Connect with us

ព័ត៌មានជាតិ

ក្រសួងសុខាភិបាលនិងអាជ្ញាធររាជធានីភ្នំពេញបង្ហាញនីតិវិធី និងយន្ដការដាក់ព្យាបាលតាម ផ្ទះអ្នកជំងឺកូវីដ១៩ កម្រិតស្រាល និងគ្មានរោគសញ្ញា ក្នុងភូមិសាស្រ្ដរាជធានីភ្នំពេញ

(ភ្នំពេញ)៖ ក្រសួងសុខាភិបាល និងអាជ្ញាធររាជធានីភ្នំពេញបានបង្ហាញអំពីគោលការណ៍អនុវត្ដន៍សម្រាប់អ្នកជំងឺកូវីដ១៩នៅតាមផ្ទះ ក្នុងការផ្សព្វផ្សាយជូនដល់ប្រជាពលរដ្ឋឱ្យដឹងពីយន្ត ការក្នុងការដាក់ខ្លួនព្យាបាល និងនីតិវិធីក្នុងការព្យាបាលកុំឱ្យឆ្លងដល់សមាជិកគ្រួសារ ក៏ ដូចជាសហគមន៍ ដើម្បីធ្វើយ៉ាងណាឱ្យពលរដ្ឋដឹងពីរោគសញ្ញាស្រាលរបស់ជំងឺកូវីដ១៩។

ក្នុងសន្និសីទសារព័ត៌មានស្តីពីស្ដីពីការផ្សព្វផ្សាយនីតិវិធី និងយន្ដការដាក់ព្យាបាលតាម ផ្ទះចំពោះអ្នកជំងឺកូវីដ១៩ កម្រិតស្រាល និងគ្មានរោគសញ្ញា នៅក្នុងភូមិសាស្រ្ដរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១ នៅសាលារាជធានីភ្នំពេញ ឯកឧត្ដមវេជ្ជបណ្ឌិត ង៉ូវ កាង រដ្ឋលេខាធិការក្រសួងសុខាភិបាលបានលើកឡើងថា ការដាក់ព្យាបាល អ្នកជំងឺកូវីដ១៩កម្រិតស្រាល ឬគ្មានរោគសញ្ញានេះ គឺត្រូវបានការយកចិត្តទុកដាក់និងណែនាំពីថ្នាក់ដឹកនាំ ក៏ដូចជាអ្នកបច្ចេកទេសដោយស្មារតីប្រុងប្រយ័ត្ន និងទទួលខុស ត្រូវខ្ពស់ ជាពិសេសសម្តេចតេជោបានណែនាំឱ្យមានការពង្រីក និងពង្រឹងគុណភាព ការព្យាបាលអ្នកជំងឺកូវីដ១៩នៅតាមផ្ទះ នៅតាមតំបន់ និងរាជធានីភ្នំពេញ និងខេត្តផ្សេងៗទៀត ក្នុងករណីចាំបាច់ នឹងពិភាក្សាជាមួយអភិបាល គណៈអភិបាលខេត្តក្នុង ការដាក់អ្នកជំងឺកូវីដកម្រិតស្រាល ឬគ្មានរោគសញ្ញានៅតាមផ្ទះ។ ឯកឧត្ដមបានបញ្ជាក់ថា បច្ចុប្បន្នមណ្ឌលព្យាបាលជំងឺកូវីដ១៩នៅកម្ពុជាបានញែក និងរៀបចំទុកដាក់កន្លែងសម្រាប់ព្យា បាលអ្នកឆ្លងកូវីដមានចំនួន៣ទីតាំងគឺទី១. អ្នកជំងឺកូវីដ១៩កម្រិតស្រាលគ្មានរោគសញ្ញា ត្រូវព្យាបាលនៅតាមផ្ទះរបស់ខ្លួន ទី២. មណ្ឌលព្យាបាលកម្រិត ស្រាលរៀបចំដោយ សាលារាជធានី ខេត្ត ឬក្រុង ទៅតាមទីតាំងការចង្អុលរបស់អាជ្ញាធររាជធានី ខេត្តនោះ និងទី៣. មន្ទីពេទ្យជាកន្លែងដាក់សម្រាប់អ្នកកើតកូវីដ១៩កម្រិតធ្ងន់ (ប្រើឧស្ម័ន អុកស៊ីសែន)។

