(ភ្នំពេញ)៖ គម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ចដំណាក់ទី៣ (LASED III) ជាគម្រោងមួបន្តពីគម្រោង (LASED-II) ដែលទទួលកម្ចីឥណទានពីធនាគារពិភពលោក មានរយៈពេល៦ឆ្នាំ ដែលចាបអនុវត្តពីថ្ងៃទី៦ ខែតុលា ឆ្នាំ២០២០ និងបញ្ចប់នៅខែធ្នូ ឆ្នាំ២០២៦។តាមរយៈគម្រោងនេះ កម្ពុជា រំពឹងថា ពលរដ្ឋខ្វះខាតប្រមាណ១៥ ០០០ គ្រួសារ នឹងទទួលបានដីសម្រាប់រស់នៅនឹងទទួលបានដីសម្រាប់រស់នៅ និងប្រកបរបរកសិកម្ម។
នេះបើតាមសិក្ខាសាលាផ្សព្វផ្សាយស្តីពីការចាប់ផ្តើមអនុវត្តគម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ចដំណាក់ទី៣ (LASED III)កាលថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១។
សិក្ខាសាលាផ្សព្វផ្សាយនេះ ធ្វើឡើងក្រោមវត្តមាន ឯកឧត្តម ជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោកស្រី Mariam J. Sherman នាយិកាធនាគារពិភពលោកប្រចាំប្រទេសកម្ពុជា ឡាវ និងមីយ៉ាន់ម៉ា ព្រមទាំងភាគីពាក់ព័ន្ធប្រមាណជា ៥៥០នាក់។

គម្រោងបែងចែកដីសម្បទានសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ចដំណាក់កាលទី៣ (LASEDIII) គឺជាគម្រោងដែលមានសកម្មភាពដើម្បីគាំទ្រដល់ការអនុវត្តកម្មវិធីសម្បទានដីសង្គមកិច្ចរបស់រាជរដ្ឋាភិបាល ដើម្បីបែងចែកដីដល់អ្នកក្រីក្រគ្មានដី តាមរយៈសម្បទានដីសង្គមកិច្ចដើម្បីលើកកម្ពស់ជីវភាពរបស់គ្រួសារក្រីក្រនិងក្រុមងាយរងគ្រោះ។

គម្រោងនេះ ចាប់អនុវត្តដោយបែងចែកជា៣ដំណាក់កាល គឺ ដំណាក់កាលទី១ (LASED-I ) ឆ្នាំ២០០៨-២០១៥។ដំណាក់កាលទី២ (LASED-II) ឆ្នាំ២០១៦-២០២១។និងដំណាក់កាលទី៣ (LASED-III) ឆ្នាំ២០២០-២០២៦។
គម្រោង (LASED-III) ជាគម្រោងមួយបន្តពីគម្រោង (LASED-II) ដែលទទួលកម្ចីឥណទានពីធនាគារពិភពលោក មានរយៈពេល៦ឆ្នាំ ដែលចាប់អនុវត្តពីថ្ងៃទី៦ ខែតុលា ឆ្នាំ២០២០ និងបញ្ចប់នៅខែធ្នូ ឆ្នាំ២០២៦។ គម្រោងមានថវិកាសរុប ១០៧លានដុល្លារអាមេរិក ក្នុងនោះ ៩៣លានដុល្លារអាមេរិក ជាថវិកាកម្ចីពីធនាគារពិភពលោក (IDA) និង១៤លានដុល្លារអាមេរិក ជាថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា (RGC) ដែលអនុវត្តដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។

គម្រោងគ្របដណ្តប់លើខេត្តគោលដៅដែលមានដីសមស្របអំណោយផលសម្រាប់យកមកអនុវត្ត លើកលែងតែរាជធានីភ្នំពេញ ដែលផ្តោតការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធសាធារណៈ និងការផ្តល់សេវាគាំទ្របច្ចេកទេសសម្រាប់ការប្រកបរបរចិញ្ចឹមជីវិតផ្អែកលើកសិកម្មជាមូលដ្ឋាន។ លទ្ធផលរំពឹងទុកនៃគម្រោង គឺប្រជាពលរដ្ឋក្រីក្រប្រហាក់ប្រហែលចំនួន ១៥ ០០០ គ្រួសារនឹងទទួលបានដីសម្រាប់រស់នៅ និងប្រកបរបរកសិកម្ម នឹងមានលទ្ធភាពទទួលបានធនធានកសិកម្ម ការរៀបចំទៅជាកសិពាណិជ្ជករ និងសេវាសង្គមទូទៅ រួមទាំងហេដ្ឋារចនាសម្ព័ន្ធរូបវន្តផ្លូវថ្នល់នៅក្នុងសហគមន៍នៃគម្រោងផងដែរ៕
