Connect with us

ព័ត៌មានជាតិ

អាជ្ញាធរទន្លេសាប បង្ហាញអត្ថបទការសិក្សាអំពី ដើមរាំងទឹក នៅបឹងទន្លេសាប

(ភ្នំពេញ)៖ នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២១ អាជ្ញាធរទន្លេសាប បានចេញផ្សាយព័ត៌មាន បឋមមួយអំពីការធ្វើការសិក្សាស្រាវជ្រាវអំពីដើមរាំងទឹក ដែលពេលនេះសម្បូរនៅតំបន់បឹងទន្លេសាប ដោយបានបង្ហាញការកត់សម្គាល់លក្ខណៈពិសេសរបស់ដើមរាំងទឹក មាន ៤ចំណុច។

ការសិក្សាបង្ហាញថា ចំណុចទី១-រាំងទឹក ជាប្រភេទព្រៃលិចទឹក ដែលមានឈ្មោះវិទ្យាសាស្រ្ត (Scientific Name) Barringtonia acutangula (L.) Gaertn. ស្ថិតក្នុងលំដាប់ (Order) Ericales និងនៅក្នុងគ្រួសារ (Family) Lecythidaceae។ ចំណុចទី២-លក្ខណៈជីវសាស្ត្រ៖ រាំងទឹក មានកម្ពស់ចាប់ពី ៥-២៥ម៉ែត្រ ដុះរាយប៉ាយនៅជុំវិញបឹងទន្លេសាប និងសម្បូរច្រើនក្នុងតំបន់ ៣ ពិសេសដុះក្រាស់ស្តុកនៅតំបន់កំពង់ភ្លុក និងកំពង់ឃ្លាំង នៃខេត្តសៀមរាប។ ដើមរាំងទឹក លិចទឹកកម្ពស់ចាប់ពី ៦-៨ម៉ែត្រ នៅរដូវវស្សា។ ជាប្រភេទរុក្ខជាតិធ្វើការបន្តពូជតាមរយៈគ្រាប់ និងការដុះឡើងវិញក្នុងទម្រង់ជាខ្នែង។

ចំណុចទី៣-អត្ថប្រយោជន៍៖ អំណោយផលល្អដល់ផ្នែកទេសចរណ៍ធម្មជាតិ សម្រាប់អ្នកភូមិកំពង់ភ្លុក ធ្វើការអុំទូកដឹកភ្ញៀវទេសចរកម្សាន្តមើលទេសភាពក្រោមព្រៃដើមរាំងទឹកទាំងនោះ និងជាប្រភពចំណូលមួយផ្នែកផងដែរ។
មានប្រយោជន៍យ៉ាងច្រើន សម្រាប់ផ្តល់ជាទីជម្រកដល់ពពួកសត្វផ្សេងៗ ពិសេសសម្រាប់ឱ្យត្រីពងកូន រីកលូតលាស់ធំធាត់ ផ្តល់ជាចំណីអាហារ និងជាជម្រកដ៏ល្អរបស់សត្វស្លាបទឹក។ ស្លឹកខ្ចីរបស់រាំងទឹកអាចបរិភោគ និងយកសម្បកវាធ្វើជាឱសថផ្សេងៗ ដូចជា ព្យាបាលជំងឺគ្រុនចាញ់ ជំងឺរាក និងជំងឺស្វាយជាដើម។ ផ្លែវាអាចយកទៅលីង កិនល្អិតៗ សម្រាប់លាបធ្មេញ និងអញ្ចាញធ្មេញ ដើម្បីការពារមិនឱ្យរាក់ស៊ីធ្មេញ។ ដើមរាំងទឹក គេតែងយកទៅធ្វើជាត្បាល់ កិន និងធ្វើជាអុស-ធ្យូង។ ចំណុចទី៤-ផ្សេងៗ បានបង្ហាញថា ដើមរាំងទឹក រងការគំរាមកំហែង ដោយកន្លងមកថ្មីៗនេះ មានឈ្មួញខិលខូចលួចធ្វើការគាស់ដើមរាំងទឹកធំៗទាំងឫស នាំចេញទៅប្រទេសវៀតណាម៕

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Facebook