(ភ្នំពេញ)៖ ប្រធាន គ.វ.ក១៩ បាន បញ្ជាក់ថា ផែនការចាក់វ៉ាក់សាំងកូវីដ-១៩ដល់ក្រុមគោលដៅចំនួន១០លាននាក់ អាចនឹងមានការកើនឡើងប្រមាណជិត១លាននាក់បន្ថែមទៀត ដែលក្រុមការងារពាក់ព័ន្ធបាននិងកំពុងគិតគូរជាបន្តទៀត ដើម្បីឱ្យប្រជាពលរដ្ឋដែលមានអាយុចាប់ពី១៨ឆ្នាំឡើងទៅ អាចទទួលបានវ៉ាក់សាំងគ្រប់ៗគ្នា ។
លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទំាងប្រទេស បានមានប្រសាសន៍ថា នៅពេលក្រុមការងារពាក់ព័ន្ធ ចាប់ផ្តើមកំណត់ចំនួនប្រជាពលរដ្ឋគោលដៅដែលអាចទទួលបានវ៉ាក់សាំងកូវីដ១៩នោះ គឺផ្អែកលើតួលេខជំរឿនប្រជាពលរដ្ឋក្នុងឆ្នាំ២០១៩ ដោយបានកំណត់យកចំនួន១០លាននាក់ ប៉ុន្តែសម្រាប់ការអនុវត្តន៍ការងារជាក់ស្តែង គឺមានចំនួនមនុស្សច្រើនជាងផែនការដែលបានគ្រោង ទុក ប្រមាណ១លាននាក់ ។

លោកជំទាវបន្តថា ក្នុងកិច្ចការជាបន្តទៀតនេះ នៅពេលដែលកម្ពុជាទទួលបានវ៉ាក់សាំងកូវីដ ១៩គ្រប់ចំនួនមនុស្សគោលដៅ ១០លាននាក់ហើយនោះ ក្រុមការងារនឹងប្រើប្រាស់ឱ្យអស់ពីលទ្ធភាព ហើយប្រសិនបើមានវ៉ាក់សាំងមកដល់ទៀតនោះគឺនឹងប្រើប្រាស់ជាបន្តបន្ទាប់ទៀត ។

លោកជំទាវបន្ថែមទៀតថា ចំនួនប្រជាពលរដ្ឋដែលលើសផែនការគ្រោងទុកនេះ មានកត្តាមួយចំនួន ដោយរាជរដ្ឋាភិបាល បានអនុញ្ញាតឱ្យជនបរទេសដែលរស់នៅកម្ពុជាទទួលបានវ៉ាក់សាំងកូវីដ១៩ដូចប្រជាពលរដ្ឋកម្ពុជាដែរ និងតួលេខជំរឿនប្រជាពលរដ្ឋក្នុងឆ្នាំ២០១៩បើគិតមកដល់បច្ចុប្បន្នមានការប្រែប្រួល ។

«ឥឡូវនេះជាក់ស្តែងអ្វីដែលជាការសង្កេតរបស់ខ្ញុំនេះ គឺទីមួយជនបរទេសដែលកំពុងរស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា គឺយើងមិនបានដាក់បញ្ចូលទៅក្នុងផែនការ១០លាននាក់នោះទេ ទីពីរគឺបុគ្គល ដែលកាលពីឆ្នាំ២០១៩រហូតមកដល់ពេលនេះ គឺមានបុគ្គលមួយចំនួនបានគ្រប់អាយុ១៨ឆ្នាំ ដូច្នេះគឺគាត់មានសិទ្ធិក្នុងការទទួលវ៉ាក់សាំង ហើយទីបីគឺយើងមិនបានគិតគូរអំពីក្រុមមួយចំនួនទៀតនៅតាមព្រំដែន ដែលលក់តាមផ្សារឬបន្ទាត់ព្រំដែនហើយជាប្រជាពលរដ្ឋខ្មែរដែរ ដែលមានអាយុចាប់ពី១៨ឆ្នាំឡើងទៅ នោះគឺយើងមិនដែលគិតបញ្ចូលក្នុងនេះទេ ដូច្នេះចំនួននេះវានឹងមានការកើនឡើង ហើយដែលខ្ញុំគិតថានៅក្នុងពេលនេះ គឺជិតមួយលាននាក់ ដូច្នេះមានចំនួនមួយលាននាក់ដែលយើងនឹងធ្វើការបន្ថែម » ។
សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២១ ក្រសួងសុខាភិបាលនិងក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងការពារកូវីដ១៩ ជូនមន្រ្តីរាជការ ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ នៅទូទាំងប្រទេស សរុបចំនួន ៤,៥៣៥,៨៩៤នាក់ ។ សម្រាប់លទ្ធផលចាក់វ៉ាក់សាំងគោលដៅ១០លាននាក់ បានចំនួន៤៥.៣៦ភាគរយ ៕
