(ភ្នំពេញ)៖ ក្នុងឱកាសអបអរសាទរទិវាគម្រប់ខួបលើកទី៧០ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជាសម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងជាប្រធានកិត្ដិយសគណបក្សប្រជាជនកម្ពុជាបានថ្លែងថា នៅក្នុងរយៈពេល៧០ឆ្នាំមកនេះ យើងបានខិតខំ តស៊ូ លះបង់ និងចូលរួមយ៉ាងសកម្មនៅក្នុងការបម្រើ ការពារ និងអភិវឌ្ឍប្រទេសជាតិ ក្នុងនោះដៃម្ខាងយើងអភិវឌ្ឍន៍ប្រទេសជាតិ ដៃម្ខាងយើងខិតខំទប់ ស្កាត់មិនឱ្យរបបប្រល័យពូជសាសន៍វិលត្រឡប់មកជាថ្មី រួមនឹងការខិតខំកសាងអភិវឌ្ឍន៍ ប្រទេសជាតិ ធ្វើការបង្រួបបង្រួមជាតិដើម្បីបញ្ចប់សង្រ្គាមផ្ទៃក្នុងបានទាំងស្រុង ធ្វើឱ្យជាតិ ខ្មែរទាំងមូលរស់នៅក្រោមដំបូលបាវចនាតែមួយគឺ ជាតិ សាសនា និងព្រះមហាក្សត្រ។ ការថ្លែងរបស់សម្ដេចប្រធាននេះ តាមរយៈផេកហ្វេសប៊ុកផ្លូវការ នាព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១។
សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន បានគូសបញ្ជាក់ថា ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១នេះ ជាទិវាគម្រប់ខួបលើកទី៧០ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជាដែលមានឈ្មោះដើមបក្សប្រជាជនបដិវត្តន៍ខ្មែរ។ គណបក្សប្រជាជនកម្ពុជា មានប្រភពកើត ចេញពីចលនាតស៊ូស្នេហាជាតិ ប្រឆាំងរបបអាណានិគមនិយមបារាំងដើម្បីឯករាជ្យជាតិ ។
សម្ដេចពញាចក្រីបានបន្ដថា នៅក្នុងរយៈពេល៧០ឆ្នាំមកនេះ យើងបានខិតខំ តស៊ូ លះបង់ និងចូលរួមយ៉ាងសកម្មនៅក្នុងការបម្រើ ការពារ និងអភិវឌ្ឍប្រទេសជាតិ ដោយបានឆ្លង កាត់ឧបសគ្គរាប់រយជំពូក។ ទន្ទឹមនេះ គណបក្សប្រជាជនកម្ពុជា បានដឹកនាំចលនាតស៊ូ ប្រឆាំងរបបអាណានិគមនិយមដើម្បីឯករាជ្យជាតិ បន្ទាប់មកពីឆ្នាំ ១៩៥៣ ដល់ឆ្នាំ ១៩៧០ បានចូលរួមយ៉ាងសកម្មក្នុងការការពារឯករាជ្យ សន្តិភាព និងអធិបតេយ្យជាតិ។ គណ បក្សបានបន្តធ្វើការតស៊ូ ដើម្បីរំដោះជាតិពីការឈ្លានពានរបស់បរទេស ពីភ្លើងសង្គ្រាម ឆ្នាំ១៩៧០-១៩៧៥ និងបានរំដោះប្រទេសជាតិចេញផុតពីរបបដ៏សាហាវយង់ឃ្នង ប្រល័យ ពួជសាសន៍ ប៉ុល ពត នាថ្ងៃទី៧ ខែមករាឆ្នាំ១៩៧៩។

សម្ដេចប្រធានបានថ្លែងបញ្ជាក់ថា “យើងមិនអាចរៀបរាប់អស់ពីអ្វីដែលយើងបានឆ្លងកាត់ នៅក្នុងរយៈពេល៧០ឆ្នាំមកនេះ បានអស់នាពេលនេះ បាននោះឡើយ។ ប៉ុន្តែជាសក្ខីភាព ទោះបីត្រូវប្រឈមនឹងការវិវឌ្ឍដ៏ឆាប់រហ័ស និងស្មុគស្មាញបំផុតនៃសភាពការណ៍ជាតិ អន្តរជាតិយ៉ាងណាក្តី គណបក្សប្រជាជនកម្ពុជា បានស្ថិតនៅរួមសុខ រួមទុក្ខជាមួយប្រជាជនក្នុងគ្រប់កាលៈទេសៈ ពោលគឺ “គណបក្សប្រជាជនកម្ពុជា កើតចេញពីប្រជា ជន ដើម្បីប្រជាជន និងសម្រាប់ប្រជាជន”។ ដួចយើងបានដឹងគ្រប់ គ្នាហើយ បន្ទាប់ពី ថ្ងៃជ័យជម្នះ ៧ មករា គណបក្សប្រជាជនកម្ពុជា បានដឹកនាំស្តារ និងកសាងប្រទេសជាតិ ឡើងវិញពីបាតដៃទទេ។”
ឆ្លៀតឱកាសនេះ សម្ដេចប្រធានសូមអំពាវនាវដល់គណៈកម្មាធិការគណបក្សនៅ គ្រប់ថ្នាក់ មន្ត្រី និងសមាជិក សមាជិកាគ្រប់រូប បន្តលើកកម្ពស់ប្រពៃណីស្នេហាជាតិ ស្រឡាញ់ប្រជាជន ខិតខំពង្រឹងសាមគ្គីភាព ឯកភាពផ្ទៃក្នុង បន្តចូលរួមសកម្មក្នុងការ កសាងគណបក្សឱ្យកាន់តែរឹងមាំលើគ្រប់វិស័យ សំដៅលើកកម្ពស់សមត្ថភាពដឹកនាំ របស់ គណបក្សឱ្យសម្រេចបានសមិទ្ធផលធំៗ និងថ្មីៗថែមទៀត។

សម្ដេចពញាចក្រី ហេង សំរិន បានអះអាងថា “សន្តិភាព និងស្ថិរភាព ជាមូលដ្ឋាន គ្រឹះមិនអាចខ្វះបានសម្រាប់ការអភិវឌ្ឍ។ ទោះបីយើងបានធ្វើដំណើរ៧០ឆ្នាំមកហើយ តែ បេសកកម្មរបស់យើងក្នុងការបម្រើ កសាង ការពារទឹកដី និងប្រជាពលរដ្ឋនៅមិនទាន់ចប់ នៅឡើយទេ”។ សម្ដេចក៏សូមបងប្អូនជនរួមជាតិបន្តដំណើរជាមួយគណបក្សប្រជាជន កម្ពុជា ដើម្បីថែរក្សា ការពារសុខសន្តិភាព អធិបតេយ្យ ឯកភាពជាតិ ដែលយើងទទួល បានដោយលំបាកនាពេលបច្ចុប្បន្នសំដៅរួមគ្នា កសាង អភិវឌ្ឍន៍ប្រទេសជាតិ ទៅមុខទៀត ដើម្បីទុកជាកេរមរតកសម្រាប់កូនចៅយើងនៅគ្រប់ជំនាន់ក្រោយៗទៀតជារហូតទៅ៕

