Connect with us

ព័ត៌មានជាតិ

ក្រសួងវប្បធម៌ ថា ការសាងសង់ប្រាសាទនៅថៃ មិនបានលួចចម្លងប្លង់ប្រាសាទអង្គរវត្តនោះឡើយ

(ភ្នំពេញ)៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានបញ្ជាក់ថា ការសាងសង់ប្រាសាទ នៅប្រទេសថៃ មិនបានលួចចម្លងប្លង់ ឬសាងសង់តាមរចនាបថស្ថាបត្យកម្មដូចគ្នាទៅនឹងប្រាសាទអង្គរវត្ត ឬប្រាសាទបុរាណណាមួយនៅក្នុងប្រទេសកម្ពុជាឡើយ ពោលគឺសាងសង់តាមគំនូសប្លង់ដោយខ្លួនឯង និងរចនាទៅតាមស្ថាបត្យកម្មប្រាសាទមួយចំនួនដែល មានក្នុងតំបន់នោះ។

សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងវប្បធម៌នៅថ្ងៃទី៧ ខែកក្កដា នេះ បានបញ្ជាក់ថា សំណង់ប្រាសាទនេះ ជាសំណង់មួយ ក្នុងចំណោមសំណង់ប្រាសាទថ្មដទៃៗទៀតមានភាពចម្រុះគ្នា ជាទីប្រតិស្ឋាននៃព្រះពុទ្ធរូបសម្រាប់បូជា ស្ថិតក្នុងវត្តពុទ្ធបាទសិលាភូម៉ានហ្វា នៃភូមិណងបួឡាយ ឃុំបានស៊ុង ស្រុកណាងរឹង ខេត្តបុរីរម្យ នៃព្រះរាជាណាចក្រថៃ។ សំណង់នេះធ្វើពីថ្មភក់នៅផ្នែកក្រៅ និងចាក់បេតុងបង្កប់ ដែកពីខាងក្នុង។

ការបំភ្លឺនេះ ក្រោយពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានទំនាក់ទំនង និងសហការយ៉ាងជិតស្និទ្ធជាមួយស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំនៅប្រទេសថៃ ដើម្បីស្រាវជ្រាវប្រមូលព័ត៌មានបន្ថែម ហើយស្ថានឯកអគ្គរាជទូតកម្ពុជា បានចុះធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ និងប្រមូលបានព័ត៌មានជាបឋមអំពីគម្រោងសាងសង់ប្រាសាទ តាមគំរូបុរាណនេះ។

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានបន្តថា តំណាងអ្នកសម្របសម្រួល នៃគម្រោងស្ថាបនាប្រាសាទ បានស្វាគមន៍ក្នុងការទទួលស្នើឱ្យមន្ត្រីជំនាញផ្នែកស្ថាបត្យកម្មកម្ពុជា ក្នុងការចុះពិនិត្យដោយផ្ទាល់បានក្នុងករណីមានការមន្ទិលសង្ស័យ។

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានថ្លែងអំណរគុណចំពោះជនរួមជាតិ ដែលតែងយកចិត្តទុកដាក់ ការពារ លើកតម្កើងកិត្យានុភាព អត្តសញ្ញាណជាតិ ព្រមទាំងសិល្បៈវប្បធម៌ដ៏ថ្លៃថ្លារបស់ជាតិប្រកបដោយសេចក្តីថ្លៃថ្នូរដ៏ខ្ពង់ខ្ពស់ ហើយក្រសួងនឹងធ្វើការតាមដានការងារនេះជាបន្តដោយយកចិត្តទុកដាក់ ៕

Click to comment

Leave a Reply

Your email address will not be published.

Facebook