ក្នុងឱកាសមកទទួលការចាក់វ៉ាក់សាំងកាពារជំងឺកូវីដ-១៩ ក្នុងយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនដល់ប្រជាពលរដ្ឋដែលមានទីលំនៅក្នុងក្រុងសៀមរាប កាលពីព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២១នេះ ប្រជាពលរដ្ឋជាច្រើននាក់រស់នៅក្នុងសង្កាត់សៀមរាប បានសម្ដែងនូវការអរគុណជាអនេកចំពោះរាជរដ្ឋាភិបាលកម្ពុជា ជាពិសេសចំពោះសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលសម្តេចបានខិតខំប្រឹងប្រែង និង រិះគិតគ្រប់មធ្យោបាយ ស្វែងរកវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដើម្បីយកចាក់ជូនពួកគាត់ដោយមិនគិតថ្លៃ ដែលនេះសរបញ្ជាក់ឲ្យឃើញកាន់ច្បាស់ថា សម្ដេចតេជោ ហ៊ុន សែន ពិតជាមេដឹកនាំដ៏ល្អរបស់ប្រជាជនកម្ពុជា តាំងពីការសង្គ្រោះប្រជាជនកម្ពុជាចេញពីរបបកម្ពុជាប្រជាធិបតេយ្យប្រល័យពូជសាសន៍ នាថ្ងៃទី០៧ ខែមករា ឆ្នាំ១៩៧៩ និង ការស្វែងរកសន្តិភាពជូនប្រទេសជាតិ ក៏ដូចជាជូនដល់ប្រជាពលរដ្ឋ តាមរយៈគោលនយោបាយឈ្នះឈ្នះ នាឆ្នាំ១៩៩៨ ។
ពួកគាត់បានឲ្យដឹងទៀតថា ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការការពារ និង ទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ ពួកគាត់បានទទួលស្ម័គ្រចិត្ដមកទទួលការចាក់វ៉ាក់សាំងនេះ ដើម្បីជួយការពារជីវិតរបស់ពួកគាត់ពីសេចក្ដីស្លាប់ និង សន្យាអនុវត្តឲ្យបានខ្ជាប់ខ្ជួន តាមវិធានការនានារបស់ក្រសួងសុខាភិបាល ជាពិសេសវិធានការរបស់រាជរដ្ឋាភិបាល គឺ ៣កុំ និង ៣ការពារ ។
ជាមួយគ្នានេះដែរ ព្រះសច្ចានុបាល ភទ្ទកោ នឿម វុទ្ធី ព្រះរាជាគណៈកិត្តិយស និងជាព្រះគ្រូចៅអធិការវត្តបារាយមហានទីរតនារាម ហៅវត្តស្វាយរមៀត ស្ថិតក្នុងសង្កាត់ទឹកវិល បានមានសង្ឃដីកាថា ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាការការពារនៃជំងឺឆ្លងដ៏កាចសាហាវដែលកំពុងតែរីករាលដាលទូទាំងពិភពលោកនោះ ព្រះអង្គបានដឹកនាំព្រះសង្ឃជាក្នុងវត្ត ស្ម័គ្រចិត្តមកទទួលការចាក់វ៉ាក់សាំងកាពារជំងឺកូវីដ-១៩ នាពេលនេះ ដូច្នេះក្នុងឱកាសនេះសូមអរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជា ជាពិសេសចំពោះសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលសម្តេចបានខិតខំប្រឹងប្រែង និង ស្វែងរកវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដើម្បីយកចាក់ជូនប្រជាពលរដ្ឋដោយមិនគិតថ្លៃ ។
លោកឧត្ដមសេនីយ៍ទោ សុក រីនណា នាយសេនាធិការយោធភូមិភាគទី៤ និងប្រធានក្រុមការងារចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ បានមានប្រសាសន៍ថា ការផ្ដល់វ៉ាក់សាំងចាក់ជូនដល់ប្រជាពលរដ្ឋនេះ ធ្វើឡើងតាមគោលការណ៍ស្ម័គ្រចិត្ដ មិនប្រកាន់និន្នាការនយោបាយ បក្សពួកនិយម ជនបរទេស ពោលប្រជាពលរដ្ឋណាដែលមានអាយុចាប់ពី១៨ឆ្នាំឡើងទៅ ។
គួររំលឹកថា យុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនដល់ប្រជាពលរដ្ឋរស់នៅក្នុងក្រុងសៀមរាប ប្រព្រឹត្តទៅមានរយៈពេល១៤ថ្ងៃ ដោយគិតចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១ នៅតាមទីតាំងដែលបានកំណត់ចំនួន ៣៨ ទីតាំង ដែលពេលព្រឹកចាប់ពីម៉ោង ៨ ដល់ម៉ោង ១១:៣០នាទី និងពេលរសៀលចាប់ ពីម៉ោង ១៤ ដល់ម៉ោង១៧ ជាប្រភេទវ៉ាក់សាំង Sinopharm ដែលជាអំណោយដ៏ថ្លៃថ្លារបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ចំនួន ៨២ម៉ឺនដុស ហើយគិតចាប់ពីថ្ងៃទី១០ ដល់ល្ងាចថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១នេះ មានព្រះសង្ឃ និងប្រជាពលរដ្ឋក្នុងក្រុងសៀមរាបជាង៤៤.៩០០ អង្គ/នាក់ បានទទួលការចាក់វ៉ាក់សាំងដូសទី១ ៕




