Connect with us

ព័ត៌មានជាតិ

សមាគមកសិកម្មឈ្លាសវៃ គ្រោងកែច្នៃឧបករណ៍សម្អាតគ្រាប់ពូជស្រូវថ្មីមួយបន្ថែមទៀត

ភ្នំពេញ៖ សមាគមកសិកម្មឈ្លាសវៃ គ្រោងកែច្នៃឧបករណ៍សម្អាតគ្រាប់ពូជស្រូវថ្មីមួយបន្ថែមទៀត ដើម្បីជួយដល់កសិករ ក្នុងការសម្អាតពូជស្រូវ ឱ្យបានស្អាតមុននឹងយកទៅបង្កបង្កើនផល ខណៈដែលសមាគមនេះ ធ្លាប់បានកែច្នៃឧបករណ៍ដាំស្រូវជាជួរ ទទួលបានជោគជ័យរួចមកហើយ ។

លោក សាន ប៊ុនីកា ប្រធានសមាគមកសិកម្មឈ្លាសវៃ បានមានប្រសាសន៍ប្រាប់វិទ្យុជាតិកម្ពុជាថា ជាទូទៅប្រជាកសិករដែលប្រមូលផលស្រូវរួចរាល់ តែងតែសម្រិត សម្រាំងទុកគ្រាប់ស្រូវពូជល្អៗ សម្រាប់បង្កបង្កើនផលនៅរដូវកាលក្រោយៗទៀត ដើម្បីទទួលបានទិន្នផលល្អប្រសើរ ។ ប៉ុន្តែបើទោះបីជាមានការសម្រិតសម្រាំងយ៉ាងណាក្តី ក៏នៅតែមានលាយឡំនឹងគ្រាប់ស្មៅល្អិតៗ ពិបាកក្នុងការកម្ចាត់ ដែលនៅតែធ្វើឱ្យមានផលលំបាកដល់ការលូតលាស់ដំណាំស្រូវ ជាពិសេសត្រូវចំណាយថវិកាច្រើនដើម្បីទិញថ្នាំកម្ចាត់ស្មៅទាំងនេះ ។ លោកបន្តថា ដោយមើលឃើញពីការលំបាកបែបនេះ ទើបសមាគមកសិកម្មឈ្លាសវៃ គ្រោងកែច្នៃបង្កើតឧបករណ៍សម្អាតគ្រាប់ពូជស្រូវ ដើម្បីធ្វើយ៉ាងណាជួយដល់ប្រជាកសិករ កាត់បន្ថយការចំណាយមិនចាំបាច់ កាត់បន្ថយការប្រើប្រាស់ថ្នាំពុលកសិកម្ម កាត់បន្ថយការប្រើប្រាស់ជីជាដើម ។

យើងមានគម្រោងនឹងរៀបចំកែច្នៃឧបករណ៍សម្អាតគ្រាប់ពូជស្រូវ ដោយសារកសិកររបស់យើងនៅពេលដែលគាត់ផលិតពូជហើយ គាត់មិនមានឧបករណ៍សម្អាតទេ ដូច្នេះគឺកសិករដែលគាត់យកទៅដាំនៅកន្លែងផ្សេងទៀតនោះ ដូច្នេះបើសិនយើងយកមកពីខេត្តពោធិ៍សាត់ មានស្មៅប្រភេទម្យ៉ាងពិបាកក្នុងការបំផ្លាញវា បន្ទាប់មកយើងយកមកដាំនៅក្នុងខេត្តកំពត ដូច្នេះពូជស្មៅនេះជាប់ទៅជាមួយដែរ ដូច្នេះគោលការណ៍របស់យើង គឺកំពុងតែគ្រោងរៀបចំផលិតឧបករណ៍សម្អាតពូជស្រូវ ។

លោកបានបន្ថែមទៀតថា នៅពេលប្រមូលផលស្រូវ គ្រាប់ស្រូវតូចៗ មិនថ្លា គ្មានស្តង់ដារ គឺបានប៉ះពាល់ដល់ទីផ្សារ ។ ដូច្នេះកសិករត្រូវយក ចិត្តទុកដាក់តាមដានរាល់បញ្ហាប្រឈម និងរាយការណ៍ទៅខាងមន្ទីរកសិកម្មខេត្ត ដើម្បីសុំការជួយអន្តរាគមន៍បានទាន់ពេលវេលា ។

សូមបញ្ជាក់ថា សមាគមកសិកម្មឈ្លាសវៃ មានទីតាំងស្ថិតនៅ សង្កាត់ចាក់អង្រែ ក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ បានបង្កើតនៅឆ្នាំ ២០១៥ តាមរយៈការគាំទ្រថវិកាដោយ Brooklyn Bridge to Cambodia (BB2C) និងកម្មវិធីខ្សែសង្វាក់តម្លៃកសិកម្មកម្ពុជា−អូស្ត្រាលី ហៅកាត់ថា CAVAC ៕

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Facebook