Connect with us

ព័ត៌មានជាតិ

លោក​ ម៉ម ប៊ុនហេង៖ មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ គ្រោងនឹងដាក់ឲ្យដំណើរការសាកល្បងនាខែកញ្ញាខាងមុខនេះ!

រាជធានីភ្នំពេញ​៖ បេី​តាមការថ្លែងរបស់លោកសាស្ដ្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ដ្រីក្រសួងសុខាភិបាល បានបញ្ជាក់នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១នេះថា៖ មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ ដែលមានកម្ពស់១១ជាន់ ១៣២បន្ទប់ ទំហំ២៨,៩០០ម៉ែត្រការ៉េ លើផ្ទៃដីសរុប១៣,៧៤០ម៉ែត្រការ៉េ ដោយចំណាយថវិកា ប្រមាណ៨១លានដុល្លារ ក្រោមជំនួយឥតសំណងរបស់មិត្ដចិន ដែលនឹងបញ្ចប់ការសាងសង់ជាស្ថាពរ នៅឆ្នាំ២០២២ខាងមុខនេះ គ្រោងនឹងដាក់ដំណើរការសាកល្បងនៅខែកញ្ញា ឆ្នាំ២០២១ខាងមុខនេះ។

ជាក់ស្ដែង​ក្នុងឱកាសចុះពិនិត្យការសាងសង់មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ លោករដ្ឋមន្ដ្រី បានថ្លែងបន្ដថា ទោះជាក្នុងបរិបទរីករាលដាលនៃជំងឺកូវីដ១៩ក៏ដោយ ក្រោមចំណងមិត្ដភាពដែកថែប ចិននៅតែពន្លឿនការងារសាងសង់មន្ទីរពេទ្យនេះយ៉ាងរលូន។

លោកសាស្ដ្រាចារ្យ ម៉ម ប៊ុនហេង បានបញ្ជាក់ទៀតថា «មុនចូលឆ្នាំចិន ឆ្នាំ២០២២ខាងមុខនេះ មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ នឹងសាងសង់រួចរាល់ ហើយនឹងប្រគល់ជូនមកយើង ដើម្បីដាក់បម្រើសេវាពិនិត្យព្យាបាលជំងឺទូទៅ និងឆ្លងផ្សេងៗ ដែលជាឱកាសមួយដ៏ល្អ សម្រាប់ថែទាំសុខភាពប្រជាពលរដ្ឋយើង»។

ក្នុងឱកាសនោះ រដ្ឋមន្ដ្រីក្រសួងសុខាភិបាល បានថ្លែងអំណរគុណដល់រដ្ឋាភិបាលចិន ដែលជាមិត្ដដែកថែប បានខិតខំប្រឹងប្រែងពន្លឿនការងារមួយចំនួន ដើម្បីឱ្យដំណើរការសាងសង់មន្ទីរពេទ្យនេះបានយ៉ាងលឿនរហ័ស ហើយអាចនឹងបញ្ចប់ជាសា្ថពរ មុនផែនការបានគ្រោងទុកផងដែរ។

រដ្ឋមន្ដ្រីក្រសួងសុខាភិបាល បានលើកឡើងផងដែរថា សម្ធិផលនានាកន្លងមកនេះរបស់វិស័យសុខាភិបាល រួមទាំងអគារថ្មីនេះ គឺក្រោមការផ្ដល់អាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ដែលតែងតែលើកទឹកចិត្ដដល់មន្ដ្រីសុខាភិបាល នៅទូទាំងប្រទេស មានភាពកក់ក្ដៅ ។ក្រោមការជំរុញលើកទឹកចិត្ដរបស់ សម្ដេចតេជោ មន្ដ្រីសុខាភិបាលទាំងអស់ នឹងបន្ដខិតខំប្រឹងប្រែងបន្ដទៀត ដើម្បីផ្ដល់សេវាសុខភាពជូនប្រជាពលរដ្ឋ កាន់តែមានភាពល្អប្រសើរ។

សូមជម្រាបថា ក្រោមជំនួយរបស់រដ្ឋាភិបាលចិន មន្ទីរពេទ្យព្រះកុសមៈ នឹងផ្លាស់ប្តូរមុខមាត់ថ្មីយ៉ាងឆាប់រហ័ស ជាមួយនឹងការប្តូរឈ្មោះទៅជា «មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសមៈ» នាពេលខាងមុខនេះ។ គម្រោងដែលចុះហត្ថលេខា កាលពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៧ មន្ទីរពេទ្យនេះនឹងត្រូវសាងសង់អគារវេជ្ជសាស្រ្តថ្មី ដែលមានទំហំធំជាងមុន ជាមួយនឹងការបំពាក់គ្រឿងបរិក្ខាទំនើប ក៏ដូចជាការបណ្តុះបណ្តាលធនធានមនុស្សកាន់តែជំនាញ និងមានគុណភាពថែមទៀត ក្រោមជំនួយរបស់រដ្ឋាភិបាលចិន ប្រមាណ៥៥០លានយ័ន (ប្រហែលនឹង៨១លានដុល្លារអាមេរិក)។

គួរបញ្ជាក់ថា​ អគារនេះ ក៏មានសាងសង់មានព្រលានយន្ដហោះ Helicopter ទម្ងន់មធ្យមពី៣ ទៅ៥តោននៅលើដំបូលអគារ ស្របតាមការស្នើសុំបន្ថែមពីភាគីកម្ពុជា ហើយអគារនេះ ត្រូវចែកចេញជាផ្នែកសម្រាប់មុខងារមួយចំនួនដូចជា៖ ផ្នែកពិគ្រោះជំងឺក្រៅ ផ្នែកសង្គ្រោះបន្ទាន់ ផ្នែកបច្ចេកវិទ្យាវេជ្ជសាស្ដ្រ ផ្នែកជំងឺទូទៅ ផ្នែកជំងឺវះកាត់ព្រមទាំងសេវា ជំនួយផ្សេងៗទៀត៕

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Facebook