ឯកឧត្ដមវេជ្ជបណ្ឌិតបានលើកឡើងថា តាមអនុញ្ញាតឱ្យមានការយកតេស្ត ដោយផ្ទាល់ខ្លួន តាមវិស័យឯកជន បានធ្វើឱ្យកម្ពុជាមានភាពរហ័សក្នុងការ ស្វែងរកអ្នកឆ្លង ជំងឺកូវីដ១៩ថ្មីបន្ថែម ដែលចំណុចនេះសង្ឃឹមថានឹងអាចទប់ស្កាត់ឆ្លងជំងឺនេះបាន។ ឯកឧត្ដមបញ្ជាក់បន្ថែមថា “មានតែការធ្វើតេស្តរួចហើយរកឃើញកូវីដ១៩ ហើយត្រូវមានយន្តការព្យាបាលល្អ និងប្រព័ន្ធគ្រប់គ្រងការព្យាបាលតាមផ្ទះបានល្អ ត្រឹមត្រូវនោះ យើងនឹងអាចកាត់ផ្តាច់ជំងឺកូវីដ១៩បាន។ យើងកំពុងតែដើរផ្លូវត្រូវក្នុងការទប់ស្កាត់ជំងឺកូវីដ១៩ ថ្វីត្បីតតែយើងមិនទាន់យកឈ្នះលើកូវីដ១៩ ក្នុងព្រឹត្តិការណ៍២០កុម្ភៈក៏ដោយ ប៉ុន្តែ យើងកំពុង តែដើរផ្លូវត្រូវក្នុងការគ្រប់គ្រង ជំងឺកូវីដ១៩នេះ”។

លោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញបានឱ្យដឹងថា អ្នកមើលថែអ្នកជំងឺកូវីដ-១៩ និងអ្នកជំងឺព្យាបាលនៅផ្ទះ មិនត្រូវអនុញ្ញាតឱ្យចេញក្រៅផ្ទះឡើយ បើល្មើសនឹងវិធានការសុខាភិបាល ជំហ៊ានដំបូងត្រូវអប់រំពួកគាត់ បើសិននៅតែបន្ដទៀត នឹងមានវិធានការតាមផ្លូវច្បាប់ហើយ។ លោកបានបន្ដថា បើសិនអ្នកព្យាបាលជំងឺកូវីដ-១៩ នៅតាមផ្ទះ មានមចេតនាណាមួយផ្ទុយពីច្បាប់ គឺជំហ៊ានដំបូងត្រូវធ្វើការអប់រំគាត់ បើពួកគាត់នៅតែប្រព្រឹត្តទៀត នឹងមានវិធានការតាមច្បាប់។ លោកអភិបាលរងបានបន្ថែមថា “បើ គាត់ល្មើសចេញក្រៅ អីចឹងចេតនាគាត់ ដូចជាតម្រូវការទិញស្បៀង គាត់ភ្លេចទាក់ទងទៅអាជ្ញាធរ គឺនឹងធ្វើការអប់រំគាត់ជំហ៊ានទីមួយ បើជំហ៊ានទីពីរ បើសិនអប់រំគាត់ហើយ នៅតែបន្ដទៀត យើងមានវិធានការច្បាប់ វិធានការច្បាប់របស់យើង ត្រូវផាកពិន័យ ហើយការដាក់ទោសទាន់ក្នុងពន្ធនាគារ”។

លោកអភិបាលរងបានបញ្ជាក់ឱ្យដឹងដែរថា នៅពេលមានប្រជាពលរដ្ឋស្ម័គ្រចិត្តព្យាបាលនៅតាមផ្ទះ អាជ្ញាធរនឹងដាក់ផ្លាកសញ្ញាថា «មានអ្នកព្យាបាលជំងឺកូវីដ-១៩» ដាក់នៅមុខផ្ទះគាត់តែម្ដង ហើយនៅពេលជិតខាងគាត់ដឹង បើសិនគាត់មានបញ្ហាអ្វីមួយ អ្នកជិតខាងនឹងរាយការណ៍ទៅអាជ្ញាធរតាមមូលដ្ឋាន។

ឯកឧត្ដមវេជ្ជបណ្ឌិត ង៉ូវ កាង បានថ្លែងបញ្ជាក់បន្ថែមថា សមាជិកគ្រួសារដែលមានពាក់ព័ន្ធក្នុងដំបូលផ្ទះតែមួយ ត្រូវបានហាមឃាត់ក្នុងការចេញធ្វើដំណើរទៅក្រៅ ប្រកបអាជីវកម្ម ឬទៅបំពេញកិច្ចការ ក្នុងរយៈពេលដាក់អ្នកជំងឺកូវីដ១៩ ព្យាបាលក្នុងដំបូលផ្ទះតែមួយ។ មានន័យថា គាត់ប៉ះពាល់ផ្ទាល់ ប៉ុន្ដែហានិភ័យគាត់ ប្រសិនបើគាត់ចេះធ្វើបាន តាមការណែនាំរបស់វិធានសុខាភិបាល មានហានិភ័យទាប ក្នុងការចម្លង ដូច្នេះ អ្នកទាំងអស់ ត្រូវបានដាក់ខ្លួនដោយដាច់ឡែក រយៈពេល១៤ថ្ងៃ ស្មើនឹងអ្នកធ្វើចត្តាឡីស័កដែរ។

ឯកឧត្ដមក៏បានអំពាវនាវដល់អ្នកព្យាបាលជំងឺកូវីដ-១៩ នៅតាមផ្លូវត្រូវអនុវត្តន៍តាមវិធានការរបស់ក្រសួងសុខាភិបាល ហើយអ្នកនៅក្នុងផ្ទះជាមួយ ត្រូវលើកទឹកចិត្តដល់អ្នកជំងឺ ដើម្បីឱ្យអ្នកជំងឺឆាប់ជា ផងដែរ៕

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Facebook