ភូមា៖ នៅក្នុងទិវាអន្តរជាតិប្រឆាំងគ្រឿងញៀន ថ្ងៃទី២៦មិថុនានេះ អាជ្ញាធររបបសឹកភូមា បានធ្វើការដុតកំទេចចោលគ្រឿងញៀន ដែលខ្លួនរឹបអូសបាន គិតជាទឹកប្រាក់ប្រមាណ ជាង៦០០លានដុល្លារ សហរដ្ឋអាមេរិក។ សូមបញ្ជាក់ថា គ្រឿងញៀន អាភៀន ថ្នាំហេរ៉ូអ៊ីន និង ម៉េតំហ្វេតេមីន ក្នុងចំនួនដ៏ច្រើនសន្ធឹក ត្រូវបានផលិតនៅក្នុងប្រទេសភូមា មុននឹងចែកចាយបន្ត នៅតាមប្រទេសអាស៊ីអាគ្នេយ៍។
នៅទីក្រុងរ៉ង់ហ្គូន អាជ្ញាធរភូមាបានអញ្ជើញអ្នកកាសែត ឲ្យចូលរួម យកព័ត៌មាន ថតរូបភាព នៃសកម្មភាពដុតបំផ្លាញគ្រឿងញៀន ដែលគេច្រកក្នុងបាវ មានដូច កញ្ឆា គ្រាប់ថ្នាំញៀនពណ៌ផ្កាឈូក ថ្នាំញៀនហេរ៉ូអ៊ីន និងថ្នាំញៀនច្រើនប្រភេទផ្សេងទៀត។ ផ្សែងខ្មៅខ្លួលខ្មាញ់ បានហោះគួរត្របាច់ បន្ទាប់ពីអាជ្ញាធរបានដុតបំផ្លាញគ្រឿងញៀនទាំងនេះ។
សកម្មភាពដុតបំផ្លាញគ្រឿងញៀនដូចគ្នានេះ គឺត្រូវបានអាជ្ញាធររបបសឹកភូមា រៀបចំធ្វើផងដែរ នៅទីតាំងផ្សេងទៀត ដូចជានៅទីក្រុងម៉ាន់ដាឡេ ទីក្រុងតូងជី និងនៅរដ្ឋហ្សានជាដើម ក្នុងឱកាសទិវាអន្តរជាតិប្រយុទ្ធប្រឆាំងនឹងការជួញដូរគ្រឿងញៀន ថ្ងៃទី២៦មិថុនា ។ ជាសរុប អាជ្ញាធររបបសឹកភូមា បានដុតបំផ្លាញគ្រឿងញៀន គិតជាទឹកប្រាក់ចំនួន ៦៦៨លានដុល្លារ ដែលក្នុងនោះគឺ មានថ្នាំគ្រាប់មេតំហ្វេតាមីន ចំនួន២២៤លានគ្រាប់។ នេះបើផ្អែកតាមតួលេខរបស់នគរបាលភូមា។
គួរបញ្ជាក់ថា ភូមា គឺជាប្រទេសធំទី២ ដែលដាំនិងផលិតអាភៀន ច្រើនជាងគេបំផុត លំដាប់ទី២ បន្ទាប់ពីអាហ្វហ្កានីស្ថាន។ ភូមាក៏ជាប្រទេសដ៏សំខាន់មួយផងដែរ ដែលផលិតថ្នាំគ្រាប់មេតំហ្វេតាមីន ច្រើនជាងគេបង្អស់។ យោងតាមអង្គការសហប្រជាជាតិ រដ្ឋហ្សាន ស្ថិតនៅភាគខាងជើងភូមា គឺជាដែនដី ប្រភពធំបំផុតនៃការផលិតគ្រឿងញៀនដុំរឹងដូចគ្រីស្តាល់ ដែលមានសារធាតុញៀនខ្ពស់ ហើយដែលគេនាំចេញបន្តទៅ អូស្ត្រាលី និងជប៉ុនជាដើម ដើម្បីកែច្នៃ។ រដ្ឋហ្សាន ស្ថិតនៅក្នុងតំបន់ត្រីកោណមាស ជាប់ព្រំដែនជាមួយថៃ និងឡាវ ត្រូវគេស្គាល់ជាច្រើនទសវត្សមកហើយ ថាជាជង្រុកគ្រឿងញៀន។
ប្រភពពីអង្គការសហប្រជាជាតិដដែល បញ្ជាក់ថា ថ្វីបើមានបំរាមហាមឃាត់ធ្វើដំណើរ នៅក្នុងបរិបទកូវីដ១៩ ប្រមាណជាង១ឆ្នាំមកនេះក្តី តែទីផ្សារនៃការជួញដូរថ្នាំញៀន ប្រភេទមេតំហ្វេតាមីន នៅតែកើនឡើងជាលំដាប់ នៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ ក្រុមឈ្មួញទុច្ចរិត នៅតែអាចបំពាន គេចវិះពីការហាមឃាត់ បានជានិច្ច ខណៈទំហំនៃការប្រើប្រាស់ថ្នាំញៀន កាន់តែរីកធំ៕