Connect with us

ព័ត៌មានជាតិ

អភិបាលខេត្តកំពង់ចាម នាំអំណោយសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតចែកជូនបន្ទាន់ប្រជាពលរដ្ឋ ៣៨គ្រួសារ រងគ្រោះដោយខ្យល់កន្ត្រាក់

(កំពង់ចាម)៖ ឯកឧត្តម អ៊ុន ចាន់ដាអភិបាលខេត្តកំពង់ចាម និងជាប្រធានសាខាកាកបាទក្រហមខេត្ត រួមនឹងក្រុមការងារ នៅព្រឹកថ្ងៃទី ១១ ខែមិថុនា ឆ្នាំ ២០២១នេះ បានជួបសំណេះសំណាល និងនាំអំណោយ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ចែកជូនប្រជាពលរដ្ឋចំនួន ៣៨ គ្រួសារ រងគ្រោះដោយសារខ្យល់កន្ត្រាក់ មកពីឃុំចំនួន៣ ក្នុងស្រុកកងមាស ខេត្តកំពង់ចាម ។

ក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិ ការសាខាកាកបាទក្រហមខេត្ត បានចូលរួមសម្តែងការសោកស្តាយជាមួយគ្រួសាររងគ្រោះ ចំពោះគ្រោះធម្មជាតិ ដែលកើតឡើងដោយស្មានមិនដល់នេះ ក្នុងស្ថានភាព ដែលជីវភាពបងប្អូនកំពុងតែរងលំបាកដោយការរាតត្បាតនៃជំងឺកូវីដ-១៩ ។


ជាមួយគ្នានោះដែរ ឯកឧត្តម អ៊ុន ចាន់ដា បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទ ក្រហមកម្ពុជា ដែលជានិច្ច កាល សម្តេចតែងតែយកចិត្តទុកដាក់គិតគូរចំពោះសុខទុក្ខប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះ ដោយមិនប្រកាន់វណ្ណៈ ជំនឿសាសនា ឬនិន្នាការនយោបាយអ្វីឡើយ ហើយលោកតែងបានចាត់តំណាងចុះអន្តរាគមន៍ផ្តល់ជំនួយសង្រ្គោះ ជួយសម្រាល ទុក្ខលំបាក ទាន់ពេលវេលា តាមទិសស្លោក “ ទីណាមាន ទុក្ខលំបាក ទីនោះមានកាក បាទក្រហមកម្ពុជា ” ។

ទន្ទឹមនឹងនោះដែរ ខណៈជំងឺកូវីដ-១៩ ត្រូវបានរកឃើញជា បន្តបន្ទាប់ក្នុងខេត្តកំពង់ចាម ឯកឧត្តមអភិបាលខេត្ត ក៏បានសំណូមពរ ដល់ប្រជាពលរដ្ឋទាំងអស់ ឱ្យបង្កើនការ ការពារខ្លួន ជៀសឱ្យផុតពីការឆ្លង ជំងឺកូវីដ-១៩ ដោយត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួន នូវវិធានសុខា ភិបាល ” ៣ការពារ និង ៣កុំ ” ពិសេស ការលាងសម្អាតដៃជាប្រចាំ, ការអនុវត្តន៍កាតព្វ កិច្ចពាក់ម៉ាស , កាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាពសង្គម និងគម្លាតសុវត្ថិភាពបុគ្គល តាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាល និងសេចក្តីជូនដំណឹង របស់ ក្រសួងសុខាភិបាល ។

សូមបញ្ជាក់ថា អំណោយមនុស្សធម៌ដែលបានផ្ដល់ជូនជនរងគ្រោះទាំង៣៨គ្រួសារ ក្នុង០១គ្រួសារ ទទួលបាន អង្ករ ២៥គ.ក្រ មី០១កេស ទឹកត្រី ១យួរ ទឹកស៊ីអ៊ីវ ១យួរ ត្រីខ ១យួរ តង់០១ផ្ទាំង ឃីត១ ( មុង១ ភួយ១ សារុង១ ក្រមា១ ) អាវយឺត ២ និងថវិកា ក្នុង ០១គ្រួសារ ទទួលបានតាមកម្រិត ក្នុងនោះ កម្រិតធ្ងន់ចំនួន ០៦គ្រួសារ ទទួលបាន ៣០ម៉ឺនរៀល កំរិតមធ្យមចំនួន ៣២គ្រួសារ ទទួល២០ម៉ឺនរៀល ៕

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Facebook