Connect with us

ព័ត៌មានកីឡា

អគ្គលេខាធិការ NOCC ចាត់ទុកថា ការពន្យារពេលនៃស៊ីហ្គេម ឆ្នាំ២០២១នៅវៀតណាម គឺជាឱកាសល្អ ក្នុងការរៀបចំខ្លួនរបស់កម្ពុជាកាន់តែប្រសើរ

(ភ្នំពេញ)៖ ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) បានចាត់ទុកថា ការសម្រេចពន្យារពេល ស៊ីហ្គេម លើកទី៣១ នៅប្រទេសវៀតណាម ពីចុងឆ្នាំ២០២១ ទៅអំឡុងពាក់កណ្តាលឆ្នាំ២០២២ គឺជាឱកាសល្អ ដែលកម្ពុជាយើងនៅមានពេលវេលាបន្ថែមទៀត ក្នុងការត្រៀមខ្លួនចូលរួមប្រកួតមេដាយ។ នេះជាការលើកឡើងរបស់ឯកឧត្តមអគ្គលេខាធិការ តំណាងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ដែលជាសមាជិកគណៈអចិន្ត្រៃយ៍ក្រុមប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍ (SEA Game) ដែលបានចូលរួមកិច្ចប្រជុំនៃការសម្រេចចុងក្រោយនេះ កាលពីរសៀលថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២១។

ជាមួយនឹងឱកាសល្អនៃការរំកិលពេលវេលានេះ ឯកឧត្តម វ៉ាត់ ចំរើន ក៏បានអំពាវនាវ ឱ្យសហព័ន្ធកីឡាជាតិនានាររបស់កម្ពុជា យកការសម្រេចនេះទៅធ្វើជាផែនការហ្វឹកហាត់ក្រុមជម្រើសជាតិរបស់ខ្លួន ឱ្យបានសស្រាក់សស្រាំ ដើម្បីត្រៀមប្រកួតប្រជែងមេដាយ ស៊ីហ្គេម លើកទី៣១ នៅប្រទេសវៀតណាម ឱ្យបានកាន់តែច្រើន ។ ព្រោះស៊ីហ្គេមនេះ គឺជាហ្គេមយុទ្ធសាស្ត្រចុងក្រោយរបស់កម្ពុជា ក្នុងការឈានឆ្ពោះទៅសម្រេចជោគវាសនាប្រកបដោយភាពជោគជ័យ នៃការទទួលធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា។

ឯកឧត្តមអគ្គលេខាធិការ បានលើកទឹកចិត្តឱ្យកីឡាករ កីឡាការិនីជម្រើសជាតិ គ្រប់ប្រភេទកីឡាទាំងអស់ បន្តកិច្ចខិតខំប្រឹងប្រែងហ្វឹកហាត់ឱ្យបានខ្លាំងក្លា ដើម្បីសម្រួចគោលដៅប្រជែងមេដាយឱ្យបានកាន់តែល្អប្រសើរបន្ថែមទៀត។

នៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាកីឡាអាស៊ី ឯកឧត្តមអគ្គលេខាធិការ ក៏បានស្នើសុំដល់សមាជិក នៃកីឡាអាស៊ីអាគ្នេយ៍ទាំងអស់ សូមឱ្យចូលរួមផ្សព្វផ្សាយ និងគាំទ្របន្ថែមទៀតដល់ ស៊ីហ្គេម នៅកម្ពុជា ដែលកម្ពុជានឹងត្រូវបើកយុទ្ធនាការជាតិផ្សព្វផ្សាយពេលឆាប់ឆាប់ខាងមុខនេះ។ ប្រទេសទាំងអស់បានឯកភាព ហើយបានកោតសរសើរ និងបានវាយតម្លៃខ្ពស់ថា កម្ពុជាពិតជាមានជំហរច្បាស់លាស់ និងពិតប្រាកដ នៅក្នុងការត្រៀមធ្វើម្ចាស់ផ្ទះ ឆ្នាំ២០២៣ហើយប្រទេសទាំងអស់រង់ចាំជួយជ្រោមជ្រែង ការផ្សព្វផ្សាយ ក្នុងការបើកយុទ្ធនាការផ្សព្វ ផ្សាយនេះទាំងអស់គ្នា នៅគ្រប់ប្រទេស។ កម្ពុជាយើងមានមោទនភាព ដោយយើងបានធ្វើកិច្ចការនេះមួយជំហានមុន និងមានវិធានការដ៏ច្បាស់លាស់។

ចំណុចដ៏សំខាន់មួយទៀត គឺការប្រកួតកីឡាអូឡាំពិក នៅទីក្រុងតូក្យូ ប្រទេសជប៉ុន ចាប់ពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១តទៅនោះ គឺថា បណ្តាប្រទេសនានាក្នុងអាស៊ីអាគ្នេយ៍នឹងយកវិធានការទប់ស្កាត់កូវីដ-១៩ ដែលត្រូវបានចែងនៅក្នុងអូឡាំពិកអន្តរជាតិ គឺអាស៊ីអាគ្នេយ៍ទាំងមូល នឹងខិតខំរួមគ្នាប្រមែប្រមូលយកវិធានការទាំងអស់នោះ មកធ្វើជាវិធានការនៃការទប់ស្កាត់កូវីដ-១៩ យកមករៀបចំ ស៊ីហ្គេម នៅវៀតណាម ក៏ដូចជាស៊ីហ្គេម នៅកម្ពុជា ឆ្នាំ២០២៣ផងដែរ ប្រសិនបើជាស្ថានភាពនៅតែមាន។ ទាំងអស់នេះជាគំនិត និងជាយុទ្ធសាស្ត្រចម្បង ដែលប្រទេសទាំងអស់ថា ត្រូវតែរួមគ្នាឈរឱ្យរឹងមាំ នៅក្នុងការរៀបចំព្រឹត្តិការណ៍កីឡាឱ្យបាន ទោះបីជាក្នុងដំណាក់កាលកូវីដ-១៩ នៅសល់ឥទ្ធិពលខ្លះៗក៏ដោយ។

សូមបញ្ជាក់ថា ការប្រកួតកីឡាស៊ីហ្គេម លើកទី៣១ នៅប្រទេសវៀតណាម ដែលគ្រោងនឹងរៀបចំចុងឆ្នាំ២ ០២១ត្រូវបានពន្យារពេលទៅរៀបចំនាចុងខែមេសា ដល់ដើមខែឧសភា ឆ្នាំ២០២២ ដោយគណៈអចិន្ត្រៃយ៍ស៊ីហ្គេមបានឯកភាពគ្នា ក្រោមការសម្របសម្រួល ក្នុងការជួយគ្នាទៅវិញទៅមក ដោយបន្ធូរបន្ថយស្ថានភាពតានតឹងនៃវិបត្តិជំងឺកូវីដ-១៩នេះ។ ម្ចាស់ផ្ទះ ស៊ីហ្គេម វៀតណាមនឹងកំណត់ការបរិច្ឆេទច្បាស់លាស់ ថាតើពីថ្ងៃណាដល់ថ្ងៃណា? ក្នុងចន្លោះខែមេសា ដល់ខែឧសភា ក្នុងឆ្នាំ២០២២ ជូនក្រុមប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍ ឆាប់ៗខាងមុខនេះ ក្រោយដាក់សំណើរនេះជូនដល់រដ្ឋាភិបាលរបស់ខ្លួនរួចរាល់ហើយនោះ៕

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Facebook