Connect with us

ព័ត៌មានជាតិ

អាជ្ញាធរខេត្តបន្ទាយមានជ័យ ត្រៀមរៀបចំមណ្ឌលព្យាលបាលជំងឺកូវីដ-១៩មួយកន្លែង និងបន្ថែមមណ្ឌលចត្តាឡីស័ក ៣កន្លែងទៀត

(បន្ទាយមានជ័យ)៖ អាជ្ញាធរខេត្តបន្ទាយមានជ័យ បាននិងកំពុងត្រៀមរៀបចំបន្ថែមមណ្ឌលសម្រាប់ព្យាបាលជំងឺកូវីដ-១៩មួយកន្លែង និងមណ្ឌលធ្វើចត្តា ឡីស័ក៣កន្លែងទៀត ដើម្បីទប់ស្កាត់ជំងឺកូវីដ-១៩ដែលកំពុងរីករាលក្នុងសហគមន៍ គួរឱ្យព្រួយ បារម្ភនោះ។

នៅក្នុងឱកាសដឹកនាំក្រុមការងារ ចុះត្រៀមរៀបចំបន្ថែមមណ្ឌលព្យាបាលជំងឺកូវីដ-១៩មួយកន្លែងនៅវិទ្យាល័យអូរអំបិល និងមណ្ឌលធ្វើចត្តាឡីស័ក ៣កន្លែងទៀត ដែលមាននៅ សាលាបឋមសិក្សាអូរអំបិល សាលាបឋមសិក្សាភ្នំបាក់ ក្រុងសិរីសោភ័ណ និងនៅវិទ្យាល័យ ហ៊ុន សែន មង្គលបូរី ស្រុកមង្គលបូរី កាលពីថ្ងៃ១០រោច ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃអាទិត្យ ទី០៤ ខែកក្កដា ឆ្នាំ២០២១ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយ មានជ័យ បានមានប្រសាសន៍ឱ្យដឹងថា ក្នុងនាមគណៈកម្មការខេត្តប្រយុទ្ធនឹងជំងឺកូវីដ-១៩ បាន នឹងកំពុងបន្តការខិតខំប្រឹងប្រែងដោះស្រាយទប់ស្កាត់និងគ្រប់គ្រងបងប្អូនពលរដ្ឋត្រឡប់ មកពីប្រទេសថៃ និងអ្នកពាក់ព័ន្ធជំងឺកូវីដ-១៩ ដើម្បីធ្វើការព្យាបាល និងដាក់ឱ្យធ្វើចត្តាឡីស័ក ឱ្យបានត្រឹមត្រូវហ្មត់ចត់ជាប់ជានិច្ច នៅតាមមន្ទីរពេទ្យ មណ្ឌលព្យាបាលនៅទូទាំងខេត្ត ដែល មានទាំង ១៤កន្លែងនោះ។

ជាមួយនោះ ឯកឧត្តមអភិបាលខេត្តបន្ទាយមានជ័យ ក៏បានបន្តក្រើនរម្លឹកដល់ក្រុមការ ងារគ្រូពេទ្យ ឱ្យបង្កើនការយកចិត្តទុកដាក់ខ្ពស់ ក្នុងការគ្រប់គ្រងសម្របសម្រួល ដល់ពលរដ្ឋ ទាំងអស់ ឱ្យពួកគាត់បានព្យាបាល និងធ្វើចត្តាឡីស័កឱ្យបានត្រឹមត្រូវ ដោយត្រូវអនុវត្តន៍ឱ្យ បានខ្ជាប់ខ្ជួននូវិធានការ ៣ការពារ និង៣កុំ ដើម្បីចៀសវាងពីការឆ្លងរាលដាលជំងឺកូវីដ-១៩ កាន់តែច្រើនចូលក្នុងសហគមន៍។

យោងរបាយការណ៍មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តបន្ទាយមានជ័យ បានឱ្យដឹងថា ពីដើមព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ មកដល់ថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២១នេះ ក្នុងខេត្ត បន្ទាយមានជ័យ មានអ្នកវិជ្ជមានកូវីដ-១៩ ទូទាំងខេត្ត ចំនួនមិនជាង ៤.០០០នាក់ / ស្រី ២.០៩៨នាក់ ក្នុងនោះអ្នកស្លាប់មាន ៣៦នាក់ / ស្រី១៨នាក់ ។ ប៉ុន្តែក៏មានអ្នកជាសះស្បើយ ជាង ៣.៨០០នាក់ / ស្រី ១.៨៩៣នាក់ ហើយអ្នកបាននិងកំពុងសម្រាកព្យាបាល មានជាង ១.៣០០នាក់ / ស្រី ៦៧៥នាក់ ។ តែទោះយ៉ាងណានៅរាល់ថ្ងៃនេះ គ្រូពេទ្យបានបន្តយកសំណាកធ្វើតេស្តរហ័ស បានរកឃើញអ្នកវិជ្ជមានកូវីដ-១៩ រាល់ថ្ងៃបន្ថែមទៀត៕

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Facebook