Connect with us

ព័ត៌មានទាន់ហេតុការណ៍

YouTube សម្រេចបញ្ឈប់ការផ្សាយពាណិជ្ជកម្ម នយោបាយ គ្រឿងស្រវឹង និងល្បែងស៊ីសង

អាមេរិក៖ ក្រុមហ៊ុន Google បានប្រកាសឱ្យដឹងថា នឹងមិនអនុញ្ញាតឱ្យមានការផ្សព្វផ្សាយ ពាណិជ្ជកម្មជាសារនយោបាយ ការឃោសនាបោះឆ្នោត គ្រឿងស្រវឹង ល្បែងស៊ីសង និងថ្នាំពេទ្យនៅលើបណ្ដាញសង្គម YouTube។ នេះបើយោងតាមការ ចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១។

ការផ្លាស់ប្ដូរគោលការណ៍ថ្មីនេះ គឺជាប់ពាក់ព័ន្ធនឹងករណីមានការចោទប្រកាន់ និងលើកឡើងពីសំណាក់ និយតករ អឺរ៉ុប ថា បណ្ដាញសង្គម និងក្រុមហ៊ុនបច្ចេកវិទ្យាធំៗមិនបានរឹតបន្តឹងលើការផ្សព្វផ្សាយពាណិជ្ជកម្ម ដែលនាំឱ្យមានបញ្ហាជាច្រើន ជាពិសេសគឺនៅក្នុងអំឡុងពេលឃោសនាបោះឆ្នោតជ្រើសរើសប្រធានាធិបតីសហរដ្ឋអាមេរិកក្នុងឆ្នាំ២០២០ ដោយ លោកដូណាល់ ត្រាំ បានប្រើប្រាស់ទឹកលុយដើម្បីដំណើរការការឃោសនារបស់ខ្លួនដោយគ្មានតម្លាភាពនៅតាមបណ្ដញ សង្គម។

អ្នកនាំពាក្យរបស់ Google បានថ្លែងឱ្យដឹងតាមរយៈអ៊ីម៉េលថា ក្រោយពីបានធ្វើការសិក្សាទៅលើ ការស្នើសុំរបស់អ្នក ប្រើ ប្រាស់ ក្រុមហ៊ុន Google ក៏បានសម្រេចផ្ដាស់ប្ដូរគោលការណ៍ថ្មីនេះឡើង ដោយសង្ឃឹមថា វានឹងក្លាយជាបទពិសោធន៍ ថ្មី សម្រាប់ម្ចាស់អាជីវកម្ម ឬ Advertisers និងអ្នកប្រើប្រាស់។

គួរបញ្ជាក់ផងដែរថា សម្រាប់ Google ផ្ទាល់បានផ្អាកការផ្សព្វផ្សាយពាណិជ្ជកម្មជាលក្ខណៈនយោបាយ កាលពី ដើមឆ្នាំ នេះ ដោយសារតែការបោះឆ្នោតអាមេរិកនៅក្នុងឆ្នាំ២០២០ បានធ្វើឱ្យ មានសម្ពាធដល់ បណ្ដាញសង្គមធំៗ និងក្រុមហ៊ុនបច្ចេកវិទ្យា ដែលមានដូចជា Facebook, Twitter, Google និង Apple ជាដើម៕

Click to comment

Leave a Reply

Your email address will not be published.

Facebook