Connect with us

ព័ត៌មានជាតិ

USAID បន្ដជួយដល់កម្ពុជា ដើម្បីអនុវត្តន៍គម្រោងស្តីពីការធ្វើឱ្យប្រសើរឡើងប្រព័ន្ធដឹកជញ្ជូន ត្រជាក់សម្រាប់ជួយដល់ការដាំដុះ និងដឹកជញ្ជូនបន្លែ ផ្លែឈើ ត្រី សាច់មកកាន់ទីផ្សារ

ភ្នំពេញ៖ លោកស្រី Veena Reddy នាយកទីភ្នាក់ងារ USAID ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា បានគូសបញ្ជាក់ថា ទីភ្នាក់ងារ USAID បានរៀបចំស្នើសុំទៅរដ្ឋាភិបាលសហរដ្ឋអាមេរិកក្នុងចំនួនទឹកប្រាក់ ៣លានដុល្លារ ដើម្បីយកមកអនុវត្តន៍គម្រោងស្តីពី ការធ្វើឱ្យប្រសើរឡើងនូវ ប្រព័ន្ធដឹកជញ្ជូនត្រជាក់ (Cold Chain Logistic System) ដោយប្រើប្រព័ន្ធសូឡា ដើម្បី ជួយដល់ការដាំដុះ និងការដឹកជញ្ជូនបន្លែ ផ្លែឈើ ត្រី សាច់មកកាន់ទីផ្សារ ឱ្យកាន់តែល្អប្រសើរ ធានាបានគុណភាព សុវត្ថិភាព និងតម្លៃ។

ការគូសបញ្ជាក់របស់លោកស្រីនាយកទីភ្នាក់ងារ USAID នេះ បានធ្វើឡើងក្នុងជំនួបសម្តែងការគួរសម និងជម្រាបលាឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បន្ទាប់ពីលោកស្រីបញ្ចប់បេសកកម្មនៅ ក្នុងព្រះរាជាណាចក្រកម្ពុជា ព្រឹកថ្ងៃចន្ទ ៤រោច ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១ នៅទីស្ដីការក្រសួងកសិកម្ម។

លោកស្រី Veena Reddy បានជម្រាបជូនថា ក្នុងបេសកកម្មរយៈពេល០៤ឆ្នាំ ដែលត្រូវបានបញ្ចប់នាពេលនេះគឺ បានបន្សល់ទុកនូវអនុស្សាវរីយ៍យ៉ាងច្រើនមិនអាចបំភ្លេចបាននៅលើទឹកដីអង្គរដ៏បវរ និងជាពិសេសសមិទ្ធផលសំខាន់ៗជាច្រើនតាមរយៈការអនុវត្តគម្រោងកម្មវិធីដែលទាក់ទងនឹងការអភិវឌ្ឍវិស័យកសិកម្ម។ លោកស្រីសង្ឃឹមថា សមិទ្ធផលទាំងនេះ និងគម្រោងកម្មវិធីបន្តបន្ទាប់ទៀតដែលទីភ្នាក់ងារ USAID គ្រោងនឹងជួយដល់កម្ពុជា ប្រាកដជាចូលរួមចំណែក ធ្វើការអភិវឌ្ឍប្រទេសមួយនេះឱ្យមានការរីកចម្រើនប្រកបដោយចីរភាព និរន្តរភាព និងវិបុលភាពនាពេលអនាគត។

ឯកឧត្តម វេង សាខុន បានសម្តែងនូវការគាំទ្រ និងស្វាគមន៍ចំពោះគម្រោង Cold Chain Logistic System ព្រោះវានឹងជួយលើកកម្ពស់ប្រសិទ្ធភាពផលិតកម្មបន្លែ ផ្លែឈើ ត្រី សាច់ឱ្យកាន់តែល្អប្រសើរជាជំហានៗផ្អែកទៅលើកស្តង់ដារផលិត វេចខ្ចប់ ថែក្សារ ដឹកជញ្ជូន និងដាក់តាំងបង្ហាញពិតប្រាកដមួយ ដែលត្រូវបានទទួលស្គាល់ទាំងក្នុងតំបន់ និងអន្តរជាតិ។ ឯកឧត្ដមរដ្ឋមន្រ្ដីបានបញ្ជាក់ថា នេះគឺជាគម្រោងដែលក្រសួងចង់បានដើម្បីលើកកម្ពស់គុណភាព សុវត្ថិភាពនៃផលិតផលកសិកម្ម បង្កើនផលិតកម្ម និងធានាគុណភាពកសិផល សុខុមាលភាពសម្រាប់អ្នកបរិភោគ និងកំណើនតម្លៃបន្ថែម។

ឯកឧត្តមរដ្ឋមន្ត្រីបានស្នើសុំទៅទីភ្នាក់ងារ USAID ថា ចំពោះរាល់គម្រោង ឬកម្មវិធីជំនួយគួរគិតពិចារណាលើគោលបំណងរបស់គម្រោងធ្វើយ៉ាងណាឱ្យស្របទៅតាមការវិវត្ដរីកចម្រើនទាំងសេដ្ឋកិច្ច និងសង្គម ពិសេសស្របតាមបរិបទនៃការរីករាលដាលជំងឺឆ្លងកូវីដ-១៩។ ឯកឧត្តមរដ្ឋមន្ត្រីបានថ្លែងអំណរគុណជូនចំពោះរដ្ឋាភិបាល និងប្រជាជនសហ រដ្ឋអាមេរិក តាមរយៈទីភ្នាក់ងារ USAID ដែលបានជួយអភិវឌ្ឍន៍កម្ពុជារហូតមកទល់បច្ចុប្បន្ន ក្នុងនោះក៏មានវិស័យកសិកម្មផងដែរ។

ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់បន្ថែមថា រាល់គម្រោង ឬកម្មវិធីជំនួយឧបត្ថម្ភរបស់ទីភ្នាក់ងារ USAID បាននិងកំពុងចូលរួមចំណែក យ៉ាងសំខាន់ក្នុងការអភិវឌ្ឍវិស័យកសិកម្ម កម្ពុជាឱ្យមានការរីកចម្រើន ធានាបាននូវសន្តិ សុខស្បៀង បង្កើនប្រាក់ចំណូល កែប្រែ កម្រិតជីវភាព និងបង្កើនបរិមាណផលិត ប្រកបដោយនិរន្តរភាព តាមរយៈការអនុវត្តបច្ចេក វិទ្យាសមស្រប ទំនើបទាន់សម័យ ធន់នឹងការប្រែប្រួលអាកាសធាតុ បរិយាប័ន្ន និងនវានុវត្តន៍ សំដៅឈានទៅសម្រេចឱ្យបាននូវចក្ខុវិស័យរបស់រាជរដ្ឋាភិបាល នាឆ្នាំ២០៣០ និង ២០៥០ និងជាពិសេសឈានជាជំហានៗ ឆ្ពោះទៅជាប្រទេសនាំចេញកសិផលទៅកាន់ទីផ្សារអន្តរជាតិ៕

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Facebook