Connect with us

ព័ត៌មានជាតិ

មន្ត្រីសុខាភិបាលខេត្តសៀមរាប អំពាវនាវដល់ប្រជាពលរដ្ឋទូទៅមិនគួរធ្វើតេស្ដរហ័សរកមេរោគកូវីដ-១៩ ដោយខ្លួនឯងទេ ប្រសិនបើមិនមានការយល់ពីបច្ចេកទេសក្នុងការប្រើប្រាស់ឧបករណ៍ !

សៀមរាប៖ លោកវេជ្ជបណ្ឌិត សូរ សុទ្ធី ប្រធានការិយាល័យបង្ការ និងគ្រប់គ្រងជំងឺ នៃមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តសៀមរាប បានបញ្ជាក់កាលពីល្ងាចថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១ ក្នុងកម្មវិធីផ្សាយផ្ទាល់ ” បច្ចុប្បន្នភាពសៀមរាប-អង្គរ ៉ របស់ទូរទស្សន៍ជាតិខេត្តសៀមរាបនេះថា ចំពោះឧបករណ៍ធ្វើតេស្ដរហ័សRapid test រកមេរោគកូវីដ-១៩ ដែលក្រសួងសុខាភិបាល ទទួលស្គាល់ និង អនុញ្ញាតឲ្យប្រើប្រាស់ គឺមានចំនួន០៤ប្រភេទដូចជា៖ PANBIO Covid-19 Ag Rapid Test Device របស់ក្រុមហ៊ុន Abbott , SARs-CoV2 Rapid Antigen Test របស់ក្រុមហ៊ុន Roche , Rapid Antigen test Covid-19 និង Standard Q COVID-19 ag Test របស់ក្រុមហ៊ុន SD Biosensor ដែលមានលក្ខខណ្ឌប្រើប្រាស់ខុសៗពីគ្នា ដោយទាមទារឲ្យប្រជាពលរដ្ឋទូទៅ ដែលចង់ប្រើប្រាស់ដោយខ្លួនឯង ត្រូវតែមានអ្នកជំនាញយ៉ាងហោចណាស់ម្នាក់ ដើម្បីអាចទុកចិត្តបានថា លទ្ធផលតេស្ដត្រឹមត្រូវពិតប្រាកដ។

លោកវេជ្ជបណ្ឌិត សូរ សុទ្ធី បញ្ជាក់បន្ថែមថា ឧបករណ៍ធ្វើតេស្ដរហ័សនេះ គឺទាមទារឲ្យអ្នកប្រើប្រាស់ស្វែងយល់ពីរបៀបប្រើប្រាស់ឲ្យបានច្បាស់ ទើបនៅពេលយកសំណាក មិនបានធ្វើឲ្យមានការភ័ន្ដច្រឡំថាខ្លួនអវិជ្ជមាន ដែលមានហានិភ័យខ្ពស់ក្នុងការចម្លងទៅអ្នកដទៃ ដោយលោកថា ការទៅរកសេវាធ្វើតេស្ដនៅមន្ទីរពេទ្យ គឺប្រសើរជាងធ្វើតេស្ដដោយខ្លួនឯង ។

សូមជម្រាបថា កាលពីដើមខែកក្កដាកន្លងទៅ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានណែនាំឱ្យបញ្ចេញឧបករណ៍ធ្វើតេស្តរហ័ស ក៏ដូចជាបរិក្ខាផ្សេងៗទៀត ឱ្យបានទាន់ពេលវេលាទៅតាមបណ្តាខេត្ត ហើយក្រសួងសុខាភិបាលត្រូវធ្វើការកែតម្រូវលើការងារមួយចំនួន មិនត្រូវបន្តការអភិរក្សនិយមទៀតនោះទេ ដោយត្រូវផ្គត់ផ្គង់ឱ្យគ្រប់គ្រាន់សម្រាប់ការធ្វើចត្តាឡីស័ក ត្រូវពិនិត្យការសាងសង់បរិក្ខារផ្សេងៗនៅតាមមណ្ឌលធ្វើចត្តាឡីស័កជាដើម៕



Click to comment

Leave a Reply

Your email address will not be published.

Facebook