Connect with us

ព័ត៌មានជាតិ

ជនជាតិវៀតណាម ខំទម្លុះបែត្រីចូលទៅទឹកដីវៀតណាម តែជាអកុសលត្រូវសមត្ថកិច្ច​វៀតណាម ចាប់​បញ្ជូនមកដាក់​នៅ​ទន្លេ​ខ្មែរ​វិញ

ខេត្ត​ព្រៃវែង៖  កាលពី​វេលា​ម៉ោង​៦​ព្រឹកថ្ងៃ​ទី​១៦​ មិថុនា សមត្ថកិច្ច​ព្រំដែន​ប្រទេស​វៀតណាម បាន​ចាប់​ឃាត់​បែ​ត្រី​បណ្តែត​ទឹក​របស់​ជនជាតិ​ខ្លួន​ចំនួន​២៣​បែរ ដែល​បាន​បុក​ទម្លុះ​ព្រំដែន ឆ្លង​ចូល​ទៅ​ក្នុង​ទឹកដី​ប្រទេស​វៀតណាម ហើយ​បាន​អូស​យក​បែ​ត្រី​ទាំង​អស់នោះ មក​ដាក់​នៅ​ខាង​ដី​ខ្មែរ​វិញ​ភ្លាម​ៗ​ផង​ដែរ ដោយ​បដិសេធ​មិន​អនុញ្ញាតិ​អោយ​បែ​ត្រី​ទាំងនោះ ចូល​ក្នុង​ដី​វៀតណាម​ឡើយ ទោះបី​មនុស្ស​នៅ​លើ​បែ​ត្រី​នោះ សុទ្ធតែ​ជា​ជនជាតិ​វៀតណាម​ក៏​ដោយ​។ នេះបើយោងតាមប្រភពព័ត៌មានកោះសន្ដិភាព។

សមត្ថកិច្ច​ប្រចាំ​នៅ​ច្រក​ទ្វា​ព្រំដែន​កោះ​រកា បានអោយ​ដឹង​ថា បែ​ត្រី​ទាំង​២៣​បែ​នោះ គឺជា​ក្រុម​ថ្មី​ដែល​បាន​បណ្តែត​ខ្លួន​តាម​ផ្ទៃ​ទឹក ចេញពី​តំបន់​ច្បារ​អំពៅ ហើយ​ទើប​មក​ដល់​ព្រំដែន​នៅ​ព្រឹក​ថ្ងៃ​ទី​១៦​មិថុនា​នេះ ហើយ​ពេល​មក​ដល់​ពួក​គេ​មិន​បាន​ចូល​អែប​ច្រាំង​ទេ គឹ​បាន​បណ្តោយ​ខ្លួន​អោយ​ហូរ​តាម​ទឹក រហូត​ឆ្លង​ព្រំដែន​ចូល​ទៅ​ខាង​ដី​វៀតណាម ទើបត្រូវ​សមត្ថកិច្ច​ខាង​វៀតណាម ចេញ​ស្ទាក់​ចាប់​អូស​យក​មក​ដាក់​នៅ​ខាង​ដី​ខ្មែរ​វិញ​ភ្លាម​ៗ​តែ​ម្តង​។

តាម​ប្រភព​ដដែល​នេះ​បាន​បន្ត​ទៀត​ថា បច្ចុប្បន្ន​បែ​ត្រី​ទាំង​២៣​បែ​នេះ ត្រូវ​បាន​ដាក់​អោយ​នៅ​អែប​ច្រាំង​ត្រង់​ចំណុច​ខាងក្រោយ​កាស៊ីណូ​កោះ​រកា ហើយ​តាម​ការ​ពិនិត្យ​មើល​ជាក់ស្តែង​ហើយ​ថា នៅ​លើ​បែ​ត្រី​ទាំងនោះ មាន​មនុស្ស​ទាំង​ក្មេង​ទាំង​ចាស់​សរុប​ជាង​១០០​នាក់ និង​មាន​ទូក​តូច​ៗ​នៅ​អម​ជាង​៧០​ទូក​ផង​ដែរ​។ ក្រោយ​ពី​ពិនិត្យ​រួច សមត្ថកិច្ច​បាន​ធ្វើការ​ណែនាំ​ពួក​គេ​អោយ​នៅ​មួយ​កន្លែង ហាម​ឡើងគោក ហើយ​បើ​មាន​បញ្ហា​អ្វី​អោយ​ទាក់ទង​ទៅ​ខាង​សមាគម​វៀតណាម ប្រចាំ​នៅ​ស្រុក​ពាម​ជរ ដើម្បី​អោយ​គេ​ជួយ​ដោះស្រាយ​។

ចំណែក​លោក សេង ធា អភិបាលស្រុក​ពាម​ជរ បានអោយ​ដឹង​នៅ​រសៀល​ថ្ងៃ​ទី​១៧​ មិថុនា​នេះ​ថា នៅ​ចំពោះ​មុខ​គឺ​អាជ្ញាធរ​ស្រុក ពុំ​មាន​សមត្ថកិច្ច​អ្វី​ត្រូវ​អាច​ចាត់ចែង​ដោះស្រាយ​ចំពោះ​ក្រុម​ជន​អន្តោ​ប្រវេ​ស​ន៌​ទាំងនេះ​ទេ គឺ​បាន​ត្រឹមតែ​ណែនាំ​ពួក​គេ មិន​អោយ​ចាក​ចេញពី​ទូក​ឡើង​មក​លើគោក​ប៉ុណ្ណោះ ក្រៅពី​នេះ​គឺ​រង់ចាំ​ចំណាត់ការ​ពី​ថ្នាក់លើ​មក​វិញ​។

ទោះជា​យ៉ាងណា​ក៏​ដោយ រហូត​មក​ដល់​ពេល​នេះ គេ​នៅ​មិន​ទាន់​ឃើញ​មាន​ចំណាត់ការ​ច្បាស់លាស់​ណាមួយ ពី​ខាង​អាជ្ញាធរ​ខ្មែរ ចំពោះ​ក្រុម​ជន​អន្តោ​ប្រវេ​ស​ន៌​វៀតណាម ទាំង​អស់នេះ​នៅឡើយ​ទេ ទាំង​ខេត្តព្រៃវែង និង​ខេត្តកណ្តាល អាជ្ញាធរ​បាន​ត្រឹមតែ​និយាយ​ថា រង​ចាំ​ចំណាត់ការ​ថ្នាក់លើ នៅ​ខណៈ​ពេល​ដែល​ក្រុម​ជនជាតិ​វៀតណាម​ទាំង​អស់នោះ មាន​ចេតនា​ហាក់​ចង់​ឆ្លង​ដែន​ចូល​ទៅ​ប្រទេស​ខ្លួន​វិញ​ជា​ខ្លាំង ប៉ុន្តែ​ខាង​អាជ្ញាធរ​និង​សមត្ថកិច្ច​វៀតណាម​ ដាច់អហង្ការមិនឲ្យចូលជាដាច់ខាត ៕

Click to comment

Leave a Reply

Your email address will not be published.

Facebook