Connect with us

ព័ត៌មានជាតិ

អគ្គនាយកអន្តោប្រវេសន៍ ស្នើវៀតណាម ផ្តល់កិច្ចសហការ ដើម្បីបញ្ជូនជនអន្តោប្រវេសន៍វៀតណាម ចេញពីកម្ពុជាឱ្យបានឆាប់

ភ្នំពេញ៖ នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានស្នើទៅកាន់ភាគីវៀតណាម ឱ្យផ្តល់កិច្ចសហការនានា ដើម្បីកម្ពុជាបញ្ជូនជនអន្តោប្រវេសន៍វៀតណាម ដែលកំពុងរស់នៅលើដីកម្ពុជាត្រឡប់ទៅវៀតណាមវិញបានឆាប់។

សំណើរបស់លោក គៀត ច័ន្ទថារិទ្ធ បានធ្វើឡើងក្នុងពេលលោកអនុញ្ញាតឱ្យលោក វូ ខ្វាង មីង ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅកម្ពុជា ចូលសម្តែងការគួរសម និងជម្រាបលានៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១ម្សិលមិញនេះ។

បើតាមព័ត៌មានដែលចេញផ្សាយដោយអគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៅក្នុងជំនួបនោះនាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ បានគូសបញ្ជាក់ទៅលោកទូតវៀតណាមថា ការងារគ្រប់គ្រងជនបរទេស និងការអនុវត្តន៍ច្បាប់អន្តោប្រវេសន៍នៅកម្ពុជា គឺមានមិនដែលមានការរើសអើងនោះឡើយ។

ក្នុងជំនួបនោះលោក ឯកអគ្គរដ្ឋទូតវៀតណាម បានថ្លែងអំណរគុណចំពោះកិច្ចខិតខំប្រឹងប្រែងរបស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ លើការងារគ្រប់គ្រងជនបរទេស ជាពិសេសប្រជាជនវៀតណាម ដែលកំពុងស្នាក់នៅក្នុងប្រទេសកម្ពុជានាពេលកន្លងមក ក្នុងនោះរួមមានៈ ការងារជំរឿនស្ថិតិជនបរទេស, ការទទួលពាក្យស្នើសុំ និងផ្តល់ប័ណ្ណស្នាក់នៅអចិន្រ្តៃយ៍ដល់ជនបរទេស និងការអនុវត្តច្បាប់អន្តោប្រវេសន៍ ជាដើម។

លោកឯកអគ្គរដ្ឋទូត ក៏បានលើកឡើងអំពីបញ្ហាប្រឈមមួយចំនួន ពាក់ព័ន្ធនឹងសិទ្ធិ និងប្រសិទ្ធភាពនៃការប្រើប្រាស់ប័ណ្ណស្នាក់នៅអចិន្រ្តៃយ៍ នៅក្នុងជីវភាពរស់នៅប្រចាំថ្ងៃ របស់ប្រជាជនវៀតណាមនៅរាជធានីភ្នំពេញ និងតាមបណ្តាខេត្តផងដែរ។

ជាការឆ្លើយតបនឹងបញ្ហានេះ នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ បានលើកឡើងថា អគ្គនាយកដ្ឋានអន្តោប្រវេសន៍ នឹងធ្វើការសម្របសម្រួលបន្ថែមទៀត លើការងារផ្សព្វផ្សាយបទបញ្ញត្តិ ស្តីពីសិទ្ធិក្នុងការប្រើប្រាស់ប័ណ្ណស្នាក់នៅអចិន្រ្តៃយ៍ សម្រាប់ជនបរទេសនៅក្នុងប្រទេសកម្ពុជា ដល់អាជ្ញាធរមូលដ្ឋានតាមរាជធានី ខេត្ត ដើម្បីឱ្យមានការយល់ដឹង និងអនុវត្តត្រឹមត្រូវឈរលើមូលដ្ឋានច្បាប់៕

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Facebook