Connect with us

ព័ត៌មានជាតិ

អនុប្រធានទី១ អាជ្ញាធរមីនចាត់ទុក UNDP គឺជាដៃគូការងារ​ដ៏រឹងមាំក្នុងការស្វែងរកការគាំទ្រទាំងផ្នែកថវិកា សម្ភារ និងការផ្តល់ប្រឹក្សាបច្ចេកទេសដល់កម្ពុជា

(ភ្នំពេញ)៖ ឯកឧត្តមទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីនបាន​ចាត់​ទុក​អង្គការ UNDP គឺ​ជា​ដៃគូការងារ​ដ៏រឹងមាំ និង​ធ្វើការងារមិនខ្លាចការនឿយហត់ ជាមួយអាជ្ញាធរមីន ដែលបាន​ចូល​រួមយ៉ាង​សកម្ម ក្នុងការស្វែងរកការគាំទ្រ ដល់គម្រោងបោសសម្អាតមីន ដើម្បីលទ្ធ​ផល​ទាំង​ផ្នែកថវិកា សម្ភារ និងការផ្តល់ប្រឹក្សាបច្ចេកទេសជួយដល់កម្ពុជា។ ការលើកឡើងរបស់​ឯកឧត្ដម​ទេសរដ្ឋមន្រ្ដីនេះ ក្នុងឱកាសអនុញ្ញាតឱ្យលោក Nick Beresford តំណាង UNDP ប្រចាំនៅកម្ពុជា បាន​អញ្ជើញ​ចូល​ជួប​សម្តែង​ការ​គួរសម​ និង​ជម្រាបលា​ក្នុងការ​បញ្ចប់​អាណតិ្ត​បេសកកម្ម​រយៈពេល​ ០៥​ឆ្នាំ​ នាព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១ នៅអគ្គ​លេខាធិ​ការដ្ឋាន​អាជ្ញាធរមីន។ នេះបើយោងតាមផេកហ្វេសប៊ុកផ្លូវការរបស់ឯកឧត្តមទេសរដ្ឋមន្ត្រី លី ធុជ។

ឯកឧត្តមទេសរដ្ឋមន្ត្រី លី ធុជ បានគូសបញ្ជាក់ថា ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា​ បាន​ថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះអង្គការ UNDP ដែលបានចូលរួមចំណែកគាំទ្រដល់​ការងារ​អភិវឌ្ឍន៍នៅកម្ពុជាលើគ្រប់វិស័យ ក្នុងនោះវិស័យបោសសម្អាតមីនតាមរយៈគម្រោង​បោស​សម្អាតមីន ដើម្បីលទ្ធផល ចាប់តាំងពី​ឆ្នាំ២០០៦ រហូតដល់ឆ្នាំ២០២៥ UNDP បាន​កៀរគរនូវធនធានសរុបថវិកាប្រមាណ ៨៤ ៨៦០ ៨៩៥ ដុល្លារអាម៉េរិក ផ្តោតលើខេត្ត​បាត់ដំបង ប៉ៃលិន និងខេត្ដបន្ទាយមានជ័យ។ ឯកឧត្ដមទេសរដ្ឋមន្រ្ដីបានលើកឡើងថា គម្រោង​ទាំងនោះក្រោមការចូល​រួមផ្តល់ជំនួយគាំទ្រពីបណ្តាប្រទេសម្ចាស់ជំនួយ និងដៃគូ​អភិវឌ្ឍន៍ រួមមាន៖ រាជ​រដ្ឋាភិបាល​កម្ពុជា​ អង្គការសហប្រជាជាតិ(UN) អូស្រា្តលី កាណាដា សាធារណរដ្ឋកូរ៉េ ស្វីស អេស្ប៉ាញ សហរដ្ឋអាមេរិក អូទ្រីស អង់គ្លេស ន័រវេស ស៊ុយអែត អៀរឡង់ ប៊ែលហ្សិក និងបារាំង ដែលក្នុងនោះអង្គការ UNDP បានរួមចំណែកថវិកាសរុប ៦ ០៧៩ ៧៩៩ ដុល្លារអាម៉េរិក។
ឯកឧត្ដមទេសរដ្ឋមន្រ្ដីបានបន្ថែមថា ដោយមានការសម្របសម្រួលរបស់លោក Nick Beresford ចាប់ពីឆ្នាំ២០១៦ លោក​បានខិតខំប្រឹងប្រែងកៀរគរនូវធនធានគិតជាថវិកាសរុប ៣២ ២៣១ ៤១៩ ដុល្លារអាម៉េរិក ដែលនឹងត្រូវប្រើប្រាស់រហូតដល់ឆ្នាំ២០២៥ ក្នុងការគោល​ដៅ​បញ្ចប់​ការគំរាមកំហែង​ដោយ​សារមីន ស្របតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា។

លោក Nick Beresford បានសម្ដែងនូវសេចក្តីសប្បាយរីករាយ​ដែលលោកបានបំពេញ​ការងារនៅកម្ពុជា ព្រមទាំងទទួលបាននូវកិច្ចសហប្រតិបត្តិការយ៉ាងល្អ និងការគាំទ្រពីរាជ​រដ្ឋាភិ​បាល​កម្ពុជា លើការរួមចំណែកអភិវឌ្ឍន៍នៅកម្ពុជា ក្នុងនោះរួមមានការងារបោសសម្អាត​មីន មនុស្សធម៌ ដែលបានចូលរួមចំណែកក្នុងផ្តល់ដីមានសុវត្ថិភាពជូនប្រជាពលរដ្ឋ​នៅទីជន​បទ និងកាត់បន្ថយអត្រាគ្រោះថ្នាក់ដោយសារមីន។
សូមបញ្ជាក់ផងដែរថា ក្នុងបេសកកម្មរយៈពេល ០៥ឆ្នាំនេះ សម្រាប់វិស័យសកម្មភាព​មីន​​មនុស្សធម៌ លោក Nick Beresford បានទទួលនូវមេដាយសហមេត្រី ថ្នាក់មហាសិរីវឌ្ឍន៍ ពីរាជរដ្ឋាភិបាលកម្ពុជាក្នុងឱកាសប្រារព្ធសន្និបាតជាតិវិស័យសកម្មភាពមីន ក្រោមអធិបតី​ភាព​ដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះ​រាជាណាចក្រកម្ពុជា កាលពីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៨៕

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Facebook