រាជធានីភ្នំពេញ៖ សមាគមវៀតណាមប្រចាំកម្ពុជាបានស្នើសុំទៅដល់ពលរដ្ឋរបស់ខ្លួនដែលកំពុងរស់នៅលើផ្ទះបណ្ដែតទឹកនៅទន្លេសាប ទន្លេមេគង្គ និងទន្លេបាសាក់ មិនត្រូវធ្វើដំណើរចូលទៅកាន់ប្រទេសវៀតណាមនោះទេ ប៉ុន្តែត្រូវនាំគ្នាអូសសណ្ដោងផ្ទះទៅបោះទីតាំងថ្មីលើផ្ទៃទន្លេសាប ដែលស្ថិតនៅក្បែរវត្តជេដ្ឋាឧត្តមហៅវត្តគ្រួស ក្នុងសង្កាត់សំរោង ខណ្ឌព្រែកព្នៅ ដែលជាតំបន់ព្រំប្រទល់ជាប់ស្រុកពញ្ញាឮខេត្តកណ្ដាល។
សមាគមវៀតណាមបានលើកឡើងថា ពលរដ្ឋវៀតណាមដែលកំពុងរស់នៅក្នុងខណ្ឌទាំង៦ក្នុងរាជធានីភ្នំពេញ ត្រូវបានផ្លាស់ប្ដូរផ្ទះបណ្ដែតទឹកទៅកាន់ទីតាំងថ្មី គឺស្ថិតនៅទន្លេសាបក្បែរវត្តគ្រួសក្នុងសង្កាត់សំរោង ខណ្ឌព្រែកព្នៅ ដែលមានព្រំប្រទល់ជាប់ជាមួយស្រុកពញ្ញាឮខេត្តកណ្ដាល។ លើសពីនេះ សមាគមវៀតណាមក៏បានស្នើឱ្យពលរដ្ឋទាំងនោះ ត្រូវរក្សាភាពអត់ធ្មត់ ហើយជំនួយជាស្បៀងអាហារ នឹងត្រូវបានផ្ដល់ដល់ដៃគ្រប់គ្នាទាន់ពេលវេលា ដើម្បីបន្ថយទុក្ខលំបាក ហើយស្ថានភាពការរស់នៅ នឹងវិលត្រឡប់មកដូចដើមវិញក្នុងរយៈពេលដ៏ខ្លីនេះ។
ក្រុមពលរដ្ឋវៀតណាមមួយចំនួនដែលមានផ្ទះបណ្ដែតទឹកនៅក្នុងភូមិសាស្រ្ដរាជធានីភ្នំពេញនិងមិនបានរុះរើតាមកាលកំណត់របស់សាលារាជធានីភ្នំពេញ គឺបានប្រើទូកអូសសណ្ដោងផ្ទះបណ្ដែតនិងបែចិញ្ចឹមត្រីរបស់ពួកគាត់ ទៅរស់នៅក្នុងទីតាំងថ្មីបណ្ដោះអាសន្នស្ថិតនៅក្បែរវត្តគ្រួសតាំងពីថ្ងៃទី១១មិថុនា តាមការសម្រេចថ្មីរបស់សាលារាជធានីភ្នំពេញ ដើម្បីទុកឱកាសឱ្យត្រីក្នុងបែចិញ្ចឹមរបស់ពួកគេអាចធំល្មមចាប់លក់អស់សិន។
អភិបាលខណ្ឌព្រែកព្នៅលោក សុខ សម្បត្តិ បានប្រាប់ទៅលោក ស៊ឹម ជី ប្រធានសមាគមវៀតណាមប្រចាំកម្ពុជាថា ទីតាំងថ្មីនោះគឺអនុញ្ញាតឱ្យពលរដ្ឋវៀតណាមរស់នៅបណ្ដោះអាសន្នប៉ុណ្នោះ ហើយនៅពេលខាងមុខ ពួកគេត្រូវតែចល័តដើម្បីចាកចេញពីទៅក្រុងភ្នំពេញទៅកាន់ទីតាំងថ្មី ៕