Connect with us

កងកម្លាំងប្រដាប់អាវុធ

តោះ! មកដឹងពីប្រវត្តិត្រួសៗ នៃកំណើតកងរាជអវុធហត្ថ

ភ្នំពេញ៖ ថ្ងៃទី ១៤ ខែកក្កដា ឆ្នាំ ២០២១ គឺជាខួបទី ២៨ នៃថ្ងៃបង្កើតកងរាជអាវុធហត្ថ ដែលត្រូវបានបង្កើតឡើងនៅក្នុងរបបសង្គមរាស្ត្រនិយម ​តាមព្រះរាជក្រឹត្យ​លេខ​៤៤៦SN​និង៤៤៧SN ចុះថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ១៩៥៧ ។ ប៉ុន្តែដោយសារការវិវត្ត​នៃ​របប​នយោ​បាយ ​​​កងរាជ​អាវុធហត្ថខ្មែរ ត្រូវបានប្តូរឈ្មោះទៅជា កងអាវុធហត្ថជាតិ តាមក្រឹត្យលេខ៥៧៤/៧១ ក្នុង​របប​សាធារណរដ្ឋខ្មែរ ​​ឆ្នាំ​១៩៧១។

ពាក្យថា “កងរាជអាវុធហត្ថ=កង+រាជ+អាវុធ+ហត្ថ” បើយោងតាមវចនានុក្រមសម្តេចសង្ឃ ជួន ណាត៖ “កង” មានន័យថា ពួក ក្រុម កងទ័ព, “រាជ” មានន័យថា អ្នករុងរឿងដោយវិសេសព្រោះមានតេជះក្រៃលែង អ្នកញ៉ាំងប្រជាពលរដ្ឋឱ្យរីករាយ, “អាវុធ” មានន័យថា​ គ្រឿងប្រហារ ឬគ្រឿងចម្បាំងផ្សេងៗ “ហត្ថ” មានន័យថា ដៃ។ ជារួមមក ពាក្យថា កងរាជអាវុធហត្ថ យើងអាចឱ្យអត្ថន័យបានថា គឺជាក្រុម ឬកងប្រដាប់ដោយគ្រឿងចម្បាំងផ្សេងៗ ញ៉ាំងប្រជាពលរដ្ឋឱ្យរីករាយ។

ក្រឡេកទៅមើលដំណើរការនៃការវិវត្ដន៍របស់ កងរាជអាវុធហត្ថ បានឲ្យឃើញថា ក្រោយបង្កើតឡើងនៅឆ្នាំ ១៩៥៧ ស្រាប់តែត្រូវបានលុបបំបាត់ចោលទៅវិញ ដោយសារប្រទេសកម្ពុជាបានធ្លាក់ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ អំឡុងឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៧៩ ។ ​ហើយនៅចន្លោះឆ្នាំ១៩៧៩ ដល់​ឆ្នាំ​១៩៩៣ ប្រទេសកម្ពុជាគ្មានកម្លាំងកងរាជអាវុធហត្ថទេ គឺមានតែកម្លាំងតម្រួតយោធាដែល​ធ្វើកិច្ចការខាង​ត្រួតត្រា​បទ​បញ្ជានិងពិនិត្យវិន័យ សណ្តាប់ធ្នាប់កងទ័ពតែប៉ុណ្ណោះ។

នៅក្នុងគ្រាអនុវត្ត​នយោបាយ​បង្រួប​បង្រួម​​ជាតិ នាំ​ដល់​ការ​បង្រួបបង្រួមកងទ័ពនៃបណ្តាភាគីជម្លោះ ឱ្យទៅជាកងទ័ពជាតិតែមួយ ដោយស្មារតីនេះ​ហើយ ត្រូវបានបង្កើតអគ្គសេនាធិការដ្ឋាននៃកងទ័ពជាតិកម្ពុជា តាមក្រឹត្យ​ចុះថ្ងៃ​ទី​១៤ ខែកក្កដា ឆ្នាំ១៩៩៣ ក្នុងរចនាសម្ពន្ធចាត់តាំងអគ្គសេនាធិការដ្ឋានក៏មានកងអាវុធហត្ថផង​ដែរ ហេតុដូចនេះហើយ បានជាយើងចាត់ទុកថ្ងៃទី១៤ កក្កដា ១៩៩៣ ជាទិវាបង្កើតកងរាជអាវុធហត្ថ។

