Connect with us

ព័ត៌មានជាតិ

អាជ្ញាធររាជធានីភ្នំពេញ សន្យានឹងរៀបចំគ្រប់គ្រង ការរីករាលដាលជំងឺកូទីដ-១៩ នៅតាមរោងចក្រ ដើម្បីធានាសុខុមាលភាព សុវត្ថិភាព និងជីវភាពបុគ្គលិក កម្មករ-និយោជិត

(ភ្នំពេញ)៖ អាជ្ញាធររាជធានីភ្នំពេញ បានសន្យាថានឹងរៀបចំផែនការ ស្តីពីវិធានការគ្រប់គ្រងការរីករាលដាលជំងឺកូទីដ-១៩ នៅតាមបណ្តារោងចក្រ-សហគ្រាសក្នុងភូមិសាស្ដ្ររាជធានីភ្នំពេញ ដើម្បីធានាឱ្យបាននូវសុខុមាលភាព សុវត្ថិភាព និងជីវភាពរបស់បុគ្គលិក កម្មករ -និយោជិត ព្រមទាំងនិរន្តរភាពផលិតកម្មរបស់រោងចក្រ-សហគ្រាស ។

ដើម្បីឱ្យផែនការ ស្តីពីវិធានការគ្រប់គ្រងការរីករាលដាលជំងឺកូទីដ-១៩ តាមបណ្តារោងចក្រ-សហគ្រាស នៅក្នុងភូមិសាស្ដ្ររាជធានីភ្នំពេញនេះ ទទួលបានសុក្រិតភាពក្នុងការអនុវត្ត ល្អប្រសើរ និងដើម្បីឱ្យគម្រោងផែនការនេះមានលក្ខណៈគ្រប់ជ្រុងជ្រោយ នារសៀលថ្ងៃ១កើត ខែបឋមសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃព្រហស្បតិ៍ ទី១០ ខែមិថុនា ឆ្នាំ២០២១ ឯ.ឧ ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានបើកកិច្ចប្រជុំតាមរយៈ Video Conference ជាមួយតំណាងក្រសួងសុខាភិបាល ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនិងក្រសួងសេដ្ឋកិច្ច និងហិរញ្ញាវត្ថុ នៅសាលារាជធានីភ្នំពេញ។

ឯកឧត្ដម ឃួង ស្រេង បានមានប្រសាសន៍ថា ការរៀបចំផែនការនេះ គឺក្នុងគោលបំណងធានាឱ្យបាននូវសុខុមាលភាព សុវត្ថិភាព និងជីវភាពរបស់បុគ្គលិក កម្មករ -និយោជិត ព្រមទាំងនិរន្តរភាពផលិតកម្មរបស់រោងចក្រ-សហគ្រាស ក្នុងរាជធានីភ្នំពេញ តាមរយៈការកំណត់នូវវិធានការចាំបាច់ ដោយបែងចែកជា ៣ដំណាក់កាល គឺ (១) វិធានការចំពោះមុខ ដើម្បីប្រយុទ្ធ និងទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ក្នុងរោងចក្រ-សហគ្រាស។ (២) វិធានការរយៈពេលមធ្យម ដើម្បីបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ ក្នុងរោងចក្រ-សហគ្រាស ។ (៣) វិធានការរយៈពេលវែង ដើម្បីគ្រប់គ្រងការរីករាលដាលជំងឺកូវីដ-១៩ ក្នុងរោងចក្រ-សហគ្រាស។

ឯកឧត្តម បានបន្តថា ការបង្កើតឱ្យមានកិច្ចប្រជុំជាមួយក្រសួងសុខាភិបាល ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ និងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញាវត្ថុ នេះឡើង គឺដើម្បីឱ្យផែនការនេះទទួលបានសុក្រិតភាពក្នុងការអនុវត្តល្អប្រសើរ និងមានលក្ខណៈគ្រប់ជ្រុងជ្រោយ យកទៅអនុវត្តន៍ចំគោលដៅ។ ក្នុងផែនការនេះក៏បានរំលេចផងដែរថា រាជធានីភ្នំពេញជាបេះដូងនៃព្រះរាជាណាចក្រកម្ពុជា ជាមជ្ឈមណ្ឌលប្រមូលផ្តុំលើគ្រប់វិស័យ រួមមាន៖ វិស័យនយោ បាយ សេដ្ឋកិច្ច សង្គមកិច្ច បេតិកភណ្ឌ វប្បធម៌ ទេសចរណ៍ និងការទូត ក្នុងនោះអាស្រ័យដោយកត្តាភូមិសាស្ត្រ ហេដ្ឋារចនាសម្ព័ន្ធ កម្លាំងពលកម្ម និងសេវារដ្ឋបាលសាធារណៈ រោងចក្រ-សហត្រាសប្រមាណ ៦០ភាគរយបានបោះទីតាំងក្នុងមូលដា្ឋនរាជធានីភ្នំពេញ។

