Connect with us

ព័ត៌មានជាតិ

ក្រសួង​រ៉ែ និង​ថាមពល បន្ត​តាមដាន​ដំណើរការ​បូម​ប្រេង​ឆៅ​របស់​ក្រុមហ៊ុន KrisEnergy

រាជធានីភ្នំពេញ៖ ស្រប​ពេល​ក្រុមហ៊ុនមេ KrisEnergy នៅ​ប្រទេស​សឹង្ហបុរី ​បាន​ប្រកាស​ក្ស័យ​ធុន ក្រសួង​រ៉ែ និង​ថាមពល បញ្ជាក់ថា​ នឹង​ចាត់វិធានការ​ និង​ពិនិត្យមើល​លក្ខខណ្ឌ​ផ្សេងៗ ក្នុង​កិច្ចព្រមព្រៀង​ប្រេងកាត រវាង​ក្រុមហ៊ុន KrisEnergy ជាមួយ​ក្រសួង ​និង​តាមដាន​អំពី​ខ្សែ​សង្វាក់​ផលិតកម្ម​, ប្រសិន​ក្រុមហ៊ុន​មិន​អនុវត្តតាម​គោលការណ៍ ឬ​កិច្ចព្រមព្រៀង​ណាមួយ ក្រសួង​នឹង​មាន​វិធានការ​ទៅលើ​ក្រុមហ៊ុន ។

ឯកឧត្តម ជៀប សួរ អ្នកនាំពាក្យ និង​ជា​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ប្រេងកាត ​នៃ​ក្រសួង​រ៉ែ និង​ថាមពល បាន​​ឲ្យដឹង​នៅ​ថ្ងៃទី១៥ ខែមិថុនា​ម្សិលមិញនេះ​ថា ពាក់ព័ន្ធ​នឹង​ការប្រកាស​ក្ស័យ​ធុន​របស់​ក្រុមហ៊ុនមេ​ នៅ​ប្រទេស​សឹង្ហ​បុរី​ ក្នុងនោះ​ក្រុមហ៊ុន KrisEnergy ​ដែល​ជា​ក្រុមហ៊ុន​កំពុង​អភិវឌ្ឍន៍​វិស័យ​ប្រេងកាត​នៅ​កម្ពុជា ​បាន​ជូនដំណឹង​មក​ក្រសួង​ អំពី​ការ​ដាក់​ពាក្យ​បណ្តឹង​រប​ស់​ក្រុមហ៊ុនមេ​ទៅកាន់​តុលាការ ​ក្នុង​គោលដៅ​សុំ​រំលាយ​ក្រុមហ៊ុន ​ដោយ​តុលា​ការ​គ្រោង​នឹង​កាត់​សេចក្តី​នៅ​ថ្ងៃទី ១២ ខែកក្កដាខាងមុខនេះ ។

ឯកឧត្តម បន្តថា ចំពោះ​ពាក់ព័ន្ធ​ផលិតកម្ម​បូម​ប្រេង​របស់​ក្រុមហ៊ុន KrisEnergy ​នៅក្នុង​ដំណាក់កាល​នេះ បាន​ដំណើរការ​ជា​ធម្មតា ដោយ​ក្រុមហ៊ុន​មិន​មាន​ការ​ជូនដំណឹង ​អំពី​ការ​ខកខាន ឬ​ផ្អាក​ដំណើរ​អ្វី​នោះឡើយ​, តែ​ទោះបីជា​យ៉ាងណា ក្រសួង​នឹង​មាន​វិធានការ ​តាមដាន ​នឹង​ពិនិត្យមើល​ទៅលើ​លក្ខខណ្ឌ​ផ្សេងៗ ក្នុង​កិច្ចព្រមព្រៀង​ប្រេងកាត រវាង​ក្រុមហ៊ុន ​KrisEnergy ​ជាមួយ​ក្រសួង​ផងដែរ ក្នុងនោះ​ប្រសិន​ក្រុមហ៊ុន​មិន​អនុវត្តតាម​គោលការណ៍​ណាមួយ ​ក្រសួង​នឹង​ចេញ​លិខិត​ព្រមាន ខណៈ​ក្រុមហ៊ុន បាន​ចុះ​កិច្ចព្រមព្រៀង​រួចរាល់​ជាមួយ​ក្រសួង ។

