(ភ្នំពេញ)៖ អ្នកនាំពាក្យក្រសួងអប់រំ ឯកឧត្តម ឌី ខាំបូលី តាមរយៈទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP) បានប្រកាសច្រានចោលការផ្សព្វផ្សាយព័ត៌មានមិនពិតនៅលើទំព័រហ្វេសប៊ុកដែលមានឈ្មោះថា “បាក់ឌុប២០២១” ដែលបានផ្សាយថា “សេចក្តីជូនដំណឹង ក្រសួងអប់រំ យុវជន និងកីឡា សម្រេចបើកសាលានៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១ ខាងមុខនេះហើយ! ត្រៀមខ្លួនសម្រាប់ការចូលសិក្សានៅក្នុងសាលាសារជាថ្មី…”។
ឯកឧត្តម បានបញ្ជាក់ថា ៖ “នេះជាព័ត៌មានក្លែងក្លាយ ហើយរហូតមកទល់ពេលនេះ ក្រសួងអប់រំបាន និងកំពុងសិក្សាករណីនៃការបើកសាលារៀនឡើងវិញប៉ុណ្ណោះ (មិនទាន់អនុញ្ញាតឱ្យបើកទេ) ក៏ព្រោះតែស្ថានភាពនៃការរីករាលដាលវីរុសកូវីដ-១៩ នៅកម្ពុជា ហាក់ពុំទាន់ថមថយនៅឡើយ”។
សូមរម្លឹកថា ក្រសួងអប់រំ យុវជន និងកីឡា បានសម្រេចផ្អាកដំណើរការគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជនទាំងអស់នៅទូទាំងប្រទេស តាំងពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២១ មកម៉្លេះ ដើម្បីបង្ការកុំឱ្យមានការចម្លងជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍ទ្រង់ទ្រាយកាន់តែធំ ដោយតម្រូវឱ្យបន្តដំណើរការបង្រៀន និងរៀនតាមប្រព័ន្ធអេឡិចត្រូនិក៕
