Connect with us

ព័ត៌មានជាតិ

អភិបាលខេត្ត ដឹកនាំកងកម្លាំងចុះត្រួតពិនិត្យ បែរត្រី និងផ្ទះបណ្តែតទឹកតាមដងទន្លេ ក្នុងភូមិសាស្ត្រខេត្តកណ្តាល

(កណ្តាល)៖ នៅថ្ងៃ៤កើត ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រូវនឹងថ្ងៃទី១៤ ទី១៣ ខែមិថុនា ឆ្នាំ២០២១ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល បានចុះត្រួតពិនិត្យផ្ទះបណ្តែតទឹក បែរត្រី ដែលខុសច្បាប់ក្នុងភូមិសាស្ត្រ ស្រុកកៀនស្វាយ ស្រុកល្វាឯម និង ស្រុកលើកដែក ខេត្តកណ្តាល ។ នៅពេលនោះឯកឧត្តម បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ ដល់អាជ្ញាធរស្រុកនៅតាមដងទន្លេក្នុងភូមិសាស្ត្រខេត្តកណ្តាល ត្រូវមានវិធានការឱ្យបានម៉ឹងម៉ាត់ ចំពោះបែរត្រី ផ្ទះបណ្តែតទឹក ផ្ទះទូកតូចៗខុសច្បាប់ ចូលមកក្នុងភូមិសាស្ត្ររបស់ខ្លួន ត្រូវចាត់វិធានការតាមច្បាប់។

ក្នុងការចុះត្រួតពិនិត្យនេះ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល បានជំរុញដល់អាជ្ញាធរពាក់ព័ន្ធ ត្រូវមានវិធានការឱ្យបានតឹងរឹង តាមនីតិវិធីច្បាប់ដោយគ្មានការយោគយល់ចំពោះបែរត្រី និង ផ្ទះបណ្តែតទឹកដែលខុសច្បាប់ឡើយ ។

អាជ្ញាធរស្រុកត្រូវចាត់ឱ្យមានកងកម្លាំងយាមល្បាតគ្រប់ពេលវេលា និងហាមមិនឱ្យមានបែរត្រី ផ្ទះបណ្តែតទឹក ចូលចតក្នុងមូលដ្ឋានខ្លួនជាដាច់ខាត ហើយត្រូវគ្រប់គ្រងស្ថិតិបែរត្រី ផ្ទះបណ្តែតទឹក ទាំងចាស់ទាំងថ្មីឱ្យបានច្បាស់លាស់បំផុត ដើម្បីរៀបចំសណ្តាប់ធ្នាប់តាមដងទន្លេឡើងវិញ សម្រួលដល់ផ្លូវនាវាចរ និងប្រព័ន្ធអេកូឡូស៊ី ចៀសវាងការខូខាតធ្ងន់ធ្ងរ ដល់ជីវៈចម្រុះក្នុងទឹក ខូចគុណភាពទឹក បំពុលបរិស្ថាន និង ប៉ះពាល់ដល់សោភណភាពតាមដងទន្លេ និងសុខភាពរបស់ប្រជាពលរដ្ឋ ដែលបានប្រើប្រាស់ទឹកក្នុងទន្លេជាប្រចាំថ្ងៃផងដែរ។

សូមបញ្ជាក់ថា នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២១នេះដែរ អាជ្ញាធររាជធានីភ្នំពេញ ក៏បានចាប់ផ្តើមអនុវត្តន៍វិធានការច្បាប់ លើសំណង់អនាធិបតេយ្យ ផ្ទះបណ្តែតទឹក បែរចិញ្ចឹមត្រីគ្រប់ប្រភេទ នៅមាត់ទន្លេ នៅក្នុងទន្លេ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ដែលធ្វើឱ្យផ្ទះបណ្តែត ទឹក បែរចិញ្ចឹមត្រីខុសច្បាប់មួយចំនួន បានចល័តទៅក្នុងភូមិសាស្ត្រខេត្តកណ្តាល ទើបអាជ្ញា ធរខេត្ត មានវិធានការការពារជាមុន ក្នុងភូមិសាស្ត្ររបស់ខ្លួន៕

Click to comment

Leave a Reply

Your email address will not be published.

Facebook