បន្ទាយមានជ័យ៖ អាជ្ញាធរក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យបានបង្កើនការត្រួត ពិនិត្យស្វែងរកវីរុសកូវីដ១៩ លើពលករដែលវិលត្រឡប់ចូលមកកម្ពុជា ដើម្បីការពារការនាំចូលនូវមេរោគកូវីដ-១៩ និងវីរុសបំប្លែងថ្មីផ្សេងទៀត ។
លោក គាត ហ៊ុល អភិបាល ក្រុងប៉ោយប៉ែតបានឱ្យដឹងថា បច្ចុប្បន្ននេះចំនួនពលករដែលវិលត្រឡប់មកពីប្រទេសថៃមានការកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ ក្នុងនោះក៏ត្រូវបានរកឃើញអ្នកវិជ្ជមានកូវីដ១៩ ជាបន្តបន្ទាប់។ លោកបន្តថា ដើម្បីទប់ស្កាត់រលកចម្លងកូវីដ-១៩ កុំឱ្យឆ្លងចូលទៅ កាន់សហគមន៍ មន្រ្តីជំនាញច្រកព្រំដែនអន្តរជាតិប៉ោយ ប៉ែត បានបង្កើនការយកចិត្តទុកដាក់ ត្រួតពិនិត្យសុខភាពទៅលើពលករ ដែលចូលមក កាន់កម្ពុជា ដោយអនុវត្តន៍តាមគោលការណ៍ប្រតិបត្តិ ស្ដង់ដារបច្ចេកទេស របស់ក្រសួងសុខាភិបាល ដែលបានដាក់ចេញនាពេលកន្លងមក ដូចជាការធ្វើតេស្តរហ័ស និងការធ្វើចត្តាឡីស័កឱ្យបានត្រឹមត្រូវ។
« អ៊ីចឹងជាក់ស្តែងដូចជាពេលកន្លងទៅនេះ យើងធ្វើតេស្តរកកូវីដ១៩ យ៉ាងហោចណាស់ ១០០ នាក់ ក៏រកឃើញវិជ្ជមានកូវីដចាប់ពី៥ទៅ១០នាក់ដែរ។ អ៊ីចឹងប្រសិនបើមិនមានការ បញ្ចូលនូវ ឧបករណ៍តេស្តរហ័សនេះទេ ប្រាកដជាមានការឆ្លងចូលទៅក្នុងសហគមន៍ នេះជាការកាត់ បន្ថយបានច្រើនណាស់ ព្រោះនៅពេលដែលយើងអត់ដឹងនឹងចូលទៅដល់ក្នុងហើយ។ ប៉ុន្តែនៅពេលដែលយើង ប្រើឧបករណ៍តេស្តរហ័សនេះអ្នកមានវិជ្ជមានគឺយើងយកគាត់ទៅព្យាបាល ហើយអ្នកដែលអវិជ្ជមានគឺយើងយកធ្វើចត្តាឡីស័កនៅព្រំដែនដដែល»។
លោកក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ និងពលករដែលវិលត្រឡប់មកពីប្រទេសថៃ ត្រូវចូលរួមអនុវត្ត វិធានការ ៣ការពារ និង ៣កុំ ដែលបានដាក់ចេញដោយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងវិធានការផ្សេងៗទៀតដែលបានដាក់ ចេញដោយក្រសួងសុខាភិ បាល ដើម្បីរួមគ្នាទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងបញ្ចៀសបាននូវការចម្លងទ្រង់ទ្រាយធំ ក្នុងសហគមន៍កម្ពុជា។
សូមបញ្ជាក់ថា នៅថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២១ រដ្ឋបាលខេត្តបន្ទាយមានជ័យរកឃើញវិជ្ជមាន កូវីដ ១៩ ចំនួន១០៧ នាក់៕