Connect with us

ព័ត៌មានជាតិ

កម្ពុជាស្នើឱ្យក្រុមហ៊ុនអាមេរិកជួយចូលរួមសាងសង់ហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា

ភ្នំពេញ៖​ រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តម ស៊ុន ចាន់ថុល កាលពីថ្មីៗនេះ បានស្នើឱ្យក្រុមហ៊ុនសំណង់អាមេរិក ជួយចូលរួមក្នុងគម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធនានា នៅកម្ពុជា។

ការស្នើនេះធ្វើឡើងក្នុងជំនួបពិភាក្សាការងាររវាងឯកឧត្តម ស៊ុន ចាន់ថុល និង ឯកឧត្ដម Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា កាលពីថ្ងៃទី១១ ខែកញ្ញា កន្លងមកនេះ។

ឯកឧត្តម ស៊ុន ចាន់ថុល បានលើកឡើងថា បច្ចុប្បន្ន មានគម្រោងជាច្រើនដែលកំពុងសាងសង់ដូចជា ផ្លូវ ស្ពាន និងប្រព័ន្ធប្រព្រឹត្តិកម្មទឹកកខ្វក់ជាដើម ដែលគម្រោងទាំងនេះសុទ្ធសឹងតែត្រូវការជំនួយ និងការបណ្ដាក់ទុនពីអ្នកវិនិយោគ។

ជាមួយគ្នានេះដែរ ឯកឧត្តមក៏បានស្នើសុំឱ្យ ខាងអាមេរិកបញ្ជូនអ្នកជំនាញការ មកជួយបណ្តុះបណ្តាលផ្នែកវិស្វកម្មសំណង់ស៊ីវិលនៅកម្ពុជាផងដែរ។

ឯកឧត្ដមឯកអគ្គរដ្ឋទូត ឧត្ដម Patrick បានទទួលយកសំណើខាងលើទៅពិចារណា ដើម្បីឈានទៅដល់ការពង្រីកបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើវិស័យទាំងនេះ។

គួរបញ្ជាក់ផងដែរថា ឯកឧត្តម ស៊ុន ចាន់ថុល ក៏បានឱ្យដឹងថា ទោះបីជាប្រទេសកំពុងជួបនឹងវិបត្តិក៏ដោយ ក្រសួងនៅតែបន្តអនុវត្តនូវការងារអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធគ្រប់គម្រោងយ៉ាងសស្រាក់សស្រាំគ្មានបង្អង់ដៃ ៕

Click to comment

Leave a Reply

Your email address will not be published.

Facebook