Connect with us

ព័ត៌មានជាតិ

លោក សុខ ទូច៖ «បើខ្មែរខ្វះត្រីហូប ប្រហែលមកពីការលុបបឹង ស្ទឹង អូរ …»

រាជធានីភ្នំពេញ៖ លោកបណ្ឌិត សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា ហាក់ចម្លែកចិត្តខ្លាំង ក្រោយលោក ឮថា កម្ពុជា ខ្វះត្រី។ ហេតុអ្វីគ្រាន់តែឲ្យប្រជាពលរដ្ឋវៀតណាមឡើងគោក និងលែងចិញ្ចឹមត្រី បែរជាស្ថាប័នពាក់ព័ន្ធនៅកម្ពុជា អះអាងថា កម្ពុជា ខ្វះត្រីហូប ខណៈប្រទេសជិតខាង មានប្រជាជនច្រើនជាងកម្ពុជា មានពូជត្រីតិចជាងកម្ពុជា ហើយនៅតែមានលទ្ធភាពដឹកត្រីចូលមកកម្ពុជាថែមទៀត? នេះជាការចោទសួរ និងជាចម្ងល់របស់លោក សុខ ទូច។

ចំពោះលោក សុខ ទូច លោក ដូចជាមិនជឿឡើយ ដែលថា កម្ពុជា ខ្វះត្រី។ តាមរយៈទំព័រហ្វេសប៊ុក នាព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១ ប្រធានរាជបណ្ឌិត្យសភា ដែលធ្លាប់ធ្វើជាអ្នកវិភាគរូបនេះ បានសរសេរដូច្នេះថា៖«ហេតុអ្វីគ្រាន់តែឱ្យវៀតណាមឡើងគោក លែងចិញ្ចឹមត្រី បែរជាស្ថាប័នពាក់ព័ន្ធថាកម្ពុជាខ្វះត្រីហូប? ខណៈដែលអ្នកជិតខាងយើងមានប្រជាជនច្រើនជាងយើង ពូជត្រីក៏ក្រជាងយើង តែបែរជាដឹកត្រីចូលមកយើង។ បើឡាវខ្វះត្រីហូប ទើបមិនចម្លែក តែបើខ្មែរថាខ្វះត្រីទទួលទាន វាដូចជាចម្លែកអស្ចារ្យណាស់ ព្រោះខ្មែរមានទន្លេមេគង្គ បឹងទន្លេសាប និងស្ទឹង ព្រែក បឹង អូរជាច្រើនប្រៀបដូចសសៃឈាម ហើយថែមទាំងមានសមុទ្រជាប្រភពត្រីទឹកប្រៃទៀត តែអស់ត្រីហូប ប្រហែលមកពីមូលហេតុដូចខាងក្រោម៖

១-មិនបានគណនាពីតម្រូវការទីផ្សារនៅក្នុងស្រុក ដែលប្រហែលមកពីខ្វះអ្នកគិតចំណោទហើយ
២-ប្រហែលជាមកពីព្រៃលិចទឹកត្រូវបានបំផ្លាញអស់
៣-ប្រហែលមកពីបឹងត្រូវបានលុប
៤-ប្រហែលមកពីតំបន់នេសាទ និងតំបន់ចិញ្ចឹមត្រី មិនត្រូវបានរៀបចំទៅតាមសក្ដានុពល តែបែរជាត្រូវបានលុបដោយសារតម្លៃទីផ្សារដីឡើងខ្ពស់ នាំគ្នាលុបបឹង ស្ទឹង អូរ យកទៅលក់
៥-មិនបានចងជាសហគមន៍ ដើម្បីឱ្យការផលិត ឆ្លើយតបទៅនឹងតម្រូវការទីផ្សារ
៦-យើងមិនបានកែច្នៃវត្ថុធាតុដើមក្នុងស្រុកដែលមាន ឱ្យទៅជាចំណីរបស់សត្វឬមនុស្ស តែយើងទិញចំណីស្រាប់ពីគេមកឱ្យសត្វ ដែលធ្វើឱ្យថ្លៃដើមផលិតខ្ពស់មិនអាចប្រកួតប្រជែងបាន
៧-បើត្រីដែលចិញ្ចឹមបានមានអតិផរណា យើងអាចកែច្នៃត្រីទៅជាផលិតផលជាច្រើនតាមលក្ខណៈប្រពៃណី មិនបាច់ប្រើវិទ្យាសាស្ត្រទេ ដូចជា ផ្អក ប្រហុក ត្រីងៀត ត្រីឆ្អើរ ទោះជាមិនបាច់ធ្វើត្រីខកំប៉ុង ក៏ត្រីគ្មានអតិផរណាដែរ»។

គួររំលឹកដែលថា កាលពីថ្ងៃទី១៥ ខែមិថុនា ក្រសួងកសិកម្ម សារភាពតាមរយៈសេចក្តីប្រកាសព័ត៌មានថា ការផ្គត់ផ្គង់ត្រីនៅកម្ពុជា នៅតែជួបបញ្ហាប្រឈម ដោយមិនទាន់អាចដោះស្រាយបាននៅឡើយ។ ក្រសួងកសិកម្ម លើកមូលហេតុចម្បងៗថា ការជួបបញ្ហាប្រឈម ក្នុងការផ្គត់ផ្គង់ត្រីនៅកម្ពុជា គឺបណ្តាលមកពី ការថមថយត្រីពីធម្មជាតិ ការមានបដិបក្ខក្នុងការគ្រប់គ្រងទីផ្សារត្រីនៅកម្ពុជា និង ការប្រកួតប្រជែងទីផ្សារត្រីក្នុងស្រុក ជាដើម ៕

Click to comment

Leave a Reply

Your email address will not be published.

Facebook