Connect with us

ព័ត៌មានជាតិ

គិតត្រឹមចុងខែមិថុនា ឆ្នាំ២០២១នេះ គម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធនានា រួមទាំង អគាររដ្ឋបាលច្រកទ្វារព្រំដែនស្ទឹងបត់-បានណងអៀនសម្រេចបានជាង២០ភាគរយ

(បន្ទាយមានជ័យ)៖ ឯកឧត្ដម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនបាន អញ្ជើញដឹកនាំគណៈប្រតិភូក្រសួងចុះពិនិត្យវឌ្ឍនភាព និងបច្ចេកទេសនៃការសាងសង់ អគាររដ្ឋបាល និងហេដ្ឋារចនាសម្ព័ន្ធនានានៅច្រកទ្វារព្រំដែនស្ទឹងបត់ ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង តំណាងស្ថានទូតជប៉ុន តំណាងទីភ្នាក់ងារសហប្រតិបត្តិការអន្តរ ជាតិជប៉ុន(JICA) មន្ត្រីជំនាញ តំណាងក្រុមហ៊ុនសាងសង់ និងក្រុមហ៊ុនត្រួតពិនិត្យ បច្ចេក ទេសផងដែរ។ គិតត្រឹមចុងខែមិថុនា ឆ្នាំ២០២១នេះ គម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធនានា រួមទាំងអគាររដ្ឋបាលនៅច្រកទ្វារព្រំដែនស្ទឹងបត់-បានណងអៀន ដែលស្ថិតក្នុងខេត្ដបន្ទាយមានជ័យ ជាប់ព្រំដែនរវាងកម្ពុជា និងថៃសម្រេចបាន២១,០៥ភាគរយ។ ការចុះ ពិនិត្យនេះ បានធ្វើឡើង កាលពីព្រឹកថ្ងៃពុធ ៦រោច ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១ ក្នុងគោលបំណងពិនិត្យមើលវឌ្ឍនភាព បច្ចេកទេសនៃការសាងសង់ និងជំរុញលើកទឹកចិត្តឱ្យក្រុមហ៊ុនសាងសង់ និងក្រុមហ៊ុនប្រឹក្សាបច្ចេកទេសសាងសង់ហេដ្ឋារចនាសម្ព័ន្ធនានា រួមទាំងអគាររដ្ឋបាលនៅច្រកទ្វារ ព្រំដែនស្ទឹងបត់-បានណងអៀន ឱ្យមានគុណភាពខ្ពស់ ស្របតាមបទដ្ឋាន បច្ចេកទេសដូច មានចែងក្នុងកិច្ចសន្យា ឬសៀវភៅបន្ទុក ក៏ដូចជាដើម្បីពន្លឿនការងារសាងសង់ឱ្យបានរួច រាល់តាមកិច្ចសន្យាដែលបានកំណត់។

សូមជម្រាបថា ហេដ្ឋារចនាសម្ព័ន្ធទាំងនោះរួមមាន៖ អគារច្រកត្រួតពិនិត្យព្រំដែន សំណង់អគារអន្តេវាសិកដ្ឋាន ចំណតសម្រាប់ផ្ទេរទំនិញឆ្លងកាត់ ”ឃ្លាំង និងទីលានកុងទីន័រ” និងអគាររដ្ឋបាលជាដើម សាងសង់ដោយក្រុមហ៊ុន CM Grand Development Co.,Ltd & Tan Kim Eng Co.,Ltd និងត្រួតពិនិត្យ លក្ខណៈបច្ចេកទេសដោយក្រុមហ៊ុន Team Consulting Engineering and Management PLC ចំណាយថវិកាប្រមាណ ៨៣៥ ២៥០ ១៦៨ បាត ក្រោមគម្រោងឥណទានទីភ្នាក់ងារសហប្រតិបត្តិការ អភិវឌ្ឍន៍សេដ្ឋកិច្ចប្រទេសជិតខាង(NEDA) ចំណាយពេល២៤ខែ គិតរហូតមកដល់ចុងខែមិថុនា ឆ្នាំ២០២១ ដែលគម្រោងនេះ សម្រេចបានប្រមាណ២១,០៥ ភាគរយហើយ។

បើតាមក្រសួងសាធារណការបានឱ្យដឹងថា ការបើកច្រកព្រំដែនត្រង់ចំណុចស្ទឹងបត់-បានណងអៀននេះ នឹងបើកឱកាសយ៉ាងទូលំទូលាយដល់កិច្ចសហប្រតិបត្តិការអន្តរជាតិ ការវិនិយោគ ការធ្វើពាណិជ្ជកម្មឆ្លងកាត់ដែន ការបង្កើតការងារធ្វើ និងការទាក់ទាញភ្ញៀវទេសចរ សំដៅលើកកម្ពស់សេដ្ឋកិច្ចគ្រួសារ និងសង្គមជាតិនៃប្រជាជាតិ ប្រទេសទាំងពីរកម្ពុជា និងថៃផងដែរ៕

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Facebook