Connect with us

ព័ត៌មានជាតិ

ម្ចាស់កសិដ្ឋានផ្ទះសំណាញ់ សម្រាប់ដាំបន្លែសុវត្ថិភាព ខេត្តមណ្ឌលគិរីប្រាប់ពីបច្ចេកទេសដាំការ៉ុតឲ្យទទួលបានទិន្នផលខ្ពស់

(មណ្ឌលគិរី)៖ ម្ចាស់កសិដ្ឋានផ្ទះសំណាញ់សម្រាប់ដាំបន្លែសុវត្ថិភាពខេត្តមណ្ឌលគិរី បានប្រាប់ពីបច្ចេកទេសដាំការ៉ុតឲ្យទទួលបាន ទិន្នផលខ្ពស់ ខណៈដែលបច្ចុប្បនុ្នដំណាំប្រភេទនេះកំពុងមានទីផ្សារល្អ ដោយមិនត្រឹមតែផ្គត់ផ្គង់ក្នុងខេត្តប៉ុណ្ណោះទេ គឺថែមទាំងនាំចេញទៅខេត្តដទៃទៀតផង។

លោក មុយ រ៉ាដូ ម្ចាស់កសិដ្ឋានផ្ទះសំណាញ់ សម្រាប់ដាំបន្លែសុវត្ថិភាព និងជាកសិករដាំការ៉ុត រស់នៅក្នុងស្រុកកោះញែក ខេត្តមណ្ឌលគិរី បានប្រាប់វិទ្យុជាតិកម្ពុជាថា លោកបានចាប់របរដាំបន្លែសុវត្ថិភាពនេះ អស់រយះពេលជាង៨ឆ្នាំមកហើយ ដើម្បីបំពេញតម្រូវការផ្គត់ផ្គង់ ក្នុងខេត្ត និងនាំចេញទៅលក់នៅរាជធានីភ្នំពេញ និងខេត្តផ្សេងៗទៀត ខណៈដែលឈ្មួញខ្លះ បានចុះទៅទិញដល់ចម្ការតែម្តង។ លោកបន្តថា សម្រាប់ប្រជាកសិករដែលចង់ដាំការ៉ុតឲ្យទទូលបានផលល្អ ត្រូវសិក្សាបច្ចេកទេសដាំជាមុនសិន ទើបមិនខាតបង់ថវិកា។

លោកបានប្រាប់ពីបច្ចេកទេសដាំការ៉ុតឲ្យទទួលបានផលល្អ ជាដំបូងដល់កសិករ គឺយើងត្រូវត្រៀមដាស់ដី និងលើកដីជារង ត្រូវបាចកំបោរចោល២អាទិត្យសិន ត្រូវតប្រព័ន្ធទឹកឲ្យបានត្រឹមត្រូវតាមបច្ចេកទេស បន្ទាប់មកគឺយកគ្រាប់ទៅដាំ ដាក់ជី និងក្រោយពី ការដាំរយៈពេល៣ខែ ទើបអាចប្រមូលផលបាន ។ លោកបានបន្ថែមថា ក្នុងមួយឆ្នាំយើងអាចដាំការ៉ុតបាន៣ដង ហើយមើមការ៉ុត ដែលលោកដាំក្នុងខេត្តមណ្ឌលគិរី គឺមានរស់ជាតិឆ្ងាញ់ មិនប្រើប្រាស់ជីគីមីទេ ជាពិសេស វាគឺជាប្រភេទដំណាំ ដែលមានអត្ថប្រយោជន៍ ច្រើនចំពោះសុខភាពមនុស្ស ពីព្រោះការ៉ុត បានជួយរក្សាតុល្យភាពជាតិស្ករក្នុងឈាម ជំនួយភ្នែក ជួយរក្សាទម្ងន់ ជួយកាត់បន្ថយហានិភ័យ មហារីក ជួយដល់សម្ពាធឈាម ជួយកាត់បន្ថយហានិភ័យជំងឺបេះដូង ជួយដល់ប្រព័ន្ធការពារ និងក៏ជាអាហារបំប៉នផងដែរ។

ខ្ញុំសូមសំណូមពរឲ្យប្រជាពលរដ្ឋ ទាំងអស់ជួយគាំទ្រផលិតផលក្នុងស្រុក ការ៉ុត ឬក៏ស្ពៃក្ដោប ស្ពៃបូកគោ ខ្ទឹមបារាំង ដើម្បីឲ្យ ប្រជាពលរដ្ឋយើងមានចំណូលសមរម្យ មិនចំណាកស្រុក និងអាចឲ្យគាត់អាចមានជីវភាពធូធារលើការដាំបន្លែ លក់ជាបន្លែសុវត្ថិភាព បានកាន់តែច្រើន។

សូមបញ្ជាក់ថា កសិដ្ឋានផ្ទះសំណាញ់ សម្រាប់ដាំបន្លែសុវត្ថិភាពនៅខេត្តមណ្ឌលគិរីនេះ គឺបានបង្កើតឡើងតាំងពីឆ្នាំ២០១៨ លើទំហំផ្ទៃដី ១០ហិកតា។ ក្នុងនោះ មានដូចជា៖ ដាំការ៉ុត ដំឡូងបារំាង ដំឡូងជ្វា ឆៃថាវ ប៉េងប៉ោះ ត្រសក់ ស្ពៃក្ដោប និងស្ពៃបូកគោជាដើម៕

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Facebook