បរទេស ៖ រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែលលោក Yair Lapid បានថ្កោលទោសប្រធានាធិបតីជាប់ឆ្នោតថ្មីរបស់អ៊ីរ៉ង់លោក Ebrahim Raisi ដោយនិយាយថា លោកប្តេជ្ញាចំពោះមហិច្ឆតានុយក្លេអ៊ែររបស់របបនេះ និងយុទ្ធនាការភេរវកម្មពិភពលោក ។
លោក Ebrahim Raisi គឺជាអ្នកប្រាជ្ញច្បាប់ និងជាប្រធានតុលាការឥស្លាមអភិរក្ស បានទទួលជ័យជម្នះនៅក្នុងការបោះឆ្នោតប្រធានាធិបតីអ៊ីរ៉ង់កាលពីថ្ងៃសុក្រ ដោយមានសំឡេងឆ្នោតប្រហែល ៦២ ភាគរយ ។
លោក Lapid បាននិយាយនៅលើបណ្តាញសង្គម Twitter កាលពីថ្ងៃសៅរ៍ថា លោក Raisi គឺជាអ្នកជ្រុលនិយមដែលទទួលខុសត្រូវ ចំពោះការស្លាប់របស់ប្រជាជនអ៊ីរ៉ង់រាប់ពាន់នាក់ ។ តាមពិតគាត់សំដៅទៅលើការអះអាងរបស់អ៊ីស្រាអែលដែលថា លោក Raisi បានចូលរួមក្នុងការបង្ក្រាបក្រុមប្រឆាំង ។
លោក Lapid បានបន្ថែមថា ការបោះឆ្នោតរបស់លោក Raisi គួរតែជំរុញការប្តេជ្ញាចិត្តជាថ្មី ដើម្បីបញ្ឈប់កម្មវិធីនុយក្លេអ៊ែរអ៊ីរ៉ង់ជាបន្ទាន់ និងបញ្ចប់នូវមហិច្ឆិតាក្នុងតំបន់ដែលកំពុងបង្កការអន្តរាយ ខណៈ អ៊ីស្រាអែលមើលឃើញថា កិច្ចព្រមព្រៀងនុយក្លេអ៊ែរមិនគ្រប់គ្រាន់ ដើម្បីបញ្ឈប់កម្មវិធីនុយក្លេអ៊ែរអ៊ីរ៉ង់នោះទេ។
យ៉ាងណាមិញ រឿងរាវនេះ នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Naftali Bennett ដែលបានចូលកាន់តំណែងនៅខែនេះ បាននិយាយនៅក្នុងសុន្ទរកថាមួយថា អ៊ីស្រាអែលនឹងមិនអនុញ្ញាតឱ្យអ៊ីរ៉ង់ទទួលបានអាវុធនុយក្លេអ៊ែរនោះទេ ហើយប្រទេសរបស់លោក មានសេរីភាពក្នុងការធ្វើសកម្មភាពពេញលេញ ៕