Connect with us

ព័ត៌មានជាតិ

សហរដ្ឋអាមេរិកបញ្ចប់ជំនួយព្រៃឡង់បៃតង ដោយសារតែការកាប់បំផ្លាញព្រៃឈើនៅកម្ពុជា

រាជធានីភ្នំពេញ៖ សហរដ្ឋអាមេរិក​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​បាន​ប្រកាស​បញ្ចប់​ជំនួយ​ដល់​ស្ថាប័ន​រដ្ឋាភិបាល​កម្ពុជា ក្រោម​គម្រោងព្រៃឡង់​បៃតង​ដោយ​ហេតុ​ផល​ថា​«បញ្ហា​មិន​ត្រូវ​បានដោះ​ស្រាយ» បើ​ទោះ​មានការ​បង្ហាញ​ក្តី​ព្រួយ​បារម្ភ​ជា​បន្ត​បន្ទាប់ពី​អាមេរិក។ នេះ​បើ​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ​របស់​ស្ថានទូត​អាមេរិក​ប្រចាំ​នៅ​កម្ពុជា​នា​ថ្ងៃ​ព្រហ​ស្បតិ៍​នេះ។

គម្រោង ​«ព្រៃឡង់​បៃតង» (Greening Prey Lang)​ របស់​ទីភ្នាក់ងារ​អាមេរិក ​USAID​ មាន​រយៈ​ពេល​៥​ឆ្នាំ ចាប់​ពី​ឆ្នាំ​ ២០១៨​ ដល់​២០២៣​ គឺ​មាន​ទឹក​ប្រាក់​ប្រមាណ​២១​លាន​ដុល្លារ​អាមេរិក។

សហរដ្ឋ​អាមេរិក តាម​រយៈគម្រោង​ព្រៃឡង់​បៃតង​ដែល​ជា​ជំនួយ​របស់​ទីភ្នាក់​ងារ​អាមេរិក​ USAID​ ត្រូវ​បាន​រិះគន់​ដោយ​សហគមន៍​ព្រៃឡង់​និង​អ្នក​តាម​ដាន​លើបញ្ហា​បរិស្ថាន​នៅ​កម្ពុជា​ថា​មិន​បាន​ធានាមិន​ឲ្យ​មាន​ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ​នៅ​តំបន់ដែន​ជម្រក​សត្វ​ព្រៃ​ព្រៃ​ឡង់។ សហគមន៍នៅ​មូល​ដ្ឋាន​បាន​អះអាង​ថា​ការកាប់​បំផ្លាញ​ព្រៃឈើក្នុង​តំបន់​ព្រៃ​ឡង់នៅ​តែ​មាន ក្នុ​ងរយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ស្រប​ពេល​ពួកគេ​ត្រូវ​បាន​ហាម​ឃាត់​មិន​ឲ្យ​ចូល​ការពារ​នៅ​តំបន់​ស្នូល​នៃ​ព្រៃឈើ​ដ៏​ប្រសិទ្ធ​មួយ​នេះ​ប្រមាណ​២​ឆ្នាំ​មក​ហើយ។

នៅ​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ​ចេញ​ផ្សាយ​នៅ​ថ្ងៃ​ទី​១៧ ខែ​មិថុនា ស្ថាន​ទូត​អាមេរិក​បាន​បញ្ជាក់​ថា​ជំនួយ​ជា​ថវិកា​នេះ នឹង​ត្រូវ​បង្វែរ​មក​ជួយ​ដល់អង្គការ​សង្គម​ស៊ីវិល សហគមន៍​មូលដ្ឋាន និង​ផ្នែក​ឯកជន​វិញ។

សេចក្តី​ប្រកាស​ព័ត៌មាន​ឲ្យ​ដឹង​ថា៖«វា​ជា​ការ​គួរ​ឲ្យ​ស្តាយ​ដែល​ស្ថានភាព​កំពុង​តែ​កាន់​តែ​អាក្រក់​ទៅៗ។ តាំង​ពី​ឆ្នាំ​២០១៦​មក ទោះ​បីជា​មានការ​គាំទ្រ​របស់​ទីភ្នាក់ងារ ​USAID ដើម្បី​ឲ្យ​មាន​ការ​ដើរ​ល្បាត ការ​បណ្តុះបណ្តាលដល់ផ្នែកអនុវត្ត​ច្បាប់​ច្រើនថែម​ទៀត និង​ការ​រៀបចំ​បង្កើត​ប្រព័ន្ធ​គ្រប់គ្រង​តំបន់​ការ​ពារ​ថ្នាក់​ជាតិ​ក៏ដោយ ក៏​តំបន់​ដែន​ជម្រក​សត្វ​ព្រៃ​ព្រៃ​ឡង់ នៅ​តែ​បាន​បាត់​បង់​ដដែល​នូវ​ផ្ទៃ​ដី​ព្រៃ​ប្រមាណ​៣៨.០០០​ហិកតា គឺ​ជិត​៩%​នៃ​គម្រប​ព្រៃ​ឈើ​នៅ​ទី​នោះ»។

