Connect with us

ព័ត៌មានជាតិ

ការព្យាបាលនៅតាមផ្ទះនឹងត្រូវអនុវត្តឡើងជាបន្តបន្ទាប់ក្រោយផ្ទុះជំងឺកូវិតកាន់តែខ្លាំង

ការព្យាបាលជំងឺកូវិត១៩នៅតាមផ្ទះ ត្រូវបានយកចិត្តទុកដាក់ ថានឹងធ្វើឡើងក្រោយពី ជំងឺនេះបន្តឆ្លងរាលដាន រាប់រយនាក់ក្នុងមួយថ្ងៃៗ នាពេលបច្ចុប្បន្ននេះ។

ពាន់ព័ន្ឋនឹងបញ្ហរនេះ អាជ្ញាធររាជធានីភ្នំពេញ និងស្ថាប័នពាក់ព័ន្ធ បានបន្តកិច្ចប្រជុំរបស់ខ្លួនលើផែនការត្រួតពិនិត្យការផ្តល់ការព្យាបាលអ្នកជំងឺកូវីដ១៩នៅតាមផ្ទះ ដើម្បីឲ្យដំណើរការ នៃការព្យាបាលនៅតាមផ្ទះនេះ មានគុណភាព និងសុវត្ថិភាព ដែលអាចទទួលយកបាន ខណៈដែលអ្នកជម្ងឺជាច្រើនលើសលុប ចង់ឲ្យមានការព្យាបាលតាមផ្ទះនេះ។

កិច្ចប្រជុំនេះ បានធ្វើឡើងនាព្រឹកថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២១ តាមរយៈ Video Conference ក្រោមវត្តមានលោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញ និងលោក ង៉ូវ កាង អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល នៅសាលារាជធានីភ្នំពេញ។

លោក ង៉ូវ កាង បានលើកឡើងថា «យើងបានឃើញថាក្នុងរយៈពេល២សប្តាហ៍ចុងក្រោយនេះ ជំងឺកូវីដ១៩ មិនមានការថមថយទេ តែបែរជាកើនឡើងខ្លាំង រហូតខ្វះកន្លែងទទួលអ្នកជម្ងឺ។ ដូច្នេះហើយ ទើបយើងបង្កើតឱ្យមានជាការ ព្យាបាលជម្ងឺនៅតាមផ្ទះនេះ។ ការព្យាបាលនៅតាមផ្ទះនេះជារឿងល្អមួយ។ ប៉ុន្តែអ្វីដែលសំខាន់នោះ គឺការគ្រប់គ្រង និងមើលការខុសត្រូវ ដែលតម្រូវឱ្យអាជ្ញាធរមូលដ្ឋាន ជាអ្នកទទួលខុសត្រូវ»។

អាជ្ញាធរខណ្ឌទាំង១៤ ជាអ្នកផ្តល់កិច្ចសហការជាមួយមន្ត្រីសុខាភិបាល និងក្រុមគ្រូពេទ្យស្ម័គ្រចិត្ត TYDA ដោយបង្កើតឲ្យមានទីបញ្ជាការស្រាល១កន្លែងក្នុងមួយខណ្ឌ ដើម្បីប្រចាំបញ្ជាអន្តរាគមន៍ជួយប្រជាពលរដ្ឋដែល ត្រូវការឲ្យជួយ ដោយជំងឺកូវីដ១៩ ពោលគឺនៅពេលមានបញ្ហាអ្វីមួយយើងជួយពួកគាត់ទាន់ពេលវេលាតែម្តង។

លោក កើត ឆែ បានលើកឡើងទៀតថា ការបន្តកិច្ចប្រជុំនេះ ធ្វើឡើងដើម្បីពិភាក្សាឲ្យស៊ីសង្វាក់គ្នារវាងអាជ្ញាធរជាមួយក្រសួង និងស្ថាប័នពាក់ព័ន្ធថា តើការបង្កើតឱ្យមានការព្យាបាលតាមផ្ទះហើយ យើងត្រូវអនុវត្តការជូនពួក គាត់បែបណា ដែលអាចឱ្យពួកគាត់ទទួលយកបាន។

លោកបន្តថា «ក្រោយពីពិភាក្សាត្រូវគ្នាហើយ យើងនឹងបន្តយកទៅផ្សព្វផ្សាយបន្តដល់មន្ត្រី សង្កាត់ ខណ្ឌ ហើយនៅពេលដែលអាជ្ញាធរខណ្ឌសង្កាត់ បានយល់ពីការងារនេះហើយ ក្រុមការងារនឹងធ្វើសន្និសីទសារព័ត៌មានមួយ ដើម្បីឲ្យសាធារណជនបានយល់ដឹងជាសាធារណៈ ជាមួយនឹងការជូនដំណឹងដល់ប្រជាពលរដ្ឋអោយចូលរួមជាមួយអាជ្ញាធរផងដែរ»។

គួរបញ្ជាក់ថា ការរៀបចំឲ្យមានការព្យាបាលអ្នកជំងឺកូវីដ១៩តាមផ្ទះនេះ ធ្វើឡើងស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ហើយការងារនេះ រាជធានីភ្នំពេញ បានឈានមួយជំហានទៅមុខ រួចហើយ ដែលមកដល់ពេលនេះមានអ្នកជំងឺប្រមាណជាង ៣០០នាក់ហើយ ដែលកំពុងសំរាកព្យាបាលនៅតាមផ្ទះ ពិសេសបងប្អូនអាជីវករផ្សារអូឡាំពិក៕

 

 

 

Click to comment

Leave a Reply

Your email address will not be published.

Facebook