Connect with us

ព័ត៌មានសេដ្ឋកិច្ច

រដ្ឋមន្ត្រីក្រសួងសាធារណការ ស្នើឱ្យក្រុមហ៊ុនសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុពន្លឿនការងារសាងសង់ឱ្យរួចរាល់នៅខែកញ្ញាឆ្នាំ ២០២២

(ភ្នំពេញ)៖ រដ្ឋមន្ត្រីក្រសួងសាធារ ណការ ស្នើឱ្យក្រុមហ៊ុនសាង សង់ផ្លូវល្បឿនលឿនពីភ្នំពេញទៅខេត្តព្រះសីហនុពន្លឿនការងារសាងសង់ឱ្យរួចរាល់នៅខែកញ្ញាឆ្នាំ២០២២ ដើម្បីឈានទៅបញ្ចប់មុនការ កំណត់ ។

ឯកឧត្ដមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសា ធារណការ និងដឹកជញ្ជូន បានស្នើឱ្យក្រុមហ៊ុនសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសី ហនុ ពន្លឿនការងារសាងសង់របស់ខ្លួនឱ្យបានចប់សព្វគ្រប់នៅខែកញ្ញា ឆ្នាំ២០២២ និងឱ្យក្រុមហ៊ុនពិនិត្យលទ្ធភាពអនុញ្ញាតឱ្យប្រជាពលរដ្ឋប្រើ ប្រាស់សាកល្បង ដើម្បីបានស្វែងយល់ពីផ្លូវនេះ។

ក្នុងឱកាសដឹកនាំគណៈ ប្រតិភូចម្រុះចុះបំពេញបេស កកម្មពិនិត្យមើលសកម្មភាព និងវឌ្ឍនភាពសាងសង់ផ្លូវ ល្បឿនលឿន ភ្នំពេញ-ក្រុងព្រះសីហនុ ដោយមានការ ចូលរួមពីមន្ត្រីជំនាញពាក់ព័ន្ធ តំណាងក្រុមហ៊ុនសាងសង់ តំណាងក្រុមហ៊ុនត្រួតពិនិត្យបច្ចេកទេស និងភាគីពាក់ព័ន្ធនាព្រឹកថ្ងៃទី២១ ខែមិថុនា ឯកឧត្ដមទេសរដ្ឋមន្ត្រីបានបញ្ជាក់ថា ការពន្លឿនការ សាងសង់ផ្លូវល្បឿនលឿនភ្នំពេញព្រះសីហនុនេះ ដើម្បីឱ្យប្រជាពលរដ្ឋ និងអ្នកវិនិយោគអាចធ្វើចរាចរបានឆាប់រហ័ស សំដៅជំរុញ និងស្តារសេដ្ឋកិច្ចជាតិ។

ឯកឧត្តមទេសរដ្ឋមន្ត្រីបានអំពាវនាវដល់ប្រជាពលរដ្ឋ និងក្រុមហ៊ុនដឹកជញ្ជូន សូមកុំដឹកជញ្ជូនទំនិញលើសទម្ងន់កម្រិតកំណត់និងបានសំណូម ពរឱ្យអ្នកប្រើប្រាស់ផ្លូវថ្នល់ទាំងអស់គោរពច្បាប់ចរាចរ ណ៍ឱ្យបានខ្ជាប់ខ្ជួន មិនត្រូវបើកបរលើសល្បឿនកំណត់ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងសូមចូលរួមទាំងអស់គ្នាក្នុងការថែរក្សាផ្លូវថ្នល់របស់យើងឱ្យបានគង់វង្ស ដើម្បីកាត់បន្ថយការចំណាយថវិការបស់រដ្ឋាភិបាល ដែលរកបានដោយលំបាក។

ជាមួយគ្នានេះផងដែរ លោកជំទាវ និន សាផុន ប្រធានគណៈកម្មការសាធារណការ ដឹកជញ្ជូន ទូរគមនាគមន៍ ប្រៃសណីយ៍ ឧស្សាហកម្មរ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ (គណៈកម្មការទី៩) នៃរដ្ឋសភា បានសម្តែងនូវមោទនភាពយ៉ាងក្រៃលែងដែលបានឃើញការអភិវឌ្ឍយ៉ាងឆាប់រហ័សនូវផ្លូវល្បឿនលឿនដែលជាផ្លូវទីមួយរបស់ព្រះរាជាណាចក្រកម្ពុជា ជាផ្លូវដែលមានដំណើរទិសពីរាជធានីភ្នំពេញទៅកាន់កំពង់ផែសមុទ្ររបស់យើង និងបានវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំក្រសួងសាធារណ ការ និងដឹកជញ្ជូន ដែលបានខិតខំប្រឹងប្រែងបំពេញការងារធ្វើឱ្យផ្លូវល្បឿនលឿនទីមួយនេះលេចជារូបរាងឡើង។

សូមបញ្ជាក់ថា គម្រោងផ្លូវល្បឿនលឿន-ភ្នំពេញព្រះសី ហនុ មានប្រវែង ១៩០គីឡូ ម៉ែត្រ ដែលបានបើកការដ្ឋានសាងសង់ កាលពីខែកក្កដា ឆ្នាំ២០១៩ គិតត្រឹមថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១ ដំណើរ ការសាងសង់សម្រេចបាន៥៥ ភាគរយហើយ និងគ្រោងបញ្ចប់នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣។ ផ្លូវនេះ តភ្ជាប់ពីភូមិ ១ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដល់ភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ៕


Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Facebook