ភ្នំពេញ៖ ក្រុមហ៊ុន Public Housing Development (Cambodia) ដែលជាបុត្រសម្ព័ន្ធរបស់ HLH Group (ហុង ឡៃហួត គ្រុប) កាលពីថ្មីៗនេះ បានព្រមព្រៀងជាមួយ ឡៅ ចាន់ណារ៉ា ទិញដីទំហំ ១,២ ហិកតា នៅខណ្ឌទួលគោក ដើម្បីសាងសង់គម្រោងអភិវឌ្ឍចម្រុះថ្មីមួយ។
យោងតាមសារព័ត៌មាន The Business Times ភាគីទាំង ២ បានព្រមព្រៀងលើការទិញលក់នេះ កាលពីថ្ងៃទី ១១ ខែកញ្ញា កន្លងមកនេះ ក្នុងតម្លៃ ២២.៥ លានដុល្លារអាមេរិក។
HLH Group បានឱ្យដឹងថា ការទិញដីនេះគឺជាផ្នែកមួយនៃកិច្ចខិតខំស្វែងរកឱកាសអភិវឌ្ឍន៍ថ្មីៗ នៅក្នុងតំបន់។
ប្រភពដដែលបានឱ្យដឹងថា ក្រុមហ៊ុននឹងទិញដីនេះ ដោយប្រើមូលនិធិផ្ទៃក្នុង និងកម្ចីពីធនាគារ។ ទោះយ៉ាងណា វានឹងមិនប៉ះពាល់ដល់ទ្រព្យសម្បត្តិជាក់ស្តែង ឬប្រាក់ចំណូលក្រុមហ៊ុនសម្រាប់ឆ្នាំ ២០២០ នេះទេ។
HLH Group មិនទាន់បានបង្ហាញព័ត៌មានលម្អិត ដូចជាកាលបរិច្ឆេទនៃការចាប់ផ្ដើមសាងសង់ និងទុនវិនិយោគនៃគម្រោងអភិវឌ្ឍន៍ចម្រុះថ្មីនេះទេ។
គួរបញ្ជាក់ផងដែរថា HLH Group ឬហុង ឡៃហួត គ្រុប ជាក្រុមហ៊ុនកសិកម្មនិងអចលនទ្រព្យរបស់ប្រទេសសិង្ហបុរី ដែលបច្ចុប្បន្នបានអភិវឌ្ឍគម្រោងជាច្រើននៅក្នុងប្រទេសកម្ពុជា រួមមាន គម្រោង D’Seaview នៅក្រុងព្រះសីហនុ និង គម្រោង Royal Platinum នៅភ្នំពេញ។
នៅដើមខែនេះ ក្រុមហ៊ុនក៏បានចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នាជាមួយក្រុមហ៊ុនដាណឺម៉ាក គ្រោងនឹងបង្កើតតំបន់សេដ្ឋកិច្ចពិសេសកសិកម្មតម្លៃ ១ ពាន់លានដុល្លារនៅកម្ពុជា ផងដែរ ៕