ស្ថាន​ទូត​បន្ថែម​ថា​កា​រកាប់​ឈើ​ខុស​ច្បាប់​ដែល​ត្រូវ​បា​នបញ្ជាក់​ច្បា​ស់ នៅ​តែ​បន្ត​មាននៅ​ក្នុង​និងជុំវិញ​ដែន​ជម្រកសត្វព្រៃព្រៃឡង់ ហើយ​អាជ្ញាធរ​កម្ពុជា​មិន​បា​ន​កាត់​ទោស​បាន​សម​ល្មម​ចំពោះបទ​ល្មើស​ឬ​បញ្ឈប់​សកម្ម​ភាពខុស​ច្បាប់​ទាំងនេះ​ឡើយ។ លើស​ពី​នេះ​ទៀត ស្ថាន​ទូត​បញ្ជាក់​ថា​អាជ្ញាធរ​បាន​បន្ត​បំបិទ​សំឡេងហើយ​ធ្វើ​ទុក្ខ​សហគមន៍មូលដ្ឋាន​និងស​ង្គម​ស៊ីវិល ដែល​ជា​ដៃគូ​របស់​គេ​ដែលបង្ហាញកង្វល់ដ៏​សម​ហេតុ​ផល​លើ​ការ​បាត់បង់​ធនធាន​ធម្ម​ជាតិ​។

ស្ថាន​ទូត​អាមេរិក​បញ្ជាក់​ថា៖ «ដោយ​សារមាន​បញ្ហា​ទាំងនេះ​ដែលមិន​ត្រូវ​បាន​ដោះ​ស្រាយ សហ​រដ្ឋ​អាមេរិក​សូម​បញ្ចប់​ជំនួយដល់ស្ថាប័នរដ្ឋាភិបាល នៅ​ក្រោម​គម្រោង​ព្រៃឡង់​បៃតង​ដែល​ទ្រទ្រង់​ដោយ​ទីភ្នាក់​ងារ ​USAID។ ជំនួយ​របស់​សហរដ្ឋ​អាមេរិក​នឹង​ត្រូវ​បង្វែរ​ទៅ​ជួយ​វិស័យ​ឯក​ជន សង្គម​ស៊ីវិល​និង​ការងារ​របស់​សហគមន៍​មូលដ្ឋាន ដើម្បី​កែ​លម្អ​មុខ​របរ​ប្រកប​ជីវភាព​រស់​នៅ​និង​ពង្រីក​កសិកម្ម​ដែល​មិន​ប៉ះពាល់​បរិស្ថាន»។

បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន អាមេរិក​បញ្ជាក់​ថា​ខ្លួន​បាន​ចំណាយ​ប្រាក់​ជាង​១០០​លាន​ដុល្លារ​នៅ​ក្នុង​កម្មវិធី​នានា​សម្រាប់​ប្រយុទ្ធ​ប្រឆាំង​នឹង​បញ្ហា​ទាំង​នេះ​នៅ​កម្ពុជា តាម​រយៈ​ទីភ្នាក់​ងារ​ផ្តល់​ជំនួយ​អាមេរិក​USAID។

ការប្រកាស​បញ្ចប់​ជំនួយ​នេះ ធ្វើ​ឡើង​តែ​២​ថ្ងៃ​ប៉ុណ្ណោះ​បន្ទាប់​ពី​មាន​ជំនួប​មួយ​កាល​ពី​ថ្ងៃ​អង្គារ រវាង​រដ្ឋមន្រ្តី​ក្រសួង​បរិស្ថាន​លោក​ សាយ សំអាល់ និង​ឯក​អគ្គ​រដ្ឋ​ទូត​អាមេរិក​ប្រចាំ​នៅ​កម្ពុជា​លោក​ Patrick Murphy​ដែល​មាន​ការ​ពិភាក្សា​អំពី​ការ​ព្រួយ​បារម្ភ​របស់​អាមេរិក​ទៅ​លើ​ការ​បន្ត​បាត់​បង់​ព្រៃឈើ​នៅ​តំបន់​ព្រៃឡង់។

លោក ​នេត្រ ភក្ត្រា​ រដ្ឋលេខាធិការ​និង​ជា​អ្នក​នាំ​ពាក្យ​ក្រសួង​បរិស្ថាន​មាន​ប្រសាសន៍​ថា​ក្រសួង​គោរព​ចំពោះ​ការ​សម្រេច​ចិត្ត​របស់​ដៃ​គូ​អភិវឌ្ឍន៍​និង​អរគុណ​ចំពោះ​ការ​ចូលរួម​ចំណែក​ជាមួយ​កម្ពុជា​ក្នុង​ការ​ផ្តល់​ជំនួយ​បច្ចេក​ទេសនា​ពេល​កន្លង​មក​ក្នុង​កិច្ចការ​ពារ​និង​អភិរក្ស​ធនធាន​ធម្មជាតិ​នៅ​តំបន់​ព្រៃ​ឡង់។ លោក​បន្ថែម​ថា​បទ​ល្មើស​ធនធាន​ធម្មជាតិ​ទ្រង់ទ្រាយ​ធំ​នៅ​ក្នុង​តំបន់​ដែន​ជម្រក​សត្វ​ព្រៃ​ព្រៃ​ឡង់​និង​នៅ​តំបន់​ការពារ​ធម្មជាតិ​ផ្សេង​ទៀត​លែង​កើត​មាន​ទៀត​ហើយ តែ​នៅ​មាន​បទ​ល្មើស​ទ្រង់​ទ្រាយ​តូចៗ​កើត​ឡើង។

