Connect with us

ព័ត៌មានជាតិ

អង្គការ BirdLife ជំរឿនសត្វត្មាតកម្ពុជា រកឃើញត្មាតចំនួន១២១ក្បាល

(ភ្នំពេញ)៖ អង្គការជីវិតសត្វស្លាបអន្តរជាតិ BirdLife បានឱ្យដឹងនៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១ នេះថា ការធ្វើជំរឿនសត្វត្មាតកម្ពុជាធ្វើឡើងចំនួន៥ដងក្នុងមួយឆ្នាំ គឺនៅថ្ងៃទី១០ខែមីនា ថ្ងៃទី១០ខែមិថុនា ថ្ងៃទី២០ខែមិថុនា ថ្ងៃទី២០ខែកញ្ញា និងថ្ងៃទី២០ខែធ្នូ ជារៀងរាល់ឆ្នាំ ដោយ ឆ្នាំនេះរកឃើញសត្វត្មាតចំនួន១២១ក្បាល ត្រូវបានកត់ត្រាក្នុងពេលជំរឿនសត្វត្មាត ទាំង៥ ដងនោះ។

កាលពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២១ កន្លងទៅនេះ ក្រុមការងារអភិរក្សសត្វត្មាតកម្ពុជា បានធ្វើជំរឿនសត្វត្មាតទូទាំងប្រទេស ដែលមានអាហារដ្ឋានត្មាតចំនួន៤ចូលរួម អាហារដ្ឋាន ត្មាតស្ថិតនៅក្នុងដែនជម្រកសត្វព្រៃសៀមប៉ាង ក្នុងខេត្តស្ទឹងត្រែង អាហារដ្ឋានត្មាត ដែន ជម្រកសត្វព្រៃឆែបក្នុងខេត្តព្រះវិហារ អាហារដ្ឋានត្មាតដែនជម្រកសត្វព្រៃ សំបូរក្នុង ខេត្តក្រចេះ និងអាហារដ្ឋានត្មាតដែនជម្រកសត្វព្រៃស្រែពកនៃខេត្តមណ្ឌលគិរី។

ជាលទ្ធផលនៃការធ្វើជំរឿនសត្វត្មាតទូទាំងប្រទេស កាលពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២១ ក្រុមការងារអភិរក្សសត្វត្មាតកម្ពុជាបានកត់ត្រាវត្តមានសត្វត្មាតបានចំនួន១២១ ក្បាល ក្នុងនោះមានត្មាតភ្លើង ២០ក្បាល ត្មាតផេះ ៦៦ក្បាល និងត្មាតត្នោត ៣៥ក្បាល។

ដោយឡែកលទ្ធផលនៃការជំរឿនកាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១ សត្វត្មាត ចំនួន ៨២ក្បាល ក្នុងនោះមាន ត្មាតភ្លើង ១៣ក្បាល ត្មាតផេះ ៤២ក្បាល និងត្មាតត្នោត ២៧ក្បាល។ ការអង្កេតតាមដានពីប្រជាសាស្រ្តសត្វត្មាតដែលជិតផុតពូជនេះ នឹងបន្តធ្វើជារៀងរាល់ឆ្នាំ ដើម្បីតាមដាននិន្នាការប្រជាសាស្រ្ត និងធ្វើឱ្យប្រសើរឡើងនៅសកម្មភាពអភិរក្ស។

ក្រុមការងារអភិរក្សសត្វត្មាតកម្ពុជា មានការចូលរួមដោយ ក្រសួងបរិស្ថាន ក្រសួង កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អង្គការជីវិតសត្វស្លាបអន្តរជាតិ(BirdLife) អង្គការមូលនិធិ សកលសម្រាប់ធម្មជាតិ(WWF) មជ្ឈមណ្ឌលអង្គរដើម្បីអភិរក្សជីវៈចម្រុះ(ACCB) អង្គការ សមាគមអភិរក្សសត្វព្រៃ(WCS) អង្គការជីវិតធម្មជាតិកម្ពុជា(NLC) ក្រុមហ៊ុន Rising Phoenix អង្គការCBGA ក្រុមហ៊ុនSVC Tour និង មជ្ឈមណ្ឌលអភិរក្សជីវចម្រុះ(CBC) ៕

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Facebook