Connect with us

ព័ត៌មានសេដ្ឋកិច្ច

រោងចក្រផលិតរ៉ែមាស នៅតំបន់អូរខ្វាវ ខេត្តមណ្ឌលគិរីជាគំរូអាជីវកម្មល្អមិនប៉ះពាល់ដល់បរិស្ថាន

(មណ្ឌលគិរី)៖ រដ្ឋមន្ត្រីក្រសួង បរិស្ថានបញ្ជាក់ថា រោងចក្រផលិតរ៉ែមាស នៅតំបន់អូរខ្វាវ ខេត្តមណ្ឌលគិរីជាគំរូអាជីវកម្មល្អដែលមិនប៉ះពាល់ដល់បរិស្ថាន និងសង្គម ខណៈដែលក្រុមហ៊ុន រ៉ឺនេសង់ មីនើរ៉ល (ខេមបូឌា) លីមីធីត ជារោងចក្រឧស្សហកម្មលក្ខណៈស្តង់ដារអន្តរជាតិត្រឹមត្រូវ ។

ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានឱ្យដឹងថា ក្រុមហ៊ុន រ៉ឺនេសង់ មីនើរ៉ល (ខេមបូឌា) លីមីធីត ជាក្រុមហ៊ុនលំដាប់ពិភពលោកដោយមានការប្តេជ្ញាចិត្តខ្ពស់ ដែលមិនធ្វើអ្វីដែលប៉ះពាល់ដល់បរិស្ថាន ប្រជាជន និងសហគមន៍ដែលរស់នៅជុំវិញតំបន់ដែលខ្លួនបានធ្វើអាជីវកម្មនោះទេ។ ឯកឧត្តមរដ្ឋមន្រ្តីបញ្ជាក់ថា ការធ្វើអាជីវកម្មរ៉ែមាស នៅក្នុងតំបន់អូរខ្វាវ ខេត្តមណ្ឌលគិរីនេះ គឺមានស្ថានភាពធូរស្រាលលើបញ្ហាបរិស្ថានទៅវិញទេ ព្រោះក្រសួងបានតម្រូវឱ្យក្រុមហ៊ុន ធ្វើការវាយតម្លៃផលប៉ះពាល់បរិស្ថាន និងសង្គមជាមុន ទើបអនុញ្ញាតឱ្យធ្វើអាជីរកម្មនេះ។

« ការធ្វើអាជីវកម្មមាស កម្រិតឧស្សាហកម្មនេះ តាមពិតទៅវាធូរស្រាលទេ បញ្ហាបរិស្ថាននេះ ព្រោះដោយសារទី១ ក្រុមហ៊ុន រ៉ឺនេសង់ មីនើរ៉ល (ខេមបូឌា) លីមីធីត ក៏ដូចជាក្រុមហ៊ុនដទៃទៀតដែរ គឺយើងតម្រូវឱ្យគាត់ធ្វើការវាយតម្លៃ ផលប៉ះពាល់បរិស្ថាន និងសង្គម ហើយកិច្ចការងារនេះគឺគាត់ត្រូវធ្វើជាមួយក្រសួងបរិស្ថាន »។
ឯកឧត្តមរដ្ឋមន្ត្រីក្រសួង បរិស្ថាន ក៏បានកោតសសើរចំពោះក្រុមហ៊ុន រ៉ឺនេសង់ មីនើរ៉ល (ខេមបូឌា) លីមីធីត ចំពោះការអនុវត្តស្តង់ដារអាជីវកម្ម ដោយមិនត្រឹមតែមកធ្វើអាជីវកម្មរ៉ែមាស នៅក្នុងទឹកដីកម្ពុជានោះទេ ប៉ុន្តែក្រុមហ៊ុនក៏ត្រូវឆ្លើយតបទៅនឹងសង្គមជាតិ និងប្រជាជនផងដែរ។
ឯកឧត្តម ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពល បានបញ្ជាក់ដែរថា ដំណើរការអាជីវកម្មនិងប្រតិបត្តិការធនធានរ៉ែ នៅការដ្ឋាននិងរោងចក្រចម្រាញ់រ៉ែមាសនេះ ត្រូវបានអនុវត្តន៍ដោយប្រកាន់យកតាមនិយាមជាអន្តរជាតិ ស្ដីពីការការពារគុណភាពបរិស្ថាន និងផលប្រយោជន៍សង្គមនៅក្នុងសហគមន៍មូលដ្ឋាន។ ក្រសួងក៏បានត្រួតពិនិត្យយ៉ាងហ្មត់ចត់ ដោយយន្តការត្រួតពិនិត្យនិងអភិបាលកិច្ចពហុភាគី ក្នុងការជំរុញធានាឱ្យបានសម្រេចតាមគោលដៅ សេដ្ឋកិច្ចបរិស្ថាននិងគោលដៅសង្គម ស្របតាមផែនការកំណត់ដោយបរិស្ថានផងដែរ។

គួរបញ្ជាក់ថា វត្តមាននៃរោងចក្រចម្រាញ់រ៉ែមាស របស់ក្រុមហ៊ុម រ៉ឺនេសង់ មីនើរ៉ល ខេមបូឌា លីមីធីត ដែលត្រូវបានបើកដំណើរការកាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១ ជាកំណត់ត្រាដំបូងជាប្រវត្តិសាស្ត្រ នៃការចាប់ផ្ដើមឧស្សាហកម្មចម្រាញ់រ៉ែមាសរបស់កម្ពុជា ដែលកើតចេញពីនយោបាយឈ្នះ ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបាននាំមកនូវសន្តិភាព ស្ថេរភាពនយោបាយ និងការឯកភាពជាតិ ជូនជាតិ និងមាតុភូមិ ដែលជាកត្តាចាំបាច់បំផុត និងមិនអាចខ្វះបាន ក្នុងការអនុញ្ញាតឱ្យមានការវិនិយោគ ទ្រង់ទ្រាយធំនៅក្នុងវិស័យធនធានរ៉ែនេះ៕

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Facebook