អ្នក​នាំពាក្យ​ក្រសួង​បរិស្ថាន​រូប​នោះបញ្ជាក់​ថា​ការ​បញ្ចប់​កិច្ច​សហ​ការ​នេះ​«បាន​បង្ហាញ​ថា​ក្រសួង​បរិស្ថាន​ក្នុង​នាម​សេនាធិការ​នៃ​រាជ​រដ្ឋាភិបាល​និង​មន្ត្រី​របស់​ខ្លួន​មាន​ការ​ទទួល​ខុសត្រូវ​និង​មាន​ភាព​រឹងមាំ​គ្រប់​គ្រាន់​ក្នុង​ភាព​ជាម្ចា​ស់​ក្នុង​ការ​បំពេញ​តួនាទី​និង​ភារកិច្ច​របស់​ខ្លួន​លើ​ការ​ការពារ​និង​អភិរក្ស​ធនធាន​ធម្មជាតិ​ដោយ​ឈរ​នៅ​លើ​មូលដ្ឋាន​ច្បាប់​ជា​ធរមាន។

លោក​បន្ថែម​ថា​ការ​បញ្ចប់​ជំនួយ​របស់​អាមេរិក​ជួយ​ដល់​ការ​ការពារ​ព្រៃឡង់​នេះ «មិន​មាន​អ្វីធ្វើ​ឲ្យ​ប៉ះពាល់​ទៅ​ដល់​ទំនាក់ទំនង​រវាង​ក្រសួង​បរិស្ថាន​និង​ទីភ្នាក់ងារ​សហរដ្ឋអាមេរិក​សម្រាប់​ការ​អភិវឌ្ឍ​អន្តរជាតិ ​USAID ឬ​ក៏​ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា​នោះ​ទេ។ ភាគី​ទាំង​ពីរ​នៅ​តែ​បន្ត​ធ្វើ​កិច្ច​សហប្រតិបត្តិការ​ជាមួយគ្នា​លើ​ផ្នែក​មួយ​ចំនួន​ដែល​មាន»។

ការ​ប្រកាស​បញ្ចប់​ជំនួយ​លើ​ផ្នែក​ការ​ពារ​ព្រៃឈើ​កម្ពុជា​នេះ ស្រប​ពេល​ដែល​ទំនាក់ទំនង​រវាង​ប្រទេស​ទាំងពីរ​មាន​ភាព​តាន​តឹង។ កាល​ពី​សប្តាហ៍​មុន ក្រសួង​ការពារ​ជាតិ​កម្ពុជា​បាន​ចាត់​ទុក​ប្រតិកម្ម​របស់​ស្ថាន​ទូត​អាមេរិក​ក្រោយ​ចុះ​ពិនិត្យ​នៅ​មូលដ្ឋាន​ទ័ព​រាម​«ជា​ការ​ព្យាយាម​បង្កើត​បញ្ហា​ថ្មី និង​បំភ្លៃ​ការ​ពិត ដែល​នាំ​ឲ្យ​មាន​ភាព​ល្អក់​កករ​កាន់​តែ​ខ្លាំង​ឡើង​ដល់​ទំនាក់ទំនង​យោធា​រវាង​ប្រទេស​ទាំង​ពីរ»។ ក្រសួង​ការពារ​ជាតិ​ក៏​បាន​ស្នើ​សុំ​ដោយ​ទទូច​ដល់​សហរដ្ឋ​អាមេរិក​បញ្ឈប់​ការ​បង្កើត​សេណារីយ៉ូ​ថ្មីៗ​ដែល​នាំ​មក​នូវ​ភាព​អវិជ្ជមាន​និង​សូម​ឲ្យ​គោរព​ដល់​អធិបតេយ្យភាព​កម្ពុជា នៅ​ក្នុង​ការ​ចោទ​ប្រកាន់​មួយ​ថា​កម្ពុជា​កសាង​ហេដ្ឋារចនា​សម្ព័ន្ធ​នៅ​មូលដ្ឋាន​កង​ទ័ព​រាម សម្រាប់​មូលដ្ឋាន​កង​ទ័ព​ចិន​នៅ​ពេល​ខាង​មុខ ៕

 

Click to comment

Leave a Reply

Your email address will not be published.

Facebook