Connect with us

ព័ត៌មានជាតិ

លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន ៖ គោលដៅចាក់វ៉ាក់សាំងបន្ទាប់របស់យើង គឺខេត្តព្រះសីហនុ

(ភ្នំពេញ)៖ ប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ (គ.វ.ក១៩) ក្នុងក្របខណ្ឌទូទាំងប្រទេស និងជារដ្ឋលេខាធិការក្រសួងសុខាភិបាល លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន បានមានប្រសាសន៍ ក្នុងឱកាសចុះពិនិត្យមើលយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋចាប់ពីអាយុ ១៨ឆ្នាំឡើងទៅ នៅក្នុងមូលដ្ឋានសង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល ថា គោលដៅចាក់វ៉ាក់សាំងបន្ទាប់របស់ គ.វ.ក១៩ គឺខេត្តព្រះសីហនុ ដែលជាខេត្តកំពុងមានការប្រឈមខ្លាំង នឹងការវាយលុកពីវីរុសកូវីដ-១៩។

លោកជំទាវវេជ្ជបណ្ឌិត បានបន្ថែមថា តាមការគ្រោងទុក យុទ្ធនាការចាក់វ៉ាក់សាំងជូនដល់បងប្អូនប្រជាពលរដ្ឋ កម្មករ កម្មការិនី នៅក្រុងតាខ្មៅ និងស្រុកទាំង១០ជុំវិញរាជធានីភ្នំពេញ ដែលមានចំនួនប្រមាណ១០ម៉ឺននាក់ ក្នុងនោះមានបងប្អូនកម្មករ កម្មការិនី ប្រមាណ៣ម៉ឺននាក់ ត្រូវសម្រេចឱ្យបានក្នុងរយៈពេល ១៤ថ្ងៃ សម្រាប់ការចាក់លើកទី១នេះ ប៉ុន្តែបើតាមការសង្កេតឃើញ គឺបងប្អូនប្រជាពលរដ្ឋបានមកចាក់ច្រើន និងការរៀបចំក៏បានរៀបរយល្អ ហើយការចាក់នេះក៏ប្រព្រឹត្តទៅដោយរលូនទៀត ហេតុដូច្នេះហើយ លោកជំទាវសន្និដ្ឋានថា ការចាក់វ៉ាក់សាំងនេះ នឹងអាចរួចរាល់មុនការកំណត់។

នៅក្នុងខេត្តកណ្តាលទាំងមូល មានប្រជាពលរដ្ឋជិត ១លាននាក់ ហើយបងប្អូនប្រជាពលរដ្ឋដែលមិនមាននៅក្នុងតំបន់ហានិភ័យដែលត្រូវចាក់នោះ មានប្រមាណ ១២ម៉ឺននាក់ ក្រៅពីហ្នឹងគឺជាអ្នកដែលនឹងត្រូវបានទទួលវ៉ាក់សាំង ដោយលោកជំទាវ បានសង្កត់ធ្ងន់ថា ៖ “សម្តេចតេជោ នាយករដ្ឋមន្ត្រី លោកមានប្រសាសន៍ហើយថា នៅថ្ងៃទី១២ ខែមិថុនា យើងនឹងទទួលបានវ៉ាក់សាំងចំនួន ១លានដូស ហើយនៅថ្ងៃទី១៩ ខែមិថុនា យើងនឹងទទួលបានវ៉ាក់សាំងចំនួន ១លានដូសបន្ថែមទៀត។ ហើយវ៉ាក់សាំងទាំងនេះ គឺសម្រាប់បងប្អូនប្រជាពលរដ្ឋនៅខេត្តកណ្តាល និងខេត្តព្រះសីហនុ ដែលជាខេត្តអាទិភាពបន្ទាប់”។

គួររម្លឹកថា គិតត្រឹមថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១នេះ ចំនួនប្រជាពលរដ្ឋបានចាក់វ៉ាក់សាំងនៅទូទាំងប្រទេស សម្រាប់ដូសទី១រួច មានចំនួនសរុប ២ ៧៩៤ ៨៩៥នាក់ និងបានចាក់ដូសទី២រួច មានចំនួនសរុប ២ ៣៣៣ ៤១៦នាក់ ដែលស្មើនឹង ២៧.៩៥% នៃចំនួនប្រជាជនគោលដៅទទួលបានវ៉ាក់សាំងសរុប ១០លាននាក់។

ដោយឡែកគិតត្រឹមថ្ងៃទី១១ ខែមិថុនានេះ កម្ពុជាបានទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ចំនួនជាង ៧លានដូស រួចមកហើយ ក្នុងនោះ វ៉ាក់សាំងស៊ីណូវ៉ាក់ (Sinovac) ដែលបញ្ជាទិញពីប្រទេសចិន មានចំនួន ៤លាន៥សែនដូស វ៉ាក់សាំងស៊ីណូហ្វាម (Sinopharm) ដែលជាជំនួយដ៏ថ្លៃថ្លារបស់ប្រទេសចិន មានចំនួន ២លាន២សែនដូស និងវ៉ាក់សាំងកូវីសែល (Covishield) ដែលទទួលបានអាជ្ញាបណ្ណផលិតដោយ អាស្រ្តាហ្សេនេកា (AstraZeneca) ដែលជាអំណោយអង្គការសុខភាពពិភពលោក តាមរយៈយន្តការកូវ៉ាក់ (Covax Facility) មានចំនួន ៣សែន២ម៉ឺន៤ពាន់ដូស៕

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Facebook