ទោះបីស្ថិតក្នុងស្ថានភាពនៃការរីករាលដាលជំងឺកូវីដ-១៩ ប៉ុន្តែសកម្មភាពអាជីវកម្ម-ផលិតកម្មរបស់រោងចក្រ-សហគ្រាសស្ទើរតែទាំងអស់ នៅតែដំណើរការជាប្រក្រតី និងមានរោងចក្រ -សហគ្រាសតិចតួចប៉ុណ្ណោះ ដែលបានផ្អាកដំណើរការ។

គិតត្រឹមត្រីមាសទី១ ឆ្នាំ២០២១ នៅរាជធានីភ្នំពេញមានរោងចក្រចំនួន ៧៤៦មូលដ្ឋាន និងឧស្សាហកម្មខ្នាតតូច-សិប្បកម្មមានចំនួន ៤.៩៨៥មូលដ្ឋាន បានបង្កើតការងារដោយផ្ទាល់ចំនូន ៤៧៦.៣៥៩នាក់ និងដោយប្រយោលជាច្រើនសែននាក់ផ្សេងទៀត ហើយអនុគណៈកម្មាធិការវិនិយោគរាជធានីភ្នំពេញ បានចុះបញ្ជីស្ថាពរជូនរោងចក្រវិនិយោគចំនួន ៣៤មូលដ្ឋាន បន្ថែមទៀត។

យ៉ាងណាមិញ ផ្អែកតាមបទពិសោធន៍នៃការឆ្លងរាលដាលជំងឺកូវីដ-១៩ ក្នុងមូលដ្ឋានរោងចក្រ មួយនៅរាជធានីភ្នំពេញ ដែលមានការឆ្លងបន្តរាយប៉ាយ ទៅក្នុងរោងចក្រ-សហគ្រាសមួយចំនួនទៀត គឺបណ្តាលមកពីមូលហេតុចម្បងៗ រួមមាន៖ (១) ការស្នាក់នៅរបស់ បុគ្គលិក និងកម្មករ-និយោជិតច្រើនរោងចក្រ-សហគ្រាស ប្រមូលផ្តុំក្នុងផ្ទះជួល ឬ អគារជួលរួមគា្ន។ (២) ការធ្វើដំណើរដោយមធ្យោបាយរួមរបស់បុគ្គលិក និងកម្មករ និយោជិត ដែលមិនមែនបម្រើការងារក្នុងរោងចក្រ-សហគ្រាសតែមួយ។ (៣) ការទិញម្ហូបអាហារ ពីកន្លែងលក់ដូរមិនរៀបរយ ។ (៤) ការមិនអនុវត្ត ឬអនុវត្តន៍មិនបានត្រឹមត្រូវ តាមការណែនាំរបស់ក្រសួងសុខាភិបាល ជាដើម។

ឈរលើមូលដ្ឋានខាងលើនេះ បានបង្ហាញឱ្យឃើញកាន់តែច្បាស់អំពីភាពចាំបាច់ និង សារៈសំខាន់ដែលត្រូវយកចិត្តទុកដាក់ចំពោះវិស័យនេះ។ ជាពិសេសស្ថិតក្នុងស្ថានភាពនៃការរីករាលដាលជំងឺកូវីដ-១៩ ដើម្បីបន្តអនុវត្តន៍ប្រកបដោយថាមភាពនូវគោលនយោបាយ “ចំណង២ និងចុងខ្សែ៤ របស់សម្តេចអគ្គមហារសនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជូនដល់បុគ្គលិក និងកម្មករ និយោជិតទាំងអស់ ក្នុងរាជធានីភ្នំពេញ៕

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Facebook