Connect with us

ព័ត៌មានជាតិ

នៅថ្ងៃទី១៥ស្អែកនេះ ស្រុកប្រាសាទបាគង នឹងចាប់ផ្ដើមចាក់វ៉ាក់សាំងការពារជំងឺកូវី-១៩ ជូនប្រជាពលរដ្ឋក្នុងស្រុក ខណៈស្រុកសូទ្រនិគមនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៦ ខែកក្កដានេះ រីឯស្រុកផ្សេងទៀតនឹងជូនដំណឹងពេលក្រោយ

តាមបណ្ដាញទំនាក់ទំនងសង្គម «ហ្វេសប៊ុក» ផ្លូវការរបស់រដ្ឋបាលខេត្តសៀមរាប បានឲ្យដឹងថា  រដ្ឋបាលខេត្តនឹងរៀបចំការចាក់វ៉ាក់សាំងការពារជំងឺកូវី-១៩ ដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋដែលរស់នៅស្រុកប្រាសាទបាគង  ចាប់ពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១នេះតទៅ ក្នុងនោះមានតាំងស្ថិតក្នុងបរិវេណអនុវិទ្យាល័យហ៊ុន សែន រលួស និង ចំនួន ០៨ទីតាំងទៀត ដែលអាជ្ញាធរស្រុក និង ឃុំ បានរៀបចំនៅតាមភូមិក្នុងឃុំនីមួយៗ និងស្រុកសូទ្រនិគម នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១ ដែលស្ថិតក្នុងបរិវេណភោជនីដ្ឋានពេញចិត្ត ខណៈស្រុកផ្សេងទៀតនឹងជូនដំណឹងពេលក្រោយ ។

ការប្រកាសចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋក្នុងស្រុកចំនួន០២នេះ គឺបន្ទាប់ពីចុះត្រួតពិនិត្យទីតាំងចាក់វ៉ាក់សាំងការពារជំងឺកូវី-១៩ ជូនប្រជាពលរដ្ឋដែលរស់នៅស្រុកប្រាសាទបាគង និងស្រុកសូទ្រនិគម កាលពីរសៀលទី១៣ ខែកក្កដា ឆ្នាំ២០២១ ពីសំណាក់ក្រុមការងារចម្រុះរបស់ខេត្ត ដឹកនាំដោយលោកស្រី យូ សុភា អភិបាលរងខេត្ត និងជាប្រធានក្រុមការងារទី២ នៃក្រុមការងារទទួលបន្ទុកនិងសម្របសម្រួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដែលទទួលមុខព្រួញនៅស្រុកពួក ស្រុកប្រាសាទបាគង និងស្រុកសូទ្រនិគម ។

លោក សុខ ថុល នាយករដ្ឋបាលសាលាខេត្តសៀមរាប បានឲ្យដឹងថា ក្នុងរយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី១០ មកដល់ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២១ មានព្រះសង្ឃ និងបងប្អូនប្រជាពលរដ្ឋនៅទូទាំងក្រុងសៀមរាប សរុបចំនួន៦៣.៧៨៩នាក់ ក្នុងនោះស្រីចំនួន ៣៣.៩៣០នាក់ បានទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវី-១៩ ដូសទី១ រួចរាល់ហើយ ។

គួររំលឹកថា ការចាក់វ៉ាក់សាំងការពារជំងឺកូវី-១៩ ដោយឥតគិតថ្លៃ ជូនដល់ប្រជាពលរដ្ឋក្នុងខេត្តសៀមរាបនាពេលនេះ ត្រូវបានរដ្ឋបាលខេត្ត រៀបចំបែងចែកជាពីរជំហាន ក្នុងនោះជំហានទី១ គឺសម្រាប់បងប្អូនប្រជាពលរដ្ឋមានទីលំនៅក្នុងក្រុងសៀមរាប ដែលបានដំណើរការចាក់វ៉ាក់សាំង តាំងពីថ្ងៃទី១០ ខែកក្កដា មកម៉្លេះក្នុងគម្រោងផែនការរយៈ១៤ថ្ងៃ ដោយគ្រោងនឹងបញ្ចប់នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១ខាងមុននេះ និង ជំហានទី២ គឺសម្រាប់បងប្អូនប្រជាពលរដ្ឋមានទីលំនៅតាមបណ្ដាស្រុក ខណៈស្រុកប្រាសាទបាគងនេះ បានចាប់ផ្ដើមចាក់វ៉ាក់សាំងមុនគេ ។

ការវ៉ាក់សាំងនាពេលនេះ គឺចាក់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ប៉ុន្តែប្រការដែលសំខាន់នោះ គឺបងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលមកទទួលការចាក់វ៉ាក់សាំងនាពេលនេះ សូមចូលរួមអនុវត្តរក្សាគម្លាត សណ្តាប់ធ្នាប់ នៅទីតាំងចាក់វ៉ាក់សាំង តាមសង្កាត់នីមួយៗ សូមកុំប្រជៀត និង ដណ្តើមគ្នា ព្រោះបងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលមានអាយុចាប់ពី១៨ឆ្នាំឡើង នឹងទទួលបានការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ នេះគ្រប់ៗគ្នា នៅតាមទីតាំងដែលបានកំណត់ ។

ក្នុងឱកាសនេះដែរ រដ្ឋបាលខេត្តក៏ដូចជាប្រជាពលរដ្ឋ បានថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា គណៈកម្មការកាតព្វកិច្ចចាក់វ៉ាក់សាំង និង ក្រុមការងារចាក់វ៉ាក់សាំងទាំងអស់ ដែលបានរៀបចំនិងបានចាក់វ៉ាក់សាំងជូនដល់ប្រជាពលរដ្ឋក្នុងខេត្តសៀមរាបនាពេលនេះ ៕

 

 

Click to comment

Leave a Reply

Your email address will not be published.

Facebook