កំពង់ឆ្នាំង៖ ប្រធានមន្ទីរកសិកម្មខេត្តកំពង់ឆ្នាំងបានឲ្យដឹងថា សហគមន៍កសិកម្មមានជ័យក្តីសង្ឃឹមដាំដុះខ្ទឹមស្លឹកជាង១០០ ហិកតា ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារ ពិសេសរដូវវស្សានេះ ខ្ទឹមស្លឹកមានតម្លៃថ្លៃ ហើយប្រើរយៈពេលដាំត្រឹមតែ២ខែប៉ុណ្ណោះ អាចប្រមូលលក់បាន។
លោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តកំពង់ឆ្នាំងបានប្រាប់វិទ្យុជាតិកម្ពុជាថា ដំណាំស្លឹកខ្ទឹមជាដំណាំរួមផ្សំរបស់ប្រជាពលរដ្ឋកម្ពុជាស្ទើរតែគ្រប់សម័យកាល ហើយដំណាំខ្ទឹមស្លឹកនេះ កំពុង មានទីផ្សារល្អសម្រាប់ប្រជាពលរដ្ឋខេត្តកំពង់ឆ្នាំង ខណ:បច្ចុប្បន្ននេះ សមាជិកសហគមន៍មានជ័យក្តីសង្ឃឹម បានពង្រីកការដាំដុះខ្ទឹមស្លឹក បានរហូតដល់ជាង១០០ហិកតា ដោយប្រមូលផលជាបណ្តើរៗហើយ។ លោកបន្តថា ខ្ទឹមស្លឹកប្រើពេលជាង២ខែអាចលក់ចេញបាន ។ ដូច្នេះក្នុង១ឆ្នាំប្រជាកសិករអាចដាំដំណាំនេះ បានចំនួន៤លើក ហើយតម្លៃវិញលក់បានថ្លៃនៅរដូវវស្សាចាប់ពីខែសីហា រហូតទៅដល់ខែវិច្ឆិកា ក្នុងមួយគីឡូ តម្លៃ ១២០០០រៀល ដោយឡែកខែប្រាំងចាប់ពីចុងខែធ្នូ ដល់ខែមករា ខ្ទឹមស្លឹករាងធ្លាក់ថ្លៃបន្តិចដោយក្នុង១ គីឡូក្រាមតម្លៃជាង៣០០០រៀល ប៉ុណ្ណោះ។ លោកប្រធានមន្ទីរបានបន្តទៀតថា កត្តាដែលធ្វើឲ្យខ្ទឹមស្លឹក នៅរដូវស្សាថ្លៃជាងរដូវប្រាំងនោះ ដោយសាររដូវទឹកសម្រកប្រជាកសិករនៅទូទាំងប្រទេស សុទ្ធតែអាចដាំដុះខ្ទឹមស្លឹកបានដូចៗគ្នា។

“និយាយជារួមតម្លៃខ្ទឹមស្លឹករង្វង់ខែ ៨រហូតដល់ខែ១១ខ្ទឹមស្លឹកឡើងថ្លៃខ្លាំងណាស់។ដល់ពេលចុងខែ១២រហូតដល់ពាក់កណ្ដាលខែ១ ខ្ទឹមវារាងធ្លាក់ថ្លៃនៅសល់ប្រហែលជាង២០០០រៀលទៅ៣០០០រៀលទេក្នុងមួយគីឡូក្រាម ហេតុផលនៃការធ្លាក់ថ្លៃដោយរដូវទឹកសម្រកកសិករទូទាំងប្រទេសដាំដំណាំបានច្រើនណាស់”។

លោកបញ្ជាក់ថា ដើម្បីឆ្លើយតបតម្រូវការទីផ្សារក្នុងខេត្ត និងការ នាំចេញនោះ មន្ទីរបានជំរុញប្រជាកសិករឲ្យចងក្រងជាសហគមន៍កសិកម្ម បានរហូតដល់ជាង២១៦គ្រួសារមានការគាំទ្រដោយកម្មវិធីកសិកម្មថ្មី ដែលធន់នឹងបម្រែបម្រួលអាកាសធាតុ បានផ្ដល់បច្ចេកទេសថ្មីៗ ដល់កសិករ ដូចជា របៀបធ្វើប្រព័ន្ធស្រោចស្រពរបៀបថែទាំ និងការផ្តល់ពូជ ឲ្យទទួលបានទិន្នផលខ្ពស់៕