​នៅគ្រាដំបូង​យើង​មានតែបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេសមួយប៉ុណ្ណោះ និងបន្ទាប់មកទើបរៀបចំ​តាម​បណ្តា​រាជ​ធានី ខេត្ត​មួយចំនួនដែលចាំបាច់​ក្នុងនោះមានជាអាទិ៍ ​សេនាធិការដ្ឋាន​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ក្រុង​ប៉ៃលិន ខេត្តបន្ទាយមានជ័យ ខេត្តបាត់ដំបង ខេត្តកំពង់ចាម ក្រុងព្រះសីហនុ និងខេត្ត​សៀមរាប។ លុះដល់ពាក់កណ្តាលឆ្នាំ១៩៩៥ ត្រូវបានបង្កើតបញ្ជាការដ្ឋានកងរាជអាវុធហត្ថគ្រប់ខេត្ត ហើយមកដល់បច្ចុប្បន្នមាន២៥រាជធានី ខេត្ត មានកងរាជអាវុធហត្ថចល័ត និងមានសាលាចំនួន២​ ក្នុង​នោះមានសាលាកំបូល និងមជ្ឈមណ្ឌលហ្វឹកហ្វឺនភ្នំជុំរាយ។

បេសកកម្មរបស់កងរាជអាវុធហត្ថមានចែងក្នុងមាត្រា៤នៃអនុក្រឹត្យលេខ៧៧ អនក្រ ដូចតទៅ៖
១-រ៉ាប់រងសកម្មភាពខាងប៉ូលិសរដ្ឋបាល៖ រក្សាសុវត្ថិភាពសណ្តាប់ធ្នាប់សាធារណៈសន្តិសុខ​សង្គមនិងជួយ​សង្គ្រោះប្រជាពលរដ្ឋគ្រប់ពេលវេលា។ កងរាជអាវុធហត្ថរ៉ាប់រង​ឱ្យមាន​ការ​គោរព​​ច្បាប់​និងបទ​បញ្ជា​ទាំងឡាយ។
២-រ៉ាប់រងសកម្មភាពខាងប៉ូលិសតុលាការ៖ កងរាជអាវុធហត្ថ ជានគរបាលយុត្តិធម៌នៅពេល​ដែល​​​​ទ​ទួលបាននីតិសម្បទា​តាម​ក្រម​​​នីតិវិធីព្រហ្មទណ្ឌ។ កងរាជអាវុធហត្ថ​​ពិនិត្យ​បទល្មើស​ព្រហ្មទណ្ឌ ទទួលពាក្យបណ្តឹងស្វែងរកវត្ថុតាង ចាប់យកវត្ថុតាង និងអាច​ឃា​ត់​ខ្លួន​បុគ្គល​ដែល​​ប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌដែលមានចែងក្នុងច្បាប់ជាធរមាន។
៣-បំពេញបេសកកម្មដែលមានលក្ខណៈពិសេសខាងយោធា៖ ទទួលបន្ទុករក្សាសុវត្ថិភាព​បំពេញ​​​តួនាទី​ជា​កងកិត្តិយសការពារ​ទីតាំង​យោធា និងកិច្ចការ ប៉ូលីសយោធានៅក្នុង​និង​ក្រៅ​​ទីតាំង​កងទ័ព។ ៤-ផ្តល់កម្លាំងទៅជួយក្រសួងនានាដែលបានស្នើ​សុំតាម​សេចក្តី​ត្រូវ ការ​​ចាំបាច់។

បច្ចុប្បន្ននេះ កងរាជអាវុធហត្ថ គឺជាអង្គភាពទ័ពជំនាញមួយ ជាផ្នែកមួយនៃកងយោធពលខេមរភូមិន្ទ មានការអភិវឌ្ឍគ្រប់ផ្នែកដូចជា ការកសាងកម្លាំង ការកសាងហេដ្ឋារចនាសម្ពន្ធជំរំជម្រក ការអប់រំហ្វឹកហ្វឺនរៀនសូត្រ ការងារប្រតិបត្តិការតួនាទីភារកិច្ច ជាពិសេសក្រោមការដឹកនាំបញ្ជារបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស រយៈកន្លងទៅនេះ មានការលេចធ្លោបង្កើតបាននូវស្នាដៃនិងសមិទ្ធផលធំៗជាច្រើន។

កងរាជអាវុធហត្ថបានត្រៀម​កម្លាំងនិងមធ្យោបាយ ក្នុងការបំពេញតួនាទីភារកិច្ច ជាពិសេសអនុវត្តបទបញ្ជា គ្រប់កាលៈទេសៈ គ្រប់ពេលវេលា ដើម្បីរក្សាឱ្យបានសុខសន្តិភាព សុវត្ថិភាព ស្ថិរភាព សណ្តាប់ធ្នាប់សាធារណៈ និងរបៀបរៀបរយសង្គមជូនប្រជាជននិងប្រទេសជាតិ ៕

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Facebook