ឯកឧត្តម ជៀប សួរ បានលើកឡើងទៀតថា ​ការប្រកាស​ក្ស័យ​ធុន​នេះ គឺ​វា​ត្រូវការ​ពេលវេលា តុលាការ​គេ​កាត់សេចក្តី​ថា​យ៉ាងណា ទៅ​យ៉ាងណា​? ទល់​តែ​ដល់​ថ្ងៃទី ១២ ខែ​កក្កដា ទើប​ដឹង ចឹ​ង​គាត់​គ្រាន់តែ​បាន​ជូនដំណឹង​អំពី​បញ្ហា​ហ្នឹង​ អត់​ទាន់​កាត់​សេចក្តី​យ៉ាងម៉េច​ទេ​។ ​សម្រាប់​វិធានការ​របស់​យើង​នៅ​ពេលនេះ ​គឺ​យើង​ពិនិត្យមើល​ទៅលើ​លក្ខខណ្ឌ​ផ្សេងៗ​នៅក្នុង​កិច្ចព្រមព្រៀង ធ្វើ​មិច​ឲ្យ​គាត់​អនុវត្ត​ឲ្យ​បាន​ខ្ជាប់ខ្ជួន ប្រសិន​មាន​ចំណុច​ណា​គាត់​មិន​អនុវត្ត យើង​រំលឹក​គាត់ នឹង​ចេញ​លិខិត​ព្រមាន​ទៅ​គាត់​។

សូមបញ្ជាក់ថា ពាក់ព័ន្ធ​កិច្ចព្រមព្រៀង​សម្រាប់​ការអភិវឌ្ឍ​ប្រេង​នៅ​ប្លុក A រវាង​រដ្ឋាភិបាល​កម្ពុ​ជា ដែល​តំណាង​ដោយ​ឯកឧត្តម​អគ្គបណ្ឌិត​សភាចា​រ្យ អូន ព័ន្ធមុនីរ័ត្ន​ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ឯកឧត្តម ស៊ុយ សែម រដ្ឋមន្ត្រីក្រសួង​រ៉ែ និង​ថាមពល ជាមួយ​ក្រុមហ៊ុន KrisEnergy តំណាង​ដោយ​លោក Kelvin Tang នាយក​ប្រតិបត្តិ ក្រុមហ៊ុន KrisEnergy Group និង​ជា​ប្រធាន​ក្រុមហ៊ុន KrisEnergy (Cambodia) លើ​កញ្ចប់​ឯកសារ​កិច្ចព្រមព្រៀង​ប្រេងកាត ប្លុក A រួមមាន​៖ កិច្ចព្រមព្រៀង​វិសោធនកម្ម និង​ការចែង​ឡើងវិញ នៃ​កិច្ចព្រមព្រៀង​ប្រេងកាត​ប្លុក A ចុះ​ថ្ងៃទី​១៨ ខែមីនា ឆ្នាំ​២០០២, កិច្ចព្រមព្រៀង​ប្រេងកាត​ប្លុក A ក្រោយ​ធ្វើ​វិសោធនកម្ម​រួច ​និង​ការ​ចែង​ឡើងវិញ​, កិច្ចព្រមព្រៀង​ប្រគល់​ផ្ទៃក្រឡា​សង​វិញ​, វិសោធនកម្ម​កិច្ចព្រមព្រៀង​ប្រតិបត្តិការ​រួមគ្នា​, ​កិច្ចសន្យា​ប្រគល់​សិទ្ធិ និង​ទទួលយក​កាតព្វកិច្ច និង​លិខិតអនុញ្ញាត​ផលិតកម្ម​លើក​ទី​១ ៕

Click to comment

Leave a Reply

Your email address will not be published.

Facebook