Connect with us

ព័ត៌មានសេដ្ឋកិច្ច

កសិករនាំគ្នាដាំដំណាំខ្នុរការ៉ុតដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងនាំចេញទៅកាន់ប្រទេសចិន

(កំពង់ធំ)៖ កសិករនាំគ្នាដាំ ដំណាំខ្នុរការ៉ុតដើម្បីបង្កើនការផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងនាំចេញទៅកាន់ប្រទេសចិន ដោយសារតែដំណាំប្រភេទនេះ មានរសជាតិផ្អែមឆ្ងាញ់ងាយស្រួលដាំ និងឆាប់ប្រមូលផលបានលឿន ហើយមានតម្រូវការទីផ្សារខ្លំាង។

លោកសារី អីសារ ប្រធានក្រុមហ៊ុន ម៉ាកាស់លែន ដែលវិនិយោគលើផ្លែខ្នុរការ៉ុត ស្ថិតក្នុងឃុំក្រយារ ស្រុកសន្ទុក ខេត្តកំពង់ធំ បានប្រាប់វិទ្យុ ជាតិកម្ពុជាថា លោកបានចាប់យកការវិនិយោគដាំដុះលើដំណាំខ្នុរការ៉ុតអស់រយៈពេល ២ឆ្នាំជាងមកហើយ សម្រាប់ផ្គត់ផ្គង់ក្នុងស្រុកផង និងនាំ ចេញទៅកាន់ប្រទេសចិនផង ខណៈដែលឈ្នួញខ្លះ បានចុះ ទៅទិញដល់ចម្ការតែម្តង។

លោកប្រធានបន្ថែមថា ផ្លែខ្នុរការ៉ុតមានរសជាតិឆ្ងាញ់ណាស់ ហើយវាគឺជាប្រភេទដាំណាំធម្មជាតិ ដែលមិនមានប្រើប្រាស់ជីគីមីអ្វីទេ សំខាន់គឺវាមានភាពងាយស្រួលក្នុងការដាំ និងឆាប់ប្រមូលផលបានលឿន ។ លោកប្រធានបានបញ្ជាក់ថា ក្នុងមួយឆ្នាំអាចប្រមូលផល ផ្លែខ្នុរបាន៣ដង ហើយក្នុងមួយផ្លែមានទំងន់ពី១០ទៅ២០គីឡូក្រាម ដែលយើងត្រូវប្រើរយៈពេល២ឆ្នាំក្នុងការដាំនៅកន្លែងដែលមានទឹកគ្រប់គ្រាន់ ជាពិសេស យើងត្រូវការប្រើប្រាស់ជីឱ្យត្រូវតាមស្ដង់ដារបច្ចេកទេស ដើម្បីឱ្យឆាប់ចេញផ្កា បានផលលឿន។

“ទីមួយឃើញថាទិន្នផលចំណេញបានច្រើន ហើយយើងប្រើរយ:ពេលលឿនឆាប់ យើងប្រើរយ:ពេលតែ២ឆ្នាំយើងបានផលមកវិញ ហើយទិន្នផលយើងបានច្រើនក្នុងមួយឆ្នាំយើងបេះបាន៣ ផង សម្រាប់តម្លៃយើងបានថ្លៃក្នុង១គីឡូក្រាម១ដុល្លារយើងបោះដុំ ក្នុង១ដើមបាន១០០ គីឡូក្រាមក្នុង១ដើម ចឹងក្នុង ១ដើមយើងបាន១០០ដុល្លារវិញក្នុងមួយឆ្នាំចឹងវាបានច្រើនហើយយើងមានក្រុមការងារបច្ចេកទេសការរៀបចំដីការរៀបចំជី ក៏ដូចជាការតប្រព័ន្ធទឹក ដោយសារខ្នុរបើយើងចង់បានការប្រមូលផលបីដងក្នុងមួយឆ្នាំយើងត្រូវការរៀបចំប្រព័ន្ធទឹក មានន័យថាខែ ប្រាំងក៏យើងបានផលដែរ”។

លោកប្រធានក្រុមហ៊ុន បានអំពាវនាវទៅដល់ប្រជា ពលរដ្ឋដែលមានបំណងចង់ដាំខ្នុរការ៉ុតអាចមកសិក្សារៀនសូត្រ ឬក៏មកវិនិយោគផ្ទាល់ដល់កន្លែងតែម្ដង ដើម្បីស្វែងយល់ឱ្យកាន់តែច្បាស់ពីបច្ចេកទេសក្នុងការដាំ និងការវេចខ្ចប់ឱ្យត្រូវតាមស្តង់ដារ។

សូមបញ្ជាក់ថា ក្រុមហ៊ុន ម៉ាកាស់លែន បានបង្កើតតាំងពីឆ្នាំ២០១០ ដោយសព្វថ្ងៃកំពុងដាំដុះដំណាំខ្នុរការ៉ុត លើផ្ទៃដី៤០ហិកតា ស្មើនឹង ៣៣០០០ដើម ដែលជាពូជខ្នុរការ៉ុតរបស់ប្រទេសម៉ាឡេស៊ី ដែលលក់ក្នុងតម្លៃលក់បោះដុំ ១គីឡូក្រាម ៤០០០រៀល និងលក់រាយ ៥០០០រៀល ៕

Click to comment

Leave a Reply

Your email address will not be published.

Facebook