាននេះ ហើយក្នុងកិច្ចប្រជុំមួយកាលពីថ្ងៃទី៦ ខែមិថុនា ជាមួយសមភាគីកម្ពុជា លោក ប្រាក់ សុខុន រលោករដ្ឋមន្ត្រីការបរទេសវៀតណាម Bui Thanh Son ក៏បានស្នើសុំម្តងទៀតដល់កម្ពុជាឲ្យដោះស្រាយភាពស្របច្បាប់របស់ពលរដ្ឋដើមកំណើតវៀតណាមនៅកម្ពុជា»។ នេះជាការលើកឡើងរបស់លោកស្រី Lê Thị Thu Hằng អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម ក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃព្រហស្បតិ៍។

តាមការដកស្រង់សំដីដោយសារព័ត៌មាន Vietnam News អ្នកនាំពាក្យការបរទេសវៀតណាម ក៏បានរំលឹកពីការស្នើសុំរបស់រដ្ឋមន្ត្រីខ្លួនទៅកាន់ភាគីកម្ពុជា មានផែនទីបង្ហាញផ្លូវសមស្របសម្រាប់សហគមន៍ពលរដ្ឋដើមកំណើតវៀតណាម ដើម្បីធានាបាននូវសិទ្ធិ និងសុខុមាលភាពពេញលេញ។

លោកស្រីបានអះអាងថា រដ្ឋាភិបាលវៀតណាម នៅតែបន្តការគាំទ្រដល់ពួកគេ និងធ្វើការយ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរកម្ពុជា ដើម្បីឲ្យពួកគេទទួលបានឯកសាររស់នៅស្របច្បាប់។ តែទោះបីជាយ៉ាងណាក៏ដោយ លោកស្រីទទួលស្គាល់ពីគោលនយោបាយសង្គមសេដ្ឋកិច្ចកម្ពុជា និងចំណាត់ការដើម្បីការពារបរិស្ថាន។

«យើងក៏សង្ឃឹមផងដែរថា នឹងមានការរៀបចំទីតាំងថ្មីសម្រាប់ពួកគេ ដោយឈរលើហេតុផលអាចទទួលយកបាន ជាមួយនឹងការរៀបចំហេដ្ឋារចនាសម្ព័ន្ធចាំបាច់  ដែលធានាឲ្យជីវិតរបស់ពួកគេមានស្ថិរភាព និងការគាំទ្រសុខុមាលពីសង្គម»។ នេះជាការលើកឡើងរបស់លោកស្រី Lê Thị Thu Hằng។

តាមពិតទៅអាជ្ញាធរភ្នំពេញ បានដាក់ឱសានវាទកាលពីថ្ងៃទី៩ ខែមិថុនា ប៉ុន្តែក្រោយបានសម្រេចពន្យាពេលបន្ថែមទៀត។ លោក ម៉េត មាសភក្តី អ្នកនាំពាក្យសាលរាជធានីភ្នំពេញ បានបញ្ជាក់ប្រាប់សារព័ត៌មានថ្មីៗថា៖ «យើងចង់ទុកពេលឱ្យពួកគាត់បន្តិចទៀត ព្រោះដោយសារពលរដ្ឋទាំងនោះ កំពុងតែរុះរើចេញទៅហើយ។ អ៊ីចឹង! យើងអត់ចង់ចុះអនុវត្តវិធានការរដ្ឋបាល ភ្លាមទេដែលនាំឱ្យខូចខាតទ្រព្យសម្បត្តិ និងខូចខាតសម្ភារផ្សេងៗជាដើមទេ»៕

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Facebook