Connect with us

ព័ត៌មានជាតិ

ខ្លាពពក បង្ហាញវត្ដមាននៅតំបន់ភូមិភាគឦសាន និងភាគខាងជើងនៃ​ប្រទេស​កម្ពុជា និង​ត្រូវ​បានចុះក្នុងបញ្ជីក្រហម IUCN ជាប្រភេទងាយរងគ្រោះថ្នាក់នៅក្នុងពិភពលោក

(ភ្នំពេញ)៖ ខ្លាពពកស្ថិតក្នុងក្រុមជិតផុតពូជ និងមានចុះក្នុងបញ្ជីឧបសម្ព័ន្ធសាយតេស ដែលប្រភេទ​នេះ ទទួលរងនូវការគំរាមកំហែងដោយសារតែការបរបាញ់ និងការបាត់បង់ទីជម្រក​ដែល​វាធ្លាប់ស្វែងរកចំណី និងរស់នៅ។ ខ្លាពពកត្រូវបានចុះក្នុងបញ្ជីក្រហម IUCN ថាជាប្រភេទ ងាយរងគ្រោះថ្នាក់នៅក្នុងពិភពលោក។ ខ្លាពពកចូលចិត្តរស់នៅក្នុងព្រៃស្រោង ព្រៃពាក់​កណ្តាលស្រោង និងព្រៃចម្រុះ ហើយចំពោះរបាយរស់នៅកម្ពុជាវិញ ខ្លាពពក ​មាន​នៅ​តំបន់ភូមិភាគឦសាន និរតី និងភាគខាងជើងនៃប្រទេសកម្ពុជា។

បើតាមអ្នកជំនាញបានឱ្យដឹងថា ខ្លាពពកជាសត្វរាត្រីចរ ច្រើនរស់នៅជាគូ​លើ​​ដើមឈើ។ ជាធម្មតា វាចាប់ចំណីដោយលោតពីលើដើមឈើសង្គ្រប់លើសត្វនៅដី​ដូចជា​ខ្លារខិន ដែរ។ អាហាររបស់វាមានបក្សី ពស់ ជ្រូកព្រៃ ឈ្លូស ប្រើស ស្វាជាដើម។ ខ្លាពពក​ប្រើក្រញ៉ាំជើងមុខមុតសម្រាប់សង្កត់ចាប់ចំណី រួចទើបខាំជាក្រោយ។ ខ្លាពពក​អាចបង្កើត​កូនម្តងបានពី ២ ទៅ ៤ ក្បាល បន្ទាប់ពីពពោះអស់រយៈពេលប្រហែល ៩០ ទៅ៩៥ ថ្ងៃ។

ខ្លាពពក ត្រូវបានរកឃើញនៅប្រទេសបូតាន ចិន ឥណ្ឌា ឥណ្ឌូណេស៊ី (កោះស៊ូម៉ាត្រា) ឡាវ ម៉ាឡេស៊ី សារ៉ាវ៉ាក់ មីយ៉ាន់ម៉ា នេប៉ាល់ ថៃ និងប្រទេសវៀតណាម។ ខ្លានេះ​បាន​ផុតពូជនៅប្រទេសបង់ក្លាដេស សិង្ហបុរី និងតៃវ៉ាន់។

ខ្លាពពកមានមាឌធំជាងខ្លាភ្ញីថ្មកែវ មានសម្បុរពណ៌ក្រម៉ៅប្រផេះនៅលើ ដងខ្លួនមានផ្ទាំងៗដូចពពកធំៗ នៅផ្នែកខាងក្រោយ​នៃផ្ទាំងនេះមានពណ៌ខ្មៅខណ្ឌជាកំណាតើដុំផ្ទាំងនីមួយៗ។ ដុំផ្ទាំងនេះ​រីកធណំនៅផ្នែក​ខាងក្រោយស្មា ដែលចាប់ផ្តើមពីលើខ្នងរហូតស្ទើរដល់ក្រោមពោះ។ ច្រមុះមានពណ៌ស និងនៅលើថ្ងាសមានស្នាមអិចតូចៗ។ វាមានកន្ទុយវែង អុចៗនៅផ្នែកខាងគល់ និងបន្ទះៗ​នៅផ្នែកខាងចុង។ វាមានជើងខ្លី ប្រអប់ជើងធំងាយស្រួលក្នុងការប្រតោងមែកឈើ។ ក្រៅពីនេះ ខ្លាពពកងាយក្នុងការចំណាំណាស់ គឺយើងគ្រាន់តែក្រឡេកមើលនៅលើ​ដងខ្លួនរបស់វាមាន ផ្ទាំងដុំសណ្ឋានដូចដុំពពករាយពាសពេញដងខ្លួន៕

